ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

បេក្ខជន​ចូលរួម​កម្មវិធី​ប្រកួតប្រជែង​ជំនាញ​ថ្នាក់ជាតិ​ លើក​ទី ​៩​ ថា ការ​ប្រកួត​នៅ​ឆ្នាំ​នេះ​ជា​ឱកាសបញ្ចេញ​សមត្ថភាព​ ដើម្បី​ឆ្ពោះទៅ​ការ​ប្រកួត​ថ្នាក់អាស៊ាន ​ឆ្នាំ ​២០២៥

3 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ បេក្ខជន​ចូលរួម​កម្មវិធី​ប្រកួតប្រជែង​ជំនាញ​ថ្នាក់​ជាតិ​កម្ពុជា​លើក​ទី​ ៩ ឆ្នាំ ​២០២៤​បាន​លើក​ឡើង​ថា កម្មវិធី​ប្រកួតប្រជែង​ជំនាញ​ថ្នាក់​ជាតិ​ឆ្នាំ​នេះ​ គឺជា​ឱកាស​ដើម្បី​បញ្ចេញ​សមត្ថភាព​ជំនាញ​បច្ចេកទេស​របស់​ខ្លួន​ក្នុង​ការ​ប្រជែង​យកជ័យ​លា​ភី​ក្នុង​ចំណោម​បេក្ខជន​ជាង​ ៩០​នាក់ ដើម្បី​ឆ្ពោះទៅ​ការ​ប្រកួតប្រជែង​ជំនាញ​អាស៊ាន​លើក​ទី…

រាជធានីភ្នំពេញ​ ៖ បេក្ខជន​ចូលរួម​កម្មវិធី​ប្រកួតប្រជែង​ជំនាញ​ថ្នាក់​ជាតិ​កម្ពុជា​លើក​ទី​ ៩ ឆ្នាំ ​២០២៤​បាន​លើក​ឡើង​ថា កម្មវិធី​ប្រកួតប្រជែង​ជំនាញ​ថ្នាក់​ជាតិ​ឆ្នាំ​នេះ​ គឺជា​ឱកាស​ដើម្បី​បញ្ចេញ​សមត្ថភាព​ជំនាញ​បច្ចេកទេស​របស់​ខ្លួន​ក្នុង​ការ​ប្រជែង​យកជ័យ​លា​ភី​ក្នុង​ចំណោម​បេក្ខជន​ជាង​ ៩០​នាក់ ដើម្បី​ឆ្ពោះទៅ​ការ​ប្រកួតប្រជែង​ជំនាញ​អាស៊ាន​លើក​ទី ​១៤ ឆ្នាំ​ ២០២៥ នៅ​ប្រទេស​ហ្វី​លី​ពី​ន ដើម្បី​មុខមាត់​ប្រទេស​ជាតិ​ ។

យុវតី ណា​ន សុខ​ហេង ជា​បេក្ខជន​ចូលរួម​ប្រកួតប្រជែង​ជំនាញ​ថ្នាក់​ជាតិ​កម្ពុជា​លើក​ទី ​៩ ឆ្នាំ​ ២០២៤ ជំនាញ Information Network Cabling មក​ពី​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស (NTTI) ​លើក​ឡើង​ថា កម្មវិធី​ប្រកួតប្រជែង​ជំនាញ​ថ្នាក់​ជាតិ​កម្ពុ​ជាមួយ​នេះ គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​យុវជន​ដែល​កំពុង​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ពីព្រោះ​ក្រៅ​តែ​ពី​សិក្សា​ជំនាញ​បច្ចេកទេស​នៅ​ក្នុង​ថ្នាក់ និង​ការ​អនុវត្ត​ផ្ទាល់​នៅ​ក្នុង​សាលា គឺ​មាន​តែ​កម្មវិធី​ប្រកួតប្រជែង​នេះ​ទេ​ដែល​អាច​ឱ្យ​យុវជន​បាន​បញ្ចេញ​សមត្ថភាព​ឱ្យ​អស់ពី​ចិត្ត ដើម្បី​ដណ្តើម​ជ័យ​លា​ភី​ជាមួយ​បណ្តា​បេក្ខជន​មក​ពី​គ្រឹះស្ថាន​ផ្សេង​ៗ​ទៀត​នៅ​ទូ​ទាំង​ប្រទេស​ ។

យុវតី​រូប​នេះ​បន្ថែម​ថា ខ្លួន​សម្រេចចិត្ត​ចូលរួម​កម្មវិធី​ប្រកួតប្រជែង​ជំនាញ​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​នេះ គឺ​ចង់​ពង្រឹងសមត្ថភាព​ក្នុង​ការ​ប្រកួតប្រជែង​លើ​ជំនាញ​ដែល​ខ្លួន​កំពុង​សិក្សា​ ។ យុវតី​រូប​នេះ​សង្ឃឹមថានឹង​ទទួល​បាន​លទ្ធផល​ល្អ​នៅ​ក្នុង​ការ​ប្រកួតប្រជែង​ជំនាញ​ថ្នាក់​ជាតិ​កម្ពុជា​លើក​ទី ​៩ ឆ្នាំ​ ២០២៤​ នេះ ជា​ពិសេស​សង្ឃឹម​យ៉ាង​មុតមាំ​ថា ​នឹង​ត្រូវ​បាន​ជ្រើសរើស​ទៅ​ប្រកួតប្រជែង​ថ្នាក់​អាស៊ាន​នៅ​ប្រទេស​ហ្វី​លី​ពី​ន​ឆ្នាំ ​២០២៥ ខាង​មុខ ដើម្បី​មុខមាត់​ប្រទេស​ជាតិ សាលារៀន គ្រួសារ និង​ក្រុម​ខ្លួន​ផ្ទាល់ ​។

ដោយឡែក យុវជន អុល សុភា​រម្យ ជា​បេក្ខជន​ចូលរួម​ប្រកួតប្រជែង​ជំនាញ​ថ្នាក់​ជាតិ​កម្ពុជា​លើក​ទី ​៩ ឆ្នាំ​ ២០២៤ លើ​ជំនាញ Automation មក​ពី​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស (NTTI) ​លើក​ឡើង​ថា កម្មវិធី​ប្រកួតប្រជែង​នេះ​គឺជា​កន្លែង​ក្នុង​ក្តី​ស្រមៃ​របស់​យុវជន​ដែល​កំពុង​សិក្សា​ជំនាញ ដើម្បី​បញ្ចេញ​សមត្ថភាព ហើយ​ធ្វើការ​ប្រកួតប្រជែង​ជាមួយ​បណ្តា​បេក្ខជន​មក​ពី​បណ្តា​គ្រឹះស្ថាន​បណ្តុះបណ្តាល​ជា​ច្រើន​ទៀត ដូច្នេះ​ការ​ប្រកួតប្រជែង​នេះ​ពិសេស​ខ្លាំង​ណាស់ ប្រសិនបើ​យើង​ធ្វើ​បាន​លទ្ធផល​ល្អ ក្នុង​ចំណោម​បេក្ខជន​ជា​ច្រើន​នៅ​ពេល​នេះ ​។

យុវជន​រូប​នេះ សម្រេច​ជ្រើសរើស​ជំនាញ Automation ក្នុង​ការ​ប្រកួត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​នេះ​ពីព្រោះ ខ្លួន​សង្ឃឹមថានឹង​ទទួល​បាន​លទ្ធផល​ល្អ បន្ទាប់​ពី​មានការ​ត្រៀមខ្លួន​គ្រប់​ជ្រុងជ្រោយ ពេញលេញ​នៅ​មុន​ការ​ប្រកួត ​។ អ្វី​ដែល​សំខាន់​នោះ​ប្រសិនបើ​ខ្លួន​ទទួល​បាន​ជ័យ​លា​ភី នោះ​ជំនាញ Automation នឹង​ក្លាយជា​ស្ពាន​ចម្លង​ទៅ​ដល់​អនាគត​របស់​គេ​យ៉ាង​ឆាប់រហ័ស ពីព្រោះ​បណ្តា​ក្រុមហ៊ុន​ឯកជន​នឹង​សម្លឹង​មើលឃើញ​រូបគេ ដែល​ជា​បេក្ខជន​ឆ្នើម​ក្នុង​ការ​ប្រឡង​កម្មវិធី​លំដាប់ថ្នាក់​ជាតិ​មួយ​នេះ ​។

ទន្ទឹម​នឹង​នេះ​បេក្ខជន​ទាំង​អស់នេះ​មាន​ក្តី​រំពឹង​យ៉ាង​មុតមាំ​ថា កម្មវិធី​ប្រកួតប្រជែង​ជំនាញ​ថ្នាក់​ជាតិ​កម្ពុជា លើក​ទី ​៩ ឆ្នាំ​ ២០២៤ នៅ​ពេល​នេះ​នឹង​ធ្វើ​ឱ្យ​ពួក​គេ​ក្លាយជា​ម្ចាស់​ជ័យ​លា​ភី​ដែល​មាន​ទេព​កោសល្យ និង​សមត្ថភាព​ខ្ពស់ ដើម្បី​ជា​បេក្ខជន​តំណាង​ប្រទេស​កម្ពុជា​ទៅ​ចូលរួម​ប្រកួតប្រជែង​ជំនាញ​អាស៊ាន លើក​ទី​ ១៤ ឆ្នាំ​ ២០២៥ នៅ​ប្រទេស​ហ្វី​លី​ពី​ន និង​អន្តរជាតិ​ផ្សេង​ៗ​នា​ពេល​ខាង​មុខ ដើម្បី​ជា​កិត្តិយស​ខ្លួនឯង គ្រួសារ និង​ប្រទេស​ជាតិ​ទាំងមូល​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កម្មវិធី​ប្រកួតប្រជែង​ជំនាញ​ថ្នាក់​ជាតិ​កម្ពុជា លើក​ទី​ ៩ ឆ្នាំ​ ២០២៤ ដែល​កំពុង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី ​២១ ដល់​ថ្ងៃ​ទី ​២៥ ខែតុលា ឆ្នាំ​ ២០២៤ នៅ​ក្នុង​សួន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​រាជធានី​ភ្នំពេញ (TVET Park Phnom Penh)​ ។ ការ​ប្រកួតប្រជែង​ជំនាញ​នេះ ធ្វើ​ឡើងជា​រៀង​រាល់​ពីរ​ឆ្នាំ​ម្តង ដែល​ជា​ព្រឹត្តិការណ៍​សម្រាប់​សិស្ស និស្សិត​ឆ្នើម និង​អ្នកជំនាញ​វ័យក្មេង​មក​ពី​បណ្តា​សហគ្រាស​គ្រឹះស្ថាន ដើម្បី​បង្ហាញ​ពី​ទេព​កោសល្យ ភាព​ច្នៃប្រឌិត និង​ចំណង់​ចំណូលចិត្ត​ក្នុង​អាជីព​រៀង​ៗ​ខ្លួន ​។

លើស​ពី​នេះ ការ​ប្រកួតប្រជែង​ជំនាញ​ផ្តល់​ឱកាស​ដល់​យុវជន គ្រូ​បណ្តុះបណ្តាល ស្ថាប័ន​បណ្តុះបណ្តាល ឧស្សាហកម្ម និង​រដ្ឋាភិបាល​បាន​ជួប​ប្រាស្រ័យ​ទាក់ទង និង​រៀនសូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក ស្វែង​យល់​នូវ​បច្ចេកវិទ្យា និង​វិធីសាស្ត្រ​ថ្មី​ៗ​ប្រកប​ទៅ​ដោយ​ភាព​ច្នៃប្រឌិត​សម្រាប់​ការ​រៀន ការ​បង្រៀន និង​ការ​បណ្តុះបណ្តាល​កម្លាំង​ពលកម្ម​នា​ពេល​អនាគត ដើម្បី​ទទួល​បាន​ជំនាញ​តាម​តម្រូវការ​ក៏​ដូច​ជា​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ភាព​ទាក់ទាញ​នៃ​ជំនាញ​ ៕ អត្ថបទសហការ