ខេត្តបន្ទាយមានជ័យ ៖ កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូ ។
បើតាមកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានអោយដឹងថា កាលពីវេលាម៉ោង១៩និង៣០នាទីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ អ៊ឹម លក្ខិណា ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ករណីលួចមានស្ថានទម្ងន់ទោស(ម៉ូតូ) ប្រព្រឹត្តកាលពីវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្រោយពីទទួលបានពាក្យបណ្ដឹង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះទៅដល់កន្លែងកើតហេតុ ហើយធ្វើការស្រាវជ្រាវរកមុខសញ្ញា រហូតដល់វេលាម៉ោង២៣និង៣០នាទី ថ្ងៃទី ខែឆ្នាំដដែល បានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៣នាក់ រួមមាន ៖
១. ឈ្មោះ វ៉ាត ពេជ្រ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ
២. ឈ្មោះ សេក ឆៃយ៉ា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ
៣. ឈ្មោះ កាក់ បាវ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ។
ការឃាត់ខ្លួនមុខសញ្ញាទាំង៣នាក់នេះ ធ្វើឡើងនៅចំណុចមុខកាស៊ីណូហ្គោដវើល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ អូរជ្រៅ ក្រុងប៉ោយប៉ែត រួមទាំងដកហូតវត្ថុតាង ហើយមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំ និងធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផលវិជ្ជមានទាំង៣នាក់ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះ ពិតប្រាកដមែន ។
ដោយផ្អែកតាមចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្ត តាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ។ ចំណែកម៉ូតូ ត្រូវបានប្រគល់ជូនជនរងគ្រោះវិញ ផងដែរ ៕
ចែករំលែកព័តមាននេះ