ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ស្នើ​ឲ្យ​គណៈមេធាវី បន្ត​​កិច្ច​ការពារ​ក្តី ជូន​ជន​ក្រីក្រ ដោយ​ឥត​គិត​កម្រៃ

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ស្នើ​ដល់​គណៈមេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​បន្ត​យកចិត្តទុកដាក់…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ស្នើ​ដល់​គណៈមេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​បន្ត​យកចិត្តទុកដាក់ ក្នុង​ការ​ពង្រឹង​កិច្ច​ការពារ​ក្តី​ជូន​ជន​ក្រីក្រ និង​ជួយ​ការពារ​ក្តី ជូន​ជន​ក្រីក្រ ដោយ​ឥត​គិត​កម្រៃ ។

ឯកឧត្តម រដ្ឋមន្ត្រី បាន​ស្នើ​បែប​នោះ នៅ​ក្នុង​ពិធី​បិទ​មហាសន្និបាត ប្រចាំឆ្នាំ លើក​ទី​២៩ របស់​គណៈមេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៤ ដែល​បាន​រៀបចំ​ធ្វើ​ទ្បើ​ង​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​ជ្រោយចង្វា ។

សូម​ជម្រាប​ថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិ​ទ្ធ កន្លង​មក​ក៏​បាន​ជួយ​សម្របសម្រួល និង​បាន​ផ្តល់​សេចក្តី​ទុកចិត្ត រួម​ទាំង​ផ្តល់​ឱកាស​ដល់​គណៈមេធាវី និង​មេធាវី​លើ​ការងារ ៤​ចំណុច​ធំ​ៗ ផង​ដែរ រួម​មាន ៖ ការ​ជួយ​សម្របសម្រួល​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើ​ការ​ផ្តល់​ថវិកា​ប្រចាំឆ្នាំ​សម្រាប់​ការពារ​ក្តី​ជូន​ជន​ក្រីក្រ ដែល​ក្នុងឆ្នាំនេះ និង​ឆ្នាំ​ក្រោយ គណៈមេធាវី​ទទួល​បាន​ថវិកា​ចំនួន ២,៦០០​លាន​រៀល ពី​កញ្ចប់​ថវិកា​ប្រចាំឆ្នាំ​របស់​ក្រសួងយុត្តិធម៌​សម្រាប់​ចំណាយ​លើ​ការ​ការពារ​ក្តី​ជូន​ជន​ក្រីក្រ និង​បាន​ផ្តល់​ជូន​គណៈមេធាវី នូវ​កិច្ច​គាំពារ ផ្នែក​រដ្ឋបាល សាល​សិក្សា និង​បន្ទប់​ការិយាល័យ​សម្រាប់​បណ្តុះបណ្តាល​សិស្ស​មេធាវី នៅ​បណ្ឌិត្យសភា​ភូមិន្ទ​យុត្តិធម៌​កម្ពុជា ស្រប​តាម​អនុក្រឹត្យ​ស្តី​ពី​ការ​បង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មេធាវី ។

ទន្ទឹម​នោះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ស្នើ​តែងតាំង និង​ផ្តល់​ឋានៈ​ដល់​មេធាវី ជា​សមាជិក​ក្រុមប្រឹក្សា​នីតិកម្ម​និង​យុ​ត្តិ​ធ៌​ម ទីប្រឹក្សា និង​ជំនួយការ​អម​ក្រសួងយុត្តិធម៌ និង​បាន​ផ្តល់​ឱកាស​ដល់​គណៈមេធាវី ក្នុង​ការ​ចូលរួម​ជា​សមាជិក​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ជា​សមាជិក​គណៈកម្មាធិការ​ដឹកនាំ​ការ​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ រួម​ទាំង​ផ្តល់​ឱកាស​ដល់​មេធាវី ក្នុង​ការ​ចូលរួម​ជា​សន្ធាន​ការី​ធ្វើការ​សម្របសម្រួល​ផ្សះផ្សា​វិវាទ​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ក្នុង​ក្របខ័ណ្ឌ អ​.​ដ​.​ក​. និង​ក្នុង​ក្របខ័ណ្ឌ នៃ​វិជ្ជាជីវៈ ដូច​មាន​កំណត់​ក្នុង​ព្រះរាជក្រឹត្យ​ស្តី​ពី​ការ​បង្កើត ការ​រៀបចំ និង​កិច្ច​ដំណើរការ​របស់​អាជ្ញាធរ​ជាតិ ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ និង​អនុស្សរណៈ នៃ​ការ​យោគយល់​គ្នា​រវាង​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ និង​គណៈមេធាវី​ផង​ដែរ ។

ចំណែក លោក លី ច័ន្ទ​តុលា ប្រធាន​គណៈមេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អាណត្តិ​ទី​១៤ ក៏​បាន​ដាក់​ចេញ នូវ​ទិស​ដៅ​សម្រាប់​ឆ្នាំ​២០២៥ ដើម្បី​និរន្តរភាព និង​បន្ត​លើកកម្ពស់​ឧត្តមភាព និង​កិត្យានុភាព នៃ​វិជ្ជាជីវៈ​មេធាវី ដែល​ជា​សំខាន់​គណៈមេធាវី ត្រូវ​បន្ត​អនុវត្ត​គោ​នយោបាយ​មេធាវី​វ័យក្មេង និង​បន្ត​យកចិត្តទុកដាក់​ដល់​សុខទុក្ខ និង​សុខុមាលភាព​របស់​មេធាវី ដែល​មាន​វ័យចាស់​។ ត្រូវ​បន្ត​ពិនិត្យ​និង​ពិភាក្សា​លើ​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​មេធាវី ដើម្បី​ធ្វើ​វិសោធនកម្ម​ឱ្យ​ស្រប​តាម​បច្ចុប្បន្នភាព​នៃ​សង្គម និង​ផលប្រយោជន៍ នៃ​វិជ្ជាជីវៈ​មេធាវី​។ ជាមួយ​នោះ​ត្រូវ​សិក្សា ស្រាវជ្រាវ និង​ពិភាក្សា​លើ​ការ​បង្កើត​យន្តការ​ផ្តល់​សេវា​សន្ធាន​ការី​ក្នុង​ក្របខ័ណ្ឌ គណៈមេធាវី​ដល់​សាធារណជន ដើម្បី​ពង្រីក​សេវាកម្ម​របស់​វិជ្ជាជីវៈ​មេធាវី ។

លោក​បន្ថែម​ថា ជាមួយ​ការងារ​ខាងលើ​គណៈមេធាវី ត្រូវ​បន្ត​រួមចំណែក​ជាមួយនឹង​រាជរដ្ឋាភិបាល ក្នុង​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ និង​តុលាការ និង​សហការ​ជាមួយ​ក្រសួងមហាផ្ទៃ ដើម្បី​ពង្រឹង​ការ​អនុវត្ត​ការងារ​របស់​មេធាវី​ប្រចាំ​រដ្ឋបាល​រាជធានី ខេត្ត​។ បន្ត​កិច្ច​ពិភាក្សា និង​ដោះស្រាយ​បញ្ហា នៃ​ការ​អនុវត្ត​សិទ្ធិ​របស់​មេធាវី នៅ​ដំណាក់កាល​នគរបាល​យុត្តិធម៌​។ បន្ត​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ស្តី​ពី​លក្ខន្តិកៈ​មេធាវី ក្រមសីលធម៌​មេធាវី បទបញ្ជាផ្ទៃក្នុង នៃ​គណៈមេធាវី និង​សេចក្តីសម្រេច​ផ្សេង​ៗ​របស់​គណៈមេធាវី ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ។

ទន្ទឹម​នោះ ត្រូវ​បន្ត​ពិនិត្យ និង​ការពារ​មេធាវី​នៅ​ក្នុង​ការ​ប្រកប​វិជ្ជាជីវៈ ស្រប​តាម​ច្បាប់​ជា​ធរមាន​។ បន្ត​ពិនិត្យ តាមដាន និង​មាន​វិធានការ​ម៉ឺងម៉ាត់​ចំពោះ​មេធាវី ក្នុង​ការ​អនុវត្ត​វិជ្ជាជីវៈ ដែល​មិន​គោរព​តាម​ច្បាប់ និង​វិធាន​វិជ្ជាជីវៈ​មេធាវី និង​សិក្សា​ឡើង​វិញ អំពី​យន្តការ​ដាក់​ទណ្ឌកម្ម​វិន័យ​របស់​ក្រុមប្រឹក្សា​គណៈមេធាវី និង​បន្ត​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ចំពោះ​ជន ដែល​ប្រកប​វិជ្ជាជីវៈ​មេធាវី​ខុសច្បាប់ ។

លោក​បាន​បញ្ជាក់​ថា អ្វី​ដែល​សំខាន់​នោះ ត្រូវ​បន្ត​ពង្រឹង​កិច្ច​ការពារ​ក្តី​ជូន​ជន​ក្រីក្រ និង​ការងារ​ប្រតិភូ​គណៈមេធាវី​នៅ​ទូ​ទាំង​ប្រទេស និង​អនុវត្ត​គោលនយោបាយ​លេខ​០៩៨/​សស​គម​/២១ ចុះ​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២១ ស្តី​ពី​ការពិគ្រោះ​យោបល់​និង​ការពារ​ក្តី​ជូន​ជន​ក្រីក្រ ដោយ​ឥត​គិត​កម្រៃ និង​បន្ត​អនុវត្ត​គម្រោង​មេធាវី​ដល់​មូលដ្ឋាន និង​បន្ត​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការ​យល់​ដឹង និង​ការ​ទទួលស្គាល់​តួនាទី​របស់​មេធាវី​ក្នុង​សង្គម ទាំង​លើ​ឆាក​ជាតិ​និង​អន្តរជាតិ​។ បន្ត​ពង្រឹងគុណភាព សមត្ថភាព និង​ជំនាញ​ដល់​មេធាវី តាម​រយៈ​ការ​បណ្តុះបណ្តាល​ជា​ប្រចាំ សិក្ខាសាលា ទស្សនកិច្ច​សិក្សា ទាំង​ក្នុង​និង​ក្រៅប្រទេស ដើម្បី​ឆ្លើយ​តប​នឹង​ការ វិ​វ​ឌ្ឍ​សង្គម សេដ្ឋកិច្ច និង​ចរន្ត​នៃ​សាកល​ភាវូបនីយកម្ម ជា​ពិសេស​ត្រូវ​ចេះ​ប្រើ​ឧបករណ៍​បច្ចេកវិទ្យា ដើម្បី​ដើរ​ឱ្យទាន់​នូវ​ការ​រីក​នៃ​បច្ចេកវិទ្យា ហើយ​យកចំណេះ​ដឹង​នេះ​មក​ប្រើប្រាស់​ជា​ឧត្តម​ប្រយោជន៍​នៃ​កិច្ច​ការងារ​មេធាវី​របស់​ខ្លួន ។

លោក លី ចាន់​តុលា បាន​រំលឹក​ថា ដើម្បី​សម្រេច​បាន​កិច្ចការ​សំខាន់​ៗ​ខាងលើ គណៈមេធាវី ត្រូវ​តែ​យកចិត្តទុកដាក់​លើ​ការងារ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ស្ថាប័ន​ជាតិ​និង​អន្តរជាតិ ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​វិជ្ជាជីវៈ​មេធាវី​ឱ្យ​បាន​កាន់តែ​ប្រសើរ​ឡើង រួម​ទាំង​ការ អនុវត្ត​គោលនយោបាយ និង​សកម្មភាព​ផ្សេង​ៗ​ទៀត ដែល​ដាក់​ចេញ​ដោយ​ថ្នាក់ដឹកនាំ​គណៈមេធាវី​អាណត្តិ​ថ្មី ។

លោក លី ចាន់​តុលា ក៏​បាន​ស្នើ​សុំ​សហ​ភាតា​ត្រូវ​ខិតខំ​បង្កើន​សមត្ថភាព​របស់​ខ្លួន ចាប់​យក​ជំនាញ​ច្បាស់លាស់​ក្នុង​វិស័យ​ច្បាប់​ណាមួយ និង​ត្រូវ​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​វិធាន​និង​សីលធម៌​វិជ្ជាជីវៈ​សេចក្តី​ថ្លៃថ្នូរ ទាំង​ក្នុង​ពេល​ប្រកប​វិជ្ជាជីវៈ ទាំង​នៅ​ក្រៅ​ពេល​ប្រកប​វិជ្ជាជីវៈ ពីព្រោះ​សមត្ថភាព សីលធម៌​វិជ្ជាជីវៈ និង​សេចក្តី​ថ្លៃថ្នូរ គឺជា​សរសរ​ស្តម្ភ​យ៉ាង​រឹង​មាំ​សម្រាប់​លើកតម្កើង​ឧត្តមភាព និង​កិត្យានុភាព​នៃ​វិជ្ជាជីវៈ​របស់​មេធាវី​ម្នាក់​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ