ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជនអាមេរិកជិត២៥លាននាក់បោះឆ្នោតរួចរាល់ហើយ មុនថ្ងៃកំណត់​ចូលមកដល់

4 អាទិត្យ មុន

សហរដ្ឋអាមេរិក ៖ នៅសល់រយៈពេល១២ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋ​អាមេរិកនឹងចាប់ផ្តើមនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ ប៉ុន្តែមកទល់ពេលនេះ ប្រជាជនអាមេរិកជាង ២៤.៧លាននាក់បានបោះឆ្នោតរួចរាល់ហើយ ទាំងតាមរយៈការបោះឆ្នោតពីចម្ងាយតាមប្រៃសណីយ៍…

សហរដ្ឋអាមេរិក ៖ នៅសល់រយៈពេល១២ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋ​អាមេរិកនឹងចាប់ផ្តើមនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ ប៉ុន្តែមកទល់ពេលនេះ ប្រជាជនអាមេរិកជាង ២៤.៧លាននាក់បានបោះឆ្នោតរួចរាល់ហើយ ទាំងតាមរយៈការបោះឆ្នោតពីចម្ងាយតាមប្រៃសណីយ៍ និងការទៅបោះឆ្នោតដោយផ្ទាល់ ដែលត្រូវបានស្គាល់ថា «ការបោះឆ្នោតមុនថ្ងៃកំណត់» ដោយចាប់ផ្តើមដំបូងការប្រកួតប្រជែងតំណែងប្រធានាធិបតីរវាងអនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស (Kamala Harris) និងអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ (Donald Trump)។ នេះបើយោងតាមប្រភពពីសារព័ត៌មាន CNN ចេញផ្សាយនៅព្រឹកថ្ងៃទី២៤ ខែតុលា។

បច្ចុប្បន្នទូរទស្សន៍ CNN កំពុងតែតាមដានថា តើរដ្ឋណាខ្លះកំពុងបោះឆ្នោតមុនថ្ងៃបោះឆ្នោតធំ ឬ Early Voting ក្នុងរដ្ឋចំនួន ៣៦ ដែលផ្តល់ការបោះឆ្នោតមុនថ្ងៃកំណត់ ក៏ដូចជាតាមដានចំនួនអ្នកបោះឆ្នោតមុនថ្ងៃកំណត់ ធៀបនឹងរយៈពេល៤ឆ្នាំមុន នៅពេលការបោះឆ្នោតមុនថ្ងៃកំណត់ឈានដល់កម្រិតខ្ពស់បំផុតជាប្រវត្តិសាស្ត្រ អំឡុងជំងឺកូវីដ១៩។ គណបក្សប្រជាធិបតេយ្យទទួលបានអត្ថប្រយោជន៍ដ៏ធំធេងលើគណបក្សសាធារណរដ្ឋក្នុងការបោះឆ្នោតមុនថ្ងៃកំណត់ កាលពី៤ឆ្នាំមុន។ ប៉ុន្តែគម្លាតអាចកាន់តែរួមតូចនៅពេលនេះ ខណៈដែលមន្ត្រីជាន់ខ្ពស់គណបក្សសាធារណរដ្ឋបានជំរុញឱ្យអ្នកគាំទ្រខ្លួនទទួលយកការបោះឆ្នោតរបៀបនេះ។

ការទៅបោះឆ្នោតមុនថ្ងៃកំណត់ដោយផ្ទាល់នៅកន្លែងបោះឆ្នោត នៅឆ្នាំនេះ អាចមានច្រើនក្នុងរដ្ឋ Minnesota, South Dakota និង Virginia ក្នុងសប្តាហ៍នេះ ខណៈរដ្ឋមួយចំនួនទៀតបានដំណើរការបោះឆ្នោតពីចម្ងាយតាមប្រៃសនីយ តាំងពីដើមខែតុលានេះ។ ទាំងពីររបៀបនេះ គឺជាទម្រង់នៃការបោះឆ្នោតមុនថ្ងឌកំណត់ ដែលជាចំណុចសំខាន់នៃការបោះឆ្នោតនៅសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយក៏បានក្លាយជាគោលដៅនៃការចោទប្រកាន់ពីការក្លែងបន្លំសន្លឹកឆ្នោតផងដែរ។

អ្នកតស៊ូមតិសិទ្ធិមនុស្សធ្លាប់បានលើកឡើងថា ឱកាសបោះឆ្នោតមុនថ្ងៃកំណត់ ជួយធានាឱ្យប្រជាពលរដ្ឋកាន់តែច្រើនអាចបោះឆ្នោតបានដោយមិនគិតពីផលលំបាកនៃពិការភាព ឧបសគ្គពេលវេលា ការងារ ការធ្វើដំណើរ ឬកត្តាផ្សេងទៀត ដែលអាចរារាំងពួកគេនៅថ្ងៃបោះឆ្នោតធំត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា។

ការបោះឆ្នោតមុនថ្ងៃកំណត់ ក៏ផ្តល់ឱកាសមួយក្នុងការបង្កើនភាពសាទរផងដែរ។ ជាក់ស្តែង នៅពេលតារាចម្រៀង Taylor Swift ថ្មីៗនេះបានគាំទ្របេក្ខជនលោកស្រី កាម៉ាឡា ហារីស បានប្រកាសថានាងនឹងសម្តែងតន្ត្រីនៅរដ្ឋ Florida មុនពេលការបោះឆ្នោតមុនថ្ងៃកំណត់ ចាប់ផ្តើមនៅទីនោះក្នុងខែតុលា ហើយអ្នកប្រជាធិបតេយ្យក្នុងតំបន់បានចាប់យកឱកាសភ្លាមៗនៅពេលនេះ។

តើការបោះឆ្នោតមុនថ្ងៃកំណត់ ដំណើរការយ៉ាងដូចម្តេច?

ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ត្រូវបានដឹកនាំយ៉ាងទូលំទូលាយដោយរដ្ឋាភិបាលសហព័ន្ធប៉ុណ្ណោះ។ រដ្ឋរបស់អាមេរិកកំណត់ពីរបៀបនៃការបោះឆ្នោតដំណើរការ ក្នុងយុត្តាធិការរៀងៗខ្លួន។ បច្ចុប្បន្នគ្រប់រដ្ឋទាំងអស់របស់អាមេរិកអនុញ្ញាតឱ្យមានទម្រង់មួយចំនួននៃការបោះឆ្នោតមុនថ្ងៃកំណត់ ដែលអនុវត្តចាប់តាំងពីឆ្នាំ ២០០០ ហើយការបោះឆ្នោតពីចម្ងាយតាមប្រៃសណីយ៍ គឺជាជម្រើសដ៏ពេញនិយមបំផុត។

យ៉ាងហោចណាស់រដ្ឋចំនួន ៨ ក្នុងចំណោមរដ្ឋចំនួន ៥០ ម្ចាស់ឆ្នោតទាំងអស់បោះឆ្នោតតាមប្រៃសណីយ៍ ខណៈរដ្ឋចំនួន ១៤ផ្សេងទៀតអនុវត្តដូចគ្នាដែរ ប៉ុន្តែនៅតែតម្រូវឱ្យម្ចាស់ឆ្នោតផ្តល់ហេតុផលបញ្ជាក់ ហេតុអ្វីបានជាពួកគេមិនទៅបោះឆ្នោតដោយផ្ទាល់។ រដ្ឋភាគច្រើនក៏ផ្តល់ការបោះឆ្នោតដោយផ្ទាល់ផងដែរ នៅមុនថ្ងៃបោះឆ្នោតធំចូលមកដល់ លើកលែងតែរដ្ឋចំនួន៣ប៉ុណ្ណោះ ដែលមិនអនុវត្តបែបនេះ។

តើប្រជាជនអាមេរិកគ្រប់អាយុប៉ុន្មាននាក់ ជ្រើសរើសបោះឆ្នោតមុនថ្ងៃកំណត់?
ចម្លើយគឺអាស្រ័យទៅតាមឆ្នាំ។ នៅក្នុងការបោះឆ្នោតឆ្នាំ ២០២០ ធ្វើឡើងអំឡុងពេលជំងឺកូវីដ១៩ អ្នកបោះឆ្នោតជាង ១០០លាននាក់ជ្រើសយកការបោះឆ្នោតមុនថ្ងៃកំណត់ ដែលតំណាងឱ្យប្រហែល ២ភាគ៣ នៃចំនួនប្រជាជនអាមេរិកសរុបបោះឆ្នោតនៅឆ្នាំនោះ គឺជាចំនួនកំណត់ត្រាមួយ។ ប្រជាជនអាមេរិករស់នៅក្រៅប្រទេស សមាជិកយោធា និងជនពិការភាគជាច្រើនជ្រើសរើសយកការបោះឆ្នោតមុនថ្ងៃកំណត់។ ស្របពេលសេចក្តីសម្រេចរបស់តុលាការកំពូលឆ្នាំ ២០០១ បានតម្កល់ថា អ្នកបោះឆ្នោតមិនចាំបាច់ផ្តល់ហេតុផលបញ្ជាក់ហេតុអ្វីជ្រើសយកការបោះឆ្នោតមុនថ្ងៃកំណត់នោះទេ ដរាបណារដ្ឋរបស់ពួកគេអនុញ្ញាត។

ហេតុអ្វីបានជាការបោះឆ្នោតមុនថ្ងៃកំណត់បង្កភាពចម្រូងចម្រាស?
ការបោះឆ្នោតមុនថ្ងៃកំណត់ ជាពិសេសការបោះឆ្នោតពីចម្ងាយតាមប្រៃសណីយ៍ គឺជាចំណុចដ៏ក្តៅលើការចោទប្រកាន់រឿងបន្លំសន្លឹកឆ្នោត ដែលគ្មានមូលដ្ឋានពិតប្រាកដទាល់តែសោះ កាលពីឆ្នាំ ២០២០។ នោះក៏ព្រោះតែអ្នកប្រជាធិបតេយ្យបានបោះឆ្នោតតាមប្រៃសណីយ៍ច្រើនជាងអ្នកសាធារណរដ្ឋ ហើយយុត្តាធិការជាច្រើនរាប់សន្លឹកឆ្នោតអ្នកបោះដោយផ្ទាល់ មុនពេលចាប់ផ្តើមរាប់សន្លឹកឆ្នោតអ្នកបោះពីចម្ងាយ។

ការចោទប្រកាន់កើតឡើងពេលលទ្ធផលបឋមក្នុងរដ្ឋសំខាន់ៗ ហាក់បង្ហាញពីបេក្ខជនមកពីគណបក្សសាធារណរដ្ឋនាំមុខ ប៉ុន្តែចុងក្រោយបែរជាបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យជាអ្នកឈ្នះវិញ ក្រោយបញ្ចប់ការរាប់សន្លឹកឆ្នោតអ្នកបោះពីចម្ងាយ។ នៅឆ្នាំ ២០២០ លោក ត្រាំ ដែលប្រធានាធិបតីជំនាន់នោះបានបរិហារថា ប្រព័ន្ធបោះឆ្នោតពីចម្ងាយតាមប្រៃសណីយ៍ សម្បូរទៅដោយការក្លែងបន្លំ។

ស្ថាប័ននីតិប្បញ្ញត្តិរដ្ឋជាច្រើនបានអនុម័តការរឹតបន្តឹងថ្មីលើការបោះឆ្នោតមុនថ្ងៃកំណត់ បន្ទាប់ពីរឿងដ៏ចម្រូងចម្រាសកាលពីឆ្នាំ ២០២០ រួមទាំងបង្កើនការត្រួតពិនិត្យកាន់តែខ្ពស់សម្រាប់សន្លឹកឆ្នោតបោះតាមប្រៃសណីយ៍។ ប៉ុន្តែនៅឆ្នាំនេះ គណបក្សសាធារណរដ្ឋបានទទួលយកការបោះឆ្នោតរបៀបនេះយ៉ាងពេញទំហឹង៕ (ប្រភព ៖ CNN និង Al Jazeera)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ