ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហរដ្ឋអាមេរិក​ប្តេជ្ញា​រក្សា​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​កម្ពុជា និង​គាំទ្រ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​គ្រាប់បែក​ចង្កោម​

1 ខែ មុន

ប្រទេស​ស្វី​ស​ ៖ ឯកឧត្តម​បណ្ឌិត លី ធុ​ជ ទេស​រដ្ឋមន្ត្រី អនុប្រធាន​ទី​១ អាជ្ញាធរ​មីន និង​ជា​ប្រធាន​អនុសញ្ញា​អូ​តា​វ៉ា ២០២៤…

ប្រទេស​ស្វី​ស​ ៖ ឯកឧត្តម​បណ្ឌិត លី ធុ​ជ ទេស​រដ្ឋមន្ត្រី អនុប្រធាន​ទី​១ អាជ្ញាធរ​មីន និង​ជា​ប្រធាន​អនុសញ្ញា​អូ​តា​វ៉ា ២០២៤ បាន​លើក​ឡើង​ថា សហរដ្ឋអាមេរិក​ប្តេជ្ញា​រក្សា​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​កម្ពុជា និង​គាំទ្រ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​គ្រាប់បែក​ចង្កោម​ ។

ការ​លើក​ឡើងខាងលើនេះ ​ក្នុង​ជំនួប​ទ្វេភាគី​ជាមួយលោក Stanley L. Brown ឧបការី​ស្តីទី​រដ្ឋមន្ត្រី​ការ​បរទេស ទទួល​បន្ទុក​ការិយាល័យ​កិច្ចការ​នយោបាយ​-​យោធា នៃ​ក្រសួងការបរទេស​សហរដ្ឋអាមេរិក នៅ​ទីក្រុង​ឡូ​សាន ប្រទេស​ស្វី​ស កាលពី​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២៤ ។

តាង​នាម​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​កោតសរសើរ​ចំពោះ​ចំណងមិត្តភាព​យូរអង្វែង​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក និង​បាន​ទទួលស្គាល់​ចំពោះ​ការ​គាំទ្រ​របស់​សហរដ្ឋអាមេរិក​សម្រាប់​វិស័យ​សកម្មភាព​មីន ដែល​បាន​រួមចំណែក​ដល់​កិច្ចសង្គ្រោះ​អាយុជីវិត​ប្រជាជន​នៅ​តាម​មូលដ្ឋាន និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ ​។

តាង​នាមសម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​ស្នើ​សុំ​ការ​ពង្រឹង​ជំនួយ​ដោយ​ផ្ទាល់​រវាង​ប្រទេស​ទាំង​ពីរ​ សម្រាប់​វិស័យ​សកម្មភាព​មីន ព្រមទាំង​បាន​ស្នើ​សុំ​ឱ្យ​សហរដ្ឋអាមេរិក ​បង្កើន​ការ​គាំទ្រ​សម្រាប់​ការ​បោសសម្អាត​គ្រាប់បែក​ចង្កោម​ ។

​ប្រធាន​អនុសញ្ញា​អូ​តា​វ៉ា ឯកឧត្តម​បណ្ឌិត លី ធុ​ជ បាន​បញ្ជាក់​ពី​ការ​គាំទ្រ​របស់​សហរដ្ឋអាមេរិក ​ក្នុង​ការ​ជំរុញ​ឱ្យ​សម្រេច​បាន ​នូវ​គោលដៅ​របស់​អនុសញ្ញា និង​បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​គាំទ្រ​របស់​សហរដ្ឋអាមេរិក​ លើ​ការ​អនុវត្ត​អនុសញ្ញា​អូ​តា​វ៉ា អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក ​។

លោក Stanley L. Brown ឧបការី ​ស្តីទី​រដ្ឋមន្ត្រី​ការ​បរទេស បាន​បញ្ជាក់​ឡើង​វិញ ​នូវ​ចំណងមិត្តភាព​ដ៏​រឹង​មាំ និង​យូរអង្វែង​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា ព្រមទាំង​បាន​កោតសរសើរ​កម្ពុជា ​ក្នុង​ភាព​ជា​អ្នកដឹកនាំ និង​ជំនាញ​សម្រាប់​វិស័យ​សកម្មភាព​មីន​ ។

ជាមួយ​គ្នា​នោះ លោក Stanley L. Brown បាន​កោតសរសើរ និង​ទទួលស្គាល់​ចំពោះ​ការ​ដឹកនាំ និង​រួមចំណែក​របស់​កម្ពុជា ដល់​ការ​អនុវត្ត​អនុសញ្ញា​អូ​តា​វ៉ា ហើយ​សហរដ្ឋអាមេរិក​ ប្តេជ្ញា​រក្សា​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​កម្ពុជា និង​គាំទ្រ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​គ្រាប់បែក​ចង្កោម ផង​ដែរ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ