ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាមបទយកព័ត៌មាននៅផ្សារក្រមួន ក្រុងស្វាយរៀង ភ្លៀងរាល់ថ្ងៃត្រូវប៉ាន់អ្នកប្រកបមុខរបរ​ទា.ក់​សត្វស្លា.ប

17 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ នៅរដូវវស្សា មានភ្លៀងធ្លាក់ពេលល្ងាចរាល់ថ្ងៃ ត្រូវប៉ាន់ព្រានអ្នកប្រកបមុខរបរទាក់សត្វស្លាប ដែលមហាជនលើកឡើងថា ស្ទើរតែផុតពូជសត្វស្លាប ដែលជាសត្វកម្រ ដូចជា សត្វ​ទោម…

ខេត្តស្វាយរៀង ៖ នៅរដូវវស្សា មានភ្លៀងធ្លាក់ពេលល្ងាចរាល់ថ្ងៃ ត្រូវប៉ាន់ព្រានអ្នកប្រកបមុខរបរទាក់សត្វស្លាប ដែលមហាជនលើកឡើងថា ស្ទើរតែផុតពូជសត្វស្លាប ដែលជាសត្វកម្រ ដូចជា សត្វ​ទោម ក្អែកទឹក ស្មោញ ក្វែក ក្រសា ថ្លុំ រំពេ និងចាបពូក។ល។ ដោយសារតែអ្នកប្រកបមុខរបរទាក់សត្វ វាយលប់ដាក់មង ចាប់យកមកលក់រាល់ថ្ងៃ ។

បើចាបស្រុកក្នុង១ថ្ងៃ មិនតិចជាង១ពាន់ក្បាលទេ ត្រូវព្រានចាប់យកមកហើយបោចរោម បាចស្លាបទាំងរស់ យកមកដាក់លក់គួរឲ្យសង្វេគ​ណាស់ ។ ហើយនៅវេលាម៉ោង៨និង០០នាទីព្រឹកថ្ងៃទី១៩​ តុលា ២០២៤នេះ មានប្រពន្ធព្រានអ្នកទាក់សត្វស្លាប បានយកសត្វស្លាបមកលក់នៅក្នុងផ្សារក្រមួន ស្ថិតនៅភូមិរោងបន្លែសង្កាត់ស្វាយរៀងក្រុងស្វាយរៀង មានចំនួន០៤នាក់ ដាក់លក់សត្វរាប់រយក្បាល រួមមានសត្វស្លាបត្រពាំង សត្វកុកក្រក សត្វទោម សត្វរំពេ សត្វចាបស្រុក ។

អ្វីគួរឲ្យសង្វេគ​នោះ សត្វចាបរាប់រយក្បាលត្រូវអ្នកលក់បោចរោម បោចស្លាបទាំងរស់ ចងជើងជាចង្កោមនៅរស់រវើក​ញ័រកន្ត្រាក់​ គួរឲ្យអាណិតសត្វក្រៃពេក។

បើតាមស្រ្តីអ្នកលក់សត្វទាំងនោះបានឲ្យដឹងថា គាត់ជាអ្នកប្រមូលទិញសត្វស្លាបពី អ្នកទាក់សត្វ នៅភូមិបាសាក់ឃុំបាសាក់ស្រុកស្វាយជ្រំ ក្នុង១ថ្ងៃ សត្វចាបស្រុក ចាប់ពី២០០ក្បាលទៅ៣០០ក្បាល គាត់ទិញចូល ចាប១០ក្បាល១២,០០០រៀល គាត់លក់ចេញ ១០ក្បាល១៥,០០០រៀល។ សត្វកុកក្រក ១ក្បាល៨,០០០រៀល សត្វស្លាបត្រពាំង ១ក្បាល៦,០០០រៀល សត្វលលក ១ក្បាល៥,០០០រៀល។

ស្រ្តីម្នាក់រស់នៅភូមិសាលារៀនសង្កាត់គយត្របែកក្រុងស្វាយរៀង បានប្រាប់កោះសន្តិភាពថា ប្តីរបស់គាត់ប្រកបមុខរបរដើរទាក់សត្វ​ស្លាប ក្នុង១យប់ សត្វចាប អាចរកបានចាប់ពី១០០ក្បាលទៅ២០០​ក្បាល ដោយដាក់មង ។ គាត់ថា នៅរដូវវស្សានេះឲ្យតែល្ងាចណាមានភ្លៀង ប្តីគាត់យកមង​ទៅរាយ នៅជុំវិញ​ទួលដែលមានដើមឈើច្រើន ល្ងាចឡើងសត្វចាបសត្វលលក ហើរទាំងហ្វូង​រកកន្លែងជ្រកនិងដេក គឺប្រាកដ​ជាជាប់មង រាប់រយក្បាលហើយ ។ ដល់ពេលយប់ដើរឆ្លុះ ចាប់វ៉ៃលប់ មានសត្វកុកក្រក សត្វស្លាបត្រពាំង សត្វច្រាច់ សត្វរំពេ ហើយយប់មិញឆ្លុះបានសត្វទោម១ក្បាលដែរ។

ស្រ្តីរូបនេះបន្តទៀតថា បច្ចុប្បន្នសត្វស្លាបមួយចំនួនគឺបាត់អស់ឆ្លុះមិនសូវជួបដូចជាសត្វ កុកគ្រោង ក្រសា ថ្លុម ក្វែក មាន់ទឹក ទោម កម្រជួបណាស់។

បើតាមស្ត្រីម្នាក់សុំមិនបញ្ចេញឈ្មោះ​ភូមិឃុំបានប្រាប់ឲ្យដឹងដែរថា នៅភូមិរបស់គាត់មានអ្នកប្រកបមុខរបរឆ្លុះសត្វ មានចំនួន០៥នាក់ ក្នុងម្នាក់ៗ មួយយប់អាចដាក់មងចាប់សត្វចាបបានចាប់ពី២០០ក្បាលទៅ៣០០ក្បាល ។ បើឆ្លុះសត្វកុកក្រក សត្វស្លាបត្រពាំង ក្នុង១យប់បានតែ៥ក្បាលទៅ១០ក្បាលប៉ុណ្ណោះ ។ សត្វទាំងអស់នេះបច្ចុប្បន្នមិនសូវរកបានទេ ចង់ពាយអស់ហើយ។

នេះគឺសេចក្តី​សម្ភាសន៍​អ្នកលក់សត្វប្រមាណតែ៧ទៅ៨នាក់គឺរកសត្វចាបសរុបមិនតិចជាង១ពាន់ក្បាលទេ ។ តាមប៉ាន់ប្រមាណ​ចាប់ពី១ពាន់ក្បាលទៅ២ពាន់ក្បាល ហើយសត្វមួយចំនួនទៀតក៏រាប់រយក្បាលដែរ រឿងអីមិនបាត់បង់សត្វស្លាបកម្រអស់…ហេ! ហេ! ។

ព័ត៌មានបន្ត​នឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ