ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គ្រូ​ជំនាញ​បច្ចេកទេស​ ៖ ការប្រកួតប្រជែង​ជំនាញថ្នាក់​ជាតិ​កម្ពុជា​ បង្ហាញ​សក្តានុពល​របស់​យុវជនទៅ​កាន់​ក្រុមហ៊ុន​ឯកជន និង​អន្តរជាតិ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ លោកគ្រូ អ្នកគ្រូ នៃ​គ្រឹះស្ថាន​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​លើក​ឡើង​ថា កម្មវិធី​ប្រកួតប្រជែង​ជំនាញ​ថ្នាក់​ជាតិ​កម្ពុជា​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​រៀង​រាល់​ ២​ឆ្នាំ​ម្តង​នៅ​កម្ពុជា គឺជា​កម្មវិធី​បង្ហាញ​សក្តានុពល សមត្ថភាព…

រាជធានីភ្នំពេញ ៖ លោកគ្រូ អ្នកគ្រូ នៃ​គ្រឹះស្ថាន​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​លើក​ឡើង​ថា កម្មវិធី​ប្រកួតប្រជែង​ជំនាញ​ថ្នាក់​ជាតិ​កម្ពុជា​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​រៀង​រាល់​ ២​ឆ្នាំ​ម្តង​នៅ​កម្ពុជា គឺជា​កម្មវិធី​បង្ហាញ​សក្តានុពល សមត្ថភាព ទេព​កោសល្យ នៃ​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ របស់​យុវជន​ទៅ​បណ្តា​ក្រុមហ៊ុន​ឯកជន​ នៅ​ក្នុងស្រុក និង​នៅ​លើ​ឆាក​អន្តរជាតិ​ ។

លោក យ៉​យ សុ​ជាតិ ជា​គ្រូបង្រៀន​ជំនាញ​អគ្គិសនី នៃ​វិទ្យាស្ថាន​ពហុបច្ចេកទេស​កម្ពុជា (NPIC) លើក​ឡើង​ថា កម្មវិធី​ប្រកួតប្រជែង​ជំនាញ​ថ្នាក់​ជាតិ​កម្ពុជា​ដែល​កំពុង​ប្រព្រឹត្ត​ទៅ​រយៈពេល ​៥​ថ្ងៃ​នៅ​រាជធានី​ភ្នំពេញ​នៅ​ស​ប្តា​ហ៍​នេះ បាន​កៀរគរ​យុវជន សិស្សានុសិស្ស​សិក្សា​ផ្នែក​ជំនាញ​បច្ចេកទេស​នៅ​ទូ​ទាំង​ប្រទេស​ជិត ​១០០​នាក់​មក​ជុំ​គ្នា ដើម្បី​ធ្វើការ​ប្រឡងប្រជែង​យកជ័យ​លា​ភី បង្ហាញ​សមត្ថភាព និង​ទេព​កោសល្យ លើ​ជំនាញ​របស់​ពួក​គេ ហើយ​កម្មវិធី​នេះ​បាន​ទាក់ទាញ​អ្នក​ទស្សនា ​ប្រមាណ​រាប់​ពាន់​អ្នក​ ដែល​សុទ្ធសឹងតែ​ជាប់​អារម្មណ៍​ លើ​ការ​សិក្សា​ជំនាញ​បច្ចេកទេស ​។

លោកគ្រូ​បាន​សង្កត់ធ្ងន់​ថា កម្មវិធី​ប្រកួតប្រជែង​ជំនាញ​ថ្នាក់​ជាតិ​កម្ពុជា​ ដែល​ធ្វើ​ឡើង​រៀង​រាល់ ២ ​ឆ្នាំ​ម្តងនេះ ជា​យុទ្ធសាស្ត្រ​បង្ហាញ សក្តានុពល សមត្ថភាព​ជំនាញ​បច្ចេកទេស​របស់​យុវជន សិស្សានុសិស្ស ទៅ​បណ្តា​ក្រុមហ៊ុន​ឯកជន​នានា​នៅ​ក្នុងស្រុក ក៏​ដូច​ជា​បង្ហាញ​ទៅ​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់ ​តាម​រយៈ​ការ​ចូលរួម​ប្រកួតប្រជែង​នៅ​ថ្នាក់​អន្តរជាតិ​ជា​រើ​យ​ៗ​របស់​កម្ពុជា ​។ ទាំងនេះ​គឺ​មាន​សារសំខាន់​ណាស់ ពីព្រោះ​សិស្ស ក៏​ដូច​ជា​យុវជន ដែល​សិក្សា​ជំនាញ គឺ​មាន​ទីផ្សារ​ការងារ​ខ្ពស់ តាម​រយៈ​ការ​បង្ហាញ​សមត្ថភាព​នៅ​ថ្នាក់​ជាតិ និង​អនតរជាតិ​បែប​នេះ​ ។

លោក ប៊ិ​ន ចាន់​ថា ជា​គ្រូបង្រៀន​នៃ​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស (NTTI) បាន​លើក​ឡើង​ថា កម្មវិធី​ប្រកួតប្រជែង​ជំនាញ​ថ្នាក់​ជាតិ​មួយ​នេះ​បាន​ដើរតួរ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ប្រមូល គៀរគ ប្អូន​ៗ​សិស្សានុសិស្ស យុវជន ដែល​សិក្សា​ជំនាញ ក្នុង​ការ​បង្ហាញ​សមត្ថភាព ពង្រឹងសមត្ថភាព​ជំនាញ​របស់​ពួក​គេ ជា​ពិសេស​ការ​ប្រកួតប្រជែង​នេះ​ក៏​ជា​មេរៀន និង​បទ​ពិសោធន៍​មួយ​សម្រាប់​យុវជន បើ​ទោះបី​ទទួល​បាន​លទ្ធផល​បែប​ណា​ក៏​ដោយ​ ។

លោកគ្រូ​បាន​បន្ថែម​ថា កម្មវិធី​ប្រកួតប្រជែង​ជំនាញ​ថ្នាក់​ជាតិ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​រៀង​រាល់​ ២​ឆ្នាំ​ម្តងនេះ​បាន​ក្លាយទៅជា​កាតាលីករ​មួយ​យ៉ាង​សំខាន់​ជំរុញ​ទឹកចិត្ត​យុវជន​ដែល​សិក្សា​ជំនាញ​ឱ្យ​ពុះកញ្ជ្រោល​ក្នុង​បង្ហាញ​សមត្ថភាព និង​មាន​ឆ​ន្ទះ​ខ្ពស់​ក្នុង​ការ​ប្រឡងប្រជែង​ដើម្បី​បាន​ជ័យ​លា​ភី ដែល​ទាំងនេះ​ជា​ភាព​មោទកភាព​របស់​ពួក​គេ​លើ​វិ​ថី​នៃ​ការ​សិក្សា​ជំនាញ​ ។ លើស​ពី​នេះ​ផង​ដែរ​កម្មវិធី​នេះ​ក៏​ជា​កម្មវិធី​មួយ​ក្នុង​ការ​លើកកម្ពស់​ការ​សិក្សា​ជំនាញ​បច្ចេកទេស​នៅ​ប្រទេស​កម្ពុជា ជំរុញ​ឱ្យ​យុវជន ពលរដ្ឋ ចាប់អារម្មណ៍​លើ​ការ​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ផង​ដែរ​ ។

គូសបញ្ជាក់​ផង​ដែរ​ថា កម្មវិធី​ប្រកួតប្រជែង​ជំនាញ​ថ្នាក់​ជាតិ​កម្ពុជា លើក​ទី ​៩ ឆ្នាំ ​២០២៤ ដែល​កំពុង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី ​២១ ដល់​ថ្ងៃ​ទី​ ២៥ ខែតុលា ឆ្នាំ ​២០២៤ នៅ​ក្នុង​សួន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​រាជធានី​ភ្នំពេញ (TVET Park Phnom Penh)​ ។ ការ​ប្រកួតប្រជែង​ជំនាញ​នេះ ធ្វើ​ឡើងជា​រៀង​រាល់​ពីរ​ឆ្នាំ​ម្តង ដែល​ជា​ព្រឹត្តិការណ៍​សម្រាប់​សិស្ស និស្សិត​ឆ្នើម និង​អ្នកជំនាញ​វ័យក្មេង​មក​ពី​បណ្តា​សហគ្រាស​គ្រឹះស្ថាន ដើម្បី​បង្ហាញ​ពី​ទេព​កោសល្យ ភាព​ច្នៃប្រឌិត និង​ចំណង់​ចំណូលចិត្ត​ក្នុង​អាជីព​រៀង​ៗ​ខ្លួន​ ។

លើស​ពី​នេះ ការ​ប្រកួតប្រជែង​ជំនាញ​ផ្តល់​ឱកាស​ដល់​យុវជន គ្រូ​បណ្តុះបណ្តាល ស្ថាប័ន​បណ្តុះបណ្តាល ឧស្សាហកម្ម និង​រដ្ឋាភិបាល​បាន​ជួប​ប្រាស្រ័យ​ទាក់ទង និង​រៀនសូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក ស្វែង​យល់​នូវ​បច្ចេកវិទ្យា និង​វិធីសាស្ត្រ​ថ្មី​ៗ​ប្រកប​ទៅ​ដោយ​ភាព​ច្នៃប្រឌិត​សម្រាប់​ការ​រៀន ការ​បង្រៀន និង​ការ​បណ្តុះបណ្តាល​កម្លាំង​ពលកម្ម​នា​ពេល​អនាគត ដើម្បី​ទទួល​បាន​ជំនាញ​តាម​តម្រូវការ​ក៏​ដូច​ជា​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ភាព​ទាក់ទាញ​នៃ​ជំនាញ ​។

កម្មវិធី​ប្រកួតប្រជែង​ជំនាញ​ថ្នាក់​ជាតិ​កម្ពុជា លើក​ទី​ ៩ ឆ្នាំ​ ២០២៤ មាន​រយៈពេល​ប្រាំ​ថ្ងៃ ក្នុង​នោះ​មាន​បេក្ខជន​សរុប​ចំនួន​ ៩៣​រូប (​ស្រី ១២​រូប​) មក​ពី​គ្រឹះស្ថានសិក្សា​ចំនួន​ ១៦ ចូលរួម​ប្រកួតប្រជែង​លើ​ជំនាញ​ ៖ ជំនាញ​ត​បណ្តាញ​អគ្គិសនី ជំនាញ​រៀប​ឥដ្ឋ​, ជំនាញ​ផ្សារ​, ជំនាញ​សរសេរ​កម្មវិធី​កុំព្យូទ័រ​ធុរកិច្ច​, ជំនាញ​រចនា​គេហទំព័រ​, ជំនាញ​រចនា​ក្រាហ្វិក​, ជំនាញ​រៀប​ការ៉ូ​, ជំនាញ​ម៉ាស៊ីន​ស្វ័យប្រវត្តិកម្ម​, ជំនាញ Information Network Cabling (Demo)​ ។ ក្នុង​នោះ​បេក្ខជន ដែល​ជាប់​ចំណាត់ថ្នាក់​ទទួល​បាន​មេដាយ​នឹង​ត្រូវ​ទទួល​បាន​រង្វាន់​លើកទឹកចិត្ត​ពី​រាជរដ្ឋាភិបាល​ដូច​ជា មេដាយមាស ទ​ទួ​បាន​ប្រាក់​រង្វាន់​ចំនួន ​៣​លាន​រៀល​, មេដាយ​ប្រាក់ ទទួល​បាន​ប្រាក់​រង្វាន់​ ២​លាន​រៀល និង​មេដាយ​សំរឹទ្ធិ ទទួល​បាន​រង្វាន់​១​លាន​រៀល ​៕ អត្ថបទសហការ