ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ពូទីន​ហៅ​ប្រធានា​ធិបតី​ចិន​ជា​មិត្ត​សម្លា​ញ់​​នឹង​គ្នា​នៅ​ឯ​កិច្ច​ប្រជុំ​ប្រ៊ីក

17 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ ​នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​ប្រ៊ីកស៍​ (BRICS) ប្រធានា​ធិបតី​រុស្ស៊ី​ លោក​ពូទីន​ បាន​​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​បំ​ផុត​ចំពោះ​ប្រមុខ​ដឹក​នាំ​ចិន​ លោក​ស៊ី​ជីន​ពីង​។ លោក​ពូទីន​ហៅ​លោក​ស៊ី​ជីន​ពីង​ជា​មិត្ត​សម្លាញ់​នឹង​គ្នា​ថែម​ទៀត​ផង​។​ វេទិ​កា​នេះ​ជា​ផ្នែក​១​​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ទី​ក្រុង​ម៉ូស្គូ​ដើម្បី​បង្ហាញ​ថា​ទោះ​បី​មាន​សម្ពាធ​ពី​ក្រុម​បស្ចិម​​ប្រទេស​​​ និង​ទោះ​បី​មាន​ដីកា​តាម​ចាប់​ខ្លួន​ពី​សំណាក់​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរ​ជាតិ​…

ទី​ក្រុង​ម៉ូស្គូ៖ ​នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​ប្រ៊ីកស៍​ (BRICS) ប្រធានា​ធិបតី​រុស្ស៊ី​ លោក​ពូទីន​ បាន​​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​បំ​ផុត​ចំពោះ​ប្រមុខ​ដឹក​នាំ​ចិន​ លោក​ស៊ី​ជីន​ពីង​។ លោក​ពូទីន​ហៅ​លោក​ស៊ី​ជីន​ពីង​ជា​មិត្ត​សម្លាញ់​នឹង​គ្នា​ថែម​ទៀត​ផង​។​ វេទិ​កា​នេះ​ជា​ផ្នែក​១​​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ទី​ក្រុង​ម៉ូស្គូ​ដើម្បី​បង្ហាញ​ថា​ទោះ​បី​មាន​សម្ពាធ​ពី​ក្រុម​បស្ចិម​​ប្រទេស​​​ និង​ទោះ​បី​មាន​ដីកា​តាម​ចាប់​ខ្លួន​ពី​សំណាក់​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរ​ជាតិ​ (ICC) យ៉ាង​ណា​ក្ដី​ ក៏​លោក​ពូទីន​មិន​នៅ​ឯ​កោ​នោះ​ទេ​។​

កិច្ច​ប្រជុំ​កំពូល​រយៈពេល​បី​ថ្ងៃ​ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​អង្គារ​ត​ទៅ​បាន​ប្រមូល​ផ្ដុំ​ក្រុម​ប្រទេស​ដែល​ទើប​តែ​ចូល​ជា​សមាជិក​​ថ្មី​ៗនៃ​អង្គ​ការ​ប្រ៊ីក​ (BRICS) ​ក្រៅ​ពី​ប្រទេស​សមាជិក​ស្ថាបនិក​ទាំង​ប្រាំ​ដែល​មាន​ប្រេស៊ីល, រុស្ស៊ី​, ឥណ្ឌា, ចិន និង​អាហ្វ្រិក​ខាង​ត្បូង​។ លោក​ពូទីន​បាន​អញ្ជើញ​ប្រទេស​ម្ភៃ​ចូល​រួម​ជា​ភ្ញៀវ​នៅ​ក្នុង​កិច្ច​ប្រជុំ​ដែល​រៀប​ចំ​នៅ​ទី​ក្រុង​កាហ្សាន (Kazan)​​ ប្រទេស​រុស្ស៊ី​​។​

នេះ​ជា​កិច្ច​ប្រជុំ​កំពូល​លើក​ទី​១​ចាប់​តាំង​ពី​អង្គ​ការ​ប្រ៊ីក​​​ពង្រីក​សមាជិក​ភាព​របស់​ខ្លួន​កាល​ពី​ឆ្នាំ​២០២៣​ ហើយ​ក៏​ជា​ឱកាស​ដែល​រដ្ឋាភិបាល​ទី​ក្រុង​ម៉ូស្គូ​យក​ធ្វើ​ជា​ការ​ប្រូ​ម៉ូត​ខ្លួន​​ឯង​ទៅ​សហ​គមន៍​អន្តរជាតិ​​ដើម្បី​បង្ហាញ​​ថា​ខ្លួន​មិន​រស់​នៅ​ឯកោ​ផ្នែក​នយោបាយ​​ជា​ដាច់​ខាត​​។ ទោះ​បី​លោក​ខាង​លិច​ព្យាយាម​ដាក់​ទណ្ឌកម្ម​ប្រទេស​រុស្ស៊ី​​ដល់​កម្រិត​ខ្ពស់​បំផុត​​​ពី​បទ​វាយ​ប្រហារ​ប្រទេស​អ៊ុយ​ក្រែន​យ៉ាង​ណា​ក្ដី ក៏​ប៉ុន្តែ​ពួក​គេ​បាន​ត្រឹម​តែ​ក្រវែល​ៗ​នៅ​ក្នុង​រង្វង់​ព្រំ​ដែន​នៃ​​អង្គ​ការ​ណាតូ​តែ​ប៉ុណ្ណោះ​។

ក្រុម​ប្រទេស​​សម្ព័ន្ធ​មិត្ត​ធំ​ៗ​របស់​រុស្ស៊ី​ដូច​ជា​ចិន ឥណ្ឌា និង​តួក​គី​បាន​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​នេះ​គ្រប់​ៗ​គ្នា​។ ​នៅ​ក្នុង​ពិធី​បដិសណ្ឋារ​កិច្ច​ទទួល​លោក​ស៊ី​ជីន​ពីង​​នោះ លោក​ពូទីន​ប្រាប់​សម​ភាគី​របស់​គាត់​ថា​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​រុស្ស៊ី និង​ចិន​នៅក្នុង​កិច្ច​​ការ​ពិភព​លោក​ជា​ធាតុ​​ដ៏​​សំខាន់​ជួយ​ធ្វើ​ឱ្យ​មាន​ស្ថិរ​ភាពនៅ​ក្នុង​សង្វៀន​នយោបាយ​ពិភព​លោក​។ យើង​ត្រៀម​ខ្លួន​ពង្រីក​កិច្ច​សហ​ការ​នេះ​នៅ​ក្នុង​គ្រប់​វិស័យ​ទាំង​អស់​ដើម្បី​ធានា​ថា​ពិភព​លោក​មាន​សន្តិ​សុខ​ និង​សណ្ដាប់​ធ្នាប់​ល្អ​គ្រប់​គ្រាន់​។

ជា​កិច្ច​ឆ្លើយ​តប​ចំពោះ​សារ​នយោបាយ​នេះ លោក​ស៊ី​ជីន​ពីង​ថ្លែង​ថា​ពិភព​លោក​សព្វ​ថ្ងៃ​នេះ​ពើប​ប្រទះ​នឹង​សភាព​ការណ៍​វិវត្ត​ដ៏​ច្រើន​​​មិន​ធ្លាប់​មាននៅ​ក្នុង​រយៈ​ពេល​១​រយ​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ម៉្យាង​ទៀត​ សភាព​ការណ៍​ពិភព​លោក​ក៏​​កើត​មាន​​ភាព​ចលា​ចល​​ច្រើន​។ លោក​ស៊ី​ជីន​ពីង​ថ្លែង​កោត​សរ​សើរ​ចំណង​មិត្ត​ភាព​ដ៏​ជ្រាល​ជ្រៅ​រវាង​ប្រទេស​​​ទាំង​ពីរ​ ចិន និង​រុស្ស៊ី​។​

យោង​តាម​ប្រសាសន៍​របស់​លោក​ស៊ី​ជីន​ពីង​ ចិន និង​រុស្ស៊ី​បាន​បន្ត​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​ជា​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​ និង​សម្រេច​ជា​លទ្ធ​ផល​ជាក់​ស្ដែង​។ លោក​ថ្លែង​ថា​នៅ​ពេល​ប្រទេស​ទាំង​២​មាន​កិច្ច​សហ​ការ​កាន់​តែ​ជិត​ស្និទ្ធ​នឹង​គ្នា​ ពេល​នោះ​ប្រទេស​ទាំង​២​ស្គាល់​ការ​អភិ​វឌ្ឍ​ ការ​ទ្រទ្រង់​ការ​រីក​ចម្រើន និង​ការ​​ធ្វើ​ទំនើប​កម្ម​​កាន់​តែ​ប្រ​សើរ​​។ ​​ប្រទេស​ទាំង​២​ចាត់​ទុក​ភាព​ជា​ដៃ​គូ​​នេះ​​ជា​ផ្នែក​១​​​នៃយុទ្ធ​សាស្ត្រ​​​​​ទប់​ទល់​​​មិន​​ឱ្យ​ប្រទេស​អាមេរិក​វ៉ាង​ទី​តែ​ម្នាក់​ឯង​នៅ​លើ​ឆាក​អន្តរ​ជាតិ​​។ មុន​ពេល​ផ្ទុះ​សង្គ្រាម​អ៊ុយ​ក្រែនតែ​បន្តិច​ប៉ុណ្ណោះ ថ្នាក់​ដឹក​នាំ​ទាំង​២​បាន​ជួប​គ្នា។

កាល​នោះ លោក​ទាំង​២​​ចាត់​ទុក​​ទំនាក់​ទំនង​របស់​ខ្លួន​គ្មាន​ដែន​កំណត់​​​។ ​និយាយ​​បាន​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ​​រុស្ស៊ី​​វាយ​ប្រហារ​​​អ៊ុយ​ក្រែន​តែ​ម្ដង​។ ប្រភព​ខ្លះ​យល់​ថា​ថា្នក់​ដឹក​នាំ​ចិន​ជា​អ្នក​ផ្ដល់​សញ្ញា​ភ្លើង​ខៀវ​ឱ្យ​លោក​ពូទីន​វាយ​អ៊ុយ​ក្រែន​ដើម្បី​ទុក​ជា​ពិសោធ​នៃ​ការ​ត្រៀម​វាយ​ប្រហារ​កោះ​តៃវ៉ាន់​។ ប្រទេស​ខ្លះ​ដូច​ជា​ជប៉ុន​ក៏​សម្លឹង​ឃើញ​ដូច្នេះ​ដែរ​។ ជប៉ុន​យល់​ថា​តំបន់​អាស៊ី​បូព៌ា​នឹង​មាន​ជោគ​វាសនា​ដូច​​​​អ៊ុយ​ក្រែន​​នា​ពេល​អនា​គត​៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ