ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«នាយក្រិន»ទម្លាយ​រឿង​ជាប់បំណុល​ជិត​១០​ម៉ឺន​ដុល្លារ ស្រប​អាជីព​សិល្បៈ​ខ្លួន​​ស្ងប់​ស្ងាត់

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​មាឌ​ល្អិត​នាយ​ក្រិន បាន​ទម្លាយ​ពី​ការ​ជាប់បំណុល​ប្រមាណ​១០​ម៉ឺន​ដុល្លារ ដែល​លោក​ត្រូវ​ទទួល​រ៉ាប់រង​បង់​ជា​រៀង​រាល់​ខែ ខណៈ​ពេល​ដែល​រហូត​មក​ទល់​ពេល​នេះ អាជីព​សិល្បៈ​របស់​លោក ហាក់​នៅ​បន្ត​ស្ងប់ស្ងាត់​ដដែល ។ ក្រោយ​ពី​បរាជ័យ​នៅ​ក្នុង​ការ​បើក​មុខរបរ​រកស៊ី​ដោយ​ខ្លួនឯង…

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​មាឌ​ល្អិត​នាយ​ក្រិន បាន​ទម្លាយ​ពី​ការ​ជាប់បំណុល​ប្រមាណ​១០​ម៉ឺន​ដុល្លារ ដែល​លោក​ត្រូវ​ទទួល​រ៉ាប់រង​បង់​ជា​រៀង​រាល់​ខែ ខណៈ​ពេល​ដែល​រហូត​មក​ទល់​ពេល​នេះ អាជីព​សិល្បៈ​របស់​លោក ហាក់​នៅ​បន្ត​ស្ងប់ស្ងាត់​ដដែល ។

ក្រោយ​ពី​បរាជ័យ​នៅ​ក្នុង​ការ​បើក​មុខរបរ​រកស៊ី​ដោយ​ខ្លួនឯង ទាំង​ការ​បើកហាង​ផឹកស៊ី និង​វង់​ល្ខោន​នោះ នាយ ក្រិន ក៏​បាន​ជាប់ផុង​ជាមួយនឹង​បំណុល​រាប់​ស៊ិ​ប​ម៉ឺន​ដុល្លារ​រហូត​មក​ដល់​បច្ចុប្បន្ន ដោយសារ​ទុន​ដែល​លោក​បាន​ខ្ចី​ពី​ធនាគារ​នៅ​ក្នុង​ការ​រកស៊ី​នេះ ត្រូវ​ខាតបង់​ទាំងស្រុង ។

ក្នុង​បទ​សម្ភាសន៍​មួយ​នាយ​ក្រិន​បាន​លើក​ឡើង​ថា បច្ចុប្បន្ន លោក​កំពុង​ជាប់បំណុល​ធនាគារ​ប្រមាណ​៦​ម៉ឺន​ដុល្លារ ហើយនឹង​ជាប់​លុយ​ខ្ចី​គេ​ខាងក្រៅ​បន្ថែម​ទៀត​ជិត​៣​ម៉ឺន​ដុល្លារ ដែល​សរុប​ទាំងអស់​គឺ​ជិត​១០​ម៉ឺន​ដុល្លារ ។

លោក​បញ្ជាក់​ថា ការ​ខ្ចី​លុយ​ធនាគារ​ដ៏​ច្រើន​នេះ គឺ​លោក​ខ្ចី​យក​មក​រកស៊ី​កាលពី​ពេល​កន្លង​ទៅ ដោយ​បើកហាង​ផឹកស៊ី និង​បើក​រោងល្ខោន ហើយ​ពេល​នេះ​មុខរបរ​ទាំង​អស់នោះ​មិន​បាន​ទទួល​ជោគជ័យ និង​បិទ​ជា​ស្ថាពរ នោះ​ជា​ហេតុ​ធ្វើ​ឲ្យ​លោក​ជំ​បំណុល​ដ៏​ច្រើន​មួយ​នេះ ។

លោក​ថា យើង​យក​លុយ​គេ​មក​ម្តង​បន្តិច​ៗ ដើម្បី​រកស៊ី ហើយដោយ​សារ​យើង​មិន​អាច​រក​លុយ​បង់​ធនាគារ​ទាន់​នោះ ទើប​យើង​ក៏​រត់​រក​កម្ចី​ឯកជន ដើម្បី​ដោះ​ធនាគារ ដោយ​រំពឹង​ទទួល​បាន​ក្រេ​ឌី​ត​ល្អ​ពី​ធនាគារ តែ​ពេល​នេះ វា​មិនល្អ​អី​អា​ខាងក្រៅ​ក៏​មិនល្អ ឯ​ធនាគារ​ក៏​វា​លំបាក ។

លោក​បន្ថែម​ថា សម្រាប់​កម្ចី​ធនាគារ​គឺ​មិន​មានការ​យោគយល់​ឡើយ ពោល​គឺ​ដល់​ខែ​ដល់​ថ្ងៃ​ត្រូវ​តែ​បង់​ដាច់ខាត ប៉ុន្តែ​សម្រាប់​កម្ចី​អ្នកស្រុក​អ្នក​ភូមិ​គឺ​ពួក​គាត់​មានការ​យោគយល់​ខ្លះ​ដែរ ។ យ៉ាងណា បើ​តាម​នាយ​ក្រិន សម្រាប់​ការ​ជំពាក់​បំណុល​នេះ លោក​នៅ​តែ​ព្យាយាម​រក​ដើម្បី​ដោះ ហើយ​កន្លង​មក​លោក​ក៏​ធ្លាប់​ប្រកាស​ដាក់​លក់​ដី​ផ្ទាល់ខ្លួន​ផង​ដែរ ដោយ​ដី​នេះ​លោក​ដាក់​លក់​ប្រមាណ​១០​ម៉ឺន​ដុល្លារ ។

នាយ ក្រិន បន្ថែម​ថា ទោះជា​ស្ថិត​នៅ​ក្នុង​ការ​លំបាក ដោយ​ក្នុង​ពេល​នេះ​លោក​ត្រូវ​ទទួល​រ៉ាប់រង​ចិញ្ចឹម​កូន​៣​នាក់ និង​ឪពុក​ដែល​កំពុង​មាន​ជំងឺ និង​ភាព​ចាស់ជរា​នៅ​ក្នុង​បន្ទុក តែ​លោក​នៅ​តែ​តស៊ូ​ព្យាយាម​រក​ប្រាក់​មក​ផ្គត់ផ្គង់​គ្រួសារ និង​ដោះបំណុល​គេ​នា​ពេល​នេះ ។

គួរ​បញ្ជាក់​ថា ក្រោយ​ពី​ការ​លែងលះ​ភរិយា​ទី​២​នោះ​មក នាយ ក្រិន ក៏​ត្រូវ​ទទួល​រ៉ាប់រង​ចិញ្ចឹម​កូន​៣​នាក់​នៅ​ក្នុង​បន្ទុក ស្រប​ពេល​ដែល​មុខរបរ​រកស៊ី​បើកហាង​ផឹកស៊ី​របស់​លោក​នៅ​ផ្លូវ​២០០៤ ក៏​ត្រូវ​បាន​បិទ​លេង​ដំណើរការ​ផង​ដែរ ។

ជាង​នេះ​ទៅ​ទៀត មុខរបរ​បើក​វង់​ល្ខោន​ផ្ទាល់ខ្លួន​របស់​លោក ក៏​ត្រូវ​បាន​បិទ​ដូច​គ្នា​ក្រោយ​ដំណើរ​បាន​ជាង​៣​ឆ្នាំ​មកនេះ ក្នុង​ពេល​ដែល​វង់​ល្ខោន​របស់​លោក​បាន​ចំណាយ​ទុន​ជាង​៥​ម៉ឺន​ដុល្លារ ។ ដោយឡែក ពាក់ព័ន្ធ​អាជីព​កំប្លែង​វិញ​នាយ ក្រិន ធ្លាប់​បាន​លើក​ឡើង​ថា នៅ​ពេល​នេះ​លោក​មិន​មាន​វង់​សម្តែង​ជាមួយ​អ្នក​ណា​ឡើយ បន្ទាប់​ពី​រំសាយ​ពី​ក្រុម​នាយ​កុយ នោះ​មក ។

លោក​បញ្ជាក់​ថា កន្លង​មក ដោយសារ​មិន​មានកម្ម​វិធី​សម្តែង​កំប្លែង​តាម​ប៉ុស្តិ៍​នោះ ក្រុម នាយ កុយ ក៏​បាន​រំសាយ​ក្រុម ដោយ​កូនក្រុម​បាន​ចេញ​ទៅ​ធ្វើការ​រៀងខ្លួន ។ យ៉ាងណា កន្លង​មក លោក​ក៏​ធ្លាប់​ត្រូវ​បាន​នាយ កុយ ហៅ​អោយទៅ​សម្តែង​ម្តងម្កាល​ដែរ ប៉ុន្តែ​ដោយសារ​លោក​នៅ​ឆ្ងាយ (​បាត់ដំបង​) ហេតុនេះ​លោក​មិន​អាច​ទៅ​កើត ។ លោក​ថា មិន​អាច​ទៅ​កើ​តប​ដោយសារ​លោក​នៅ​ឆ្ងាយ​ត្រូវ​ចំណាយ​ការ​ធ្វើ​ដំណើរ និង​ហូប​ចុក​ស្នាក់​នៅ ខណៈ​ពេល​ការ​សម្តែង​តាម​ប៉ុស្តិ៍​ទូរទស្សន៍ គឺ​បាន​កម្រៃ​តិចតួច​ប៉ុណ្ណោះ ។ ទោះជា​យ៉ាងណា បើ​តាម​នាយ ក្រិន ប្រសិនបើ​មានការ​ហៅ​សម្តែង​ញឹកញាប់​នោះ​លោក​នឹង​ទៅ ។

នាយ ក្រិន បាន​លើក​ឡើង​បន្ថែម​ថា បច្ចុប្បន្ន លោក​មិនសូវ​មានការ​សម្តែង​ច្រើន​ឡើយ ដោយសារ​លោក​បាន​មក​រស់នៅ​ស្រុក​កំណើត​ខេត្តបាត់ដំបង ប៉ុន្តែ​យូរ​ៗ​ម្តង​មាន​គេ​ហៅ​ថត​ជា​ឃ្លី​ប​បង្ហោះ​តាម​យូ​ធូប និង​គេ​ហៅ​លេងល្ខោន​ម្តងម្កាល​ដែរ ។

លោក​បញ្ជាក់​ថា ដោយសារ​ខ្សត់​ទីផ្សារ​សម្តែង និង​ការ​បិទ​រោងល្ខោន​ផ្ទាល់ខ្លួន​នា​ពេល​នេះ គឺ​លោក​បាន​ជួប​បញ្ហា​ជីវភាព​យ៉ាង​ខ្លាំង ដោយសារ​មួយ​ខែ​ៗ​លោក​រក​លុយ​សម្រាប់​បង់ថ្លៃ​ជំពាក់​គេ​សឹងតែ​មិន​គ្រប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ