រាជធានីភ្នំពេញ ៖ យុវជន សិស្សានុសិស្សដែលកំពុងសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ លើកឡើងថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាលើកទី ៩ ឆ្នាំ ២០២៤ ត្រូវបានរៀបចំឡើងប្រកបដោយការប្រកួតប្រជែងខ្ពស់ និងមានភាពទាក់ទាញចំណាប់អារម្មណ៍យុវជនលើការសិក្សាជំនាញ ក្រោយមានបេក្ខជនជិត ១០០នាក់ មកពីគ្រឹះស្ថានបណ្តុះបណ្តាលជិត ២០ ធ្វើការប្រឡងប្រជែងលើជំនាញសំខាន់ៗចំនួន៩ យ៉ាងស្វះស្វែងជាទីបំផុត ។
យុវជន អាយ ខេវុិន ជាសិស្សសិក្សាជំនាញវិស្វកម្មសំណង់ស៊ីវិល នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) លើកឡើងថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាលើកទី ៩ ឆ្នាំ ២០២៤ ដែលកំពុងប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃនេះគឺធ្វើឡើងប្រកបដោយភាពទាក់ទាញ សម្រាប់បេក្ខជនមកពីបណ្តាគ្រឹះស្ថាននានាមកជុំគ្នា ដើម្បីបង្ហាញទេពកោសល្យរបស់ពួកគេលើជំនាញផ្សេងៗគ្នាចំនួន ៩ ដែលសុទ្ធសឹងតែជំនាញដែលសំខាន់ៗ ល្បីៗ នៅប្រទេសកម្ពុជា ។
យុវជនរូបនេះបង្ហាញពីអារម្មណ៍សប្បាយរីករាយ និងកោតសរសើរទៅដល់បេក្ខជនដែលមកចូលរួមប្រកួតប្រជែងកម្មវិធីថ្នាក់ជាតិដែលធ្វើឡើងរៀងរាល់ ២ឆ្នាំម្តងនៅពេលនេះ ពីព្រោះបេក្ខជននីមួយៗមានស្មារតីយកចិត្តទុកដាក់ ព្យាយាមអស់ពីកម្លាំងកាយចិត្ត លើវិញ្ញាសាររបស់ពួកគេ ។ យុវជនបន្ថែមថា ខ្លួនមកទស្សនាការប្រកួតនៅឆ្នាំនេះ គឺដើម្បីសិក្សាស្វែងយល់អំពីការប្រកួតប្រជែងលើវិញ្ញាសារនីមួយៗ និងពីបេក្ខជនចូលរួម ដើម្បីជាបទពិសោធន៍ថ្មីមួយទៀត ដើម្បីឈានដល់ការចូលរួមប្រកួតប្រជែងនៅពេលខាងមុខផងដែរ ។
យុវតី ភន រៈសា ជាសិស្សសិក្សាជំនាញនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) លើកឡើងថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី ៩ ឆ្នាំ ២០២៤ គឺគួរឱ្យចាប់អារម្មណ៍ និងភាពទាក់ទាញខ្លាំងណាស់ ពីព្រោះវិញ្ញាសារបានជ្រើសរើសជំនាញល្អៗ និងសុទ្ធសឹងតែជំនាញដែលមានទីផ្សារខ្ពស់នៅប្រទេសកម្ពុជា ជាពិសេស ជំនាញតបណ្តាញអគ្គិសនី ជំនាញសរសេរកម្មវិធីកុំព្យូទ័រធុរកិច្ច, ជំនាញរចនាគេហទំព័រ, ជំនាញម៉ាស៊ីនស្វ័យប្រវត្តិកម្ម ជាដើម ។
យុវតីរូបនេះបានគូសបញ្ជាក់ពីសារសំខាន់នៃប្រកួតប្រជែងជំនាញថ្នាក់ជាតិនេះថា ជាកម្មវិធីក្នុងក្តីស្រមៃរបស់សិស្ស យុវជន រាល់គ្នាដែលកំពុងសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាកន្លែងបញ្ចេញសមត្ថភាពជាក់ស្តែង ដើម្បីប្រកួតជាមួយបណ្តាបេក្ខជនមកពីសាលាបណ្តុះបណ្តាលដ៏ទៃទៀត ដែលមានសមត្ថភាពខ្លាំង និងមានចិត្ត និងឆន្ទះខ្ពស់ដូចៗគ្នា ។
ទន្ទឹមនឹងនេះដែរ យុវជនដែលបានចូលរួមទស្សនាកម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី ៩ ឆ្នាំ ២០២៤ ថា វាជាឱកាសមាសសម្រាប់យុវជន សិស្សនិស្សិតដែលស្រលាញ់ជំនាញបច្ចេកទេស ដើម្បីបង្ហាញពីសក្តានុពល សមត្ថភាពរបស់ពួកគេ ពីព្រោះប្រសិនបើលទ្ធផលពីការប្រកួតល្អប្រសើរ នោះអនាគតនឹងភ្លឺស្វាង ពោលគឺមានឱកាសការងារខ្ពស់នៅពេលបញ្ចប់ការសិក្សា និងឱកាសទៅសិក្សានៅបរទេស ដើម្បីពង្រឹងសមត្ថភាពឱ្យកាន់រឹងមាំថែមទៀត ។
គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី ៩ ឆ្នាំ ២០២៤ ដែលកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៤ នៅក្នុងសួនអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរាជធានីភ្នំពេញ (TVET Park Phnom Penh) មានបេក្ខជនសរុបចំនួន ៩៣រូប (ស្រី ១២រូប) មកពីគ្រឹះស្ថានសិក្សាចំនួន ១៦ ចូលរួមប្រកួតប្រជែងលើជំនាញ៖ ជំនាញតបណ្តាញអគ្គិសនី ជំនាញរៀបឥដ្ឋ, ជំនាញផ្សារ, ជំនាញសរសេរកម្មវិធីកុំព្យូទ័រធុរកិច្ច, ជំនាញរចនាគេហទំព័រ, ជំនាញរចនាក្រាហ្វិក, ជំនាញរៀបការ៉ូ, ជំនាញម៉ាស៊ីនស្វ័យប្រវត្តិកម្ម, ជំនាញ Information Network Cabling (Demo) ។ ក្នុងនោះបេក្ខជន ដែលជាប់ចំណាត់ថ្នាក់ទទួលបានមេដាយនឹងត្រូវទទួលបានរង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាលដូចជា មេដាយមាស ទទួបានប្រាក់រង្វាន់ចំនួន៣លានរៀល, មេដាយប្រាក់ ទទួលបានប្រាក់រង្វាន់ ២លានរៀល និងមេដាយសំរឹទ្ធិ ទទួលបានរង្វាន់ ១លានរៀល ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ