ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​សិក្ខាសាលា​ស្តី​ពី សុវត្ថិភាព​មធ្យោបាយ​ដឹក​ជញ្ជូន​កម្មករនិយោជិត និង​សុខដុម​នី​យ​កម្ម​ ទំនាក់ទំនង​វិជ្ជាជីវៈ​ នៅ​កម្ពុជា

3 ថ្ងៃ មុន

ខេត្តសៀមរាប​ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២៤ បាន​រៀបចំ​សិក្ខាសាលា​ស្តី​ពី «​សុវត្ថិភាព​មធ្យោបាយ​ដឹក​ជញ្ជូន​កម្មករនិយោជិត និង​សុខដុម​នី​យ​កម្ម​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា​»​…

ខេត្តសៀមរាប​ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២៤ បាន​រៀបចំ​សិក្ខាសាលា​ស្តី​ពី «​សុវត្ថិភាព​មធ្យោបាយ​ដឹក​ជញ្ជូន​កម្មករនិយោជិត និង​សុខដុម​នី​យ​កម្ម​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា​»​ ។ សិក្ខាសាលា​នេះ​ធ្វើ​ឡើង​នៅ​សណ្ឋាគារ Royal Angkor Resort នា​ក្រុង​សៀមរាប ខេត្តសៀមរាប ដោយ​មានការ​ចូលរួម​ពី​សំណាក់​ភាគី​ពាក់ព័ន្ធ ដូច​ជា​តំណាង​ភាគី​កម្មករនិយោជិត តំណាង​ភាគី​និយោជក និង​តំណាង​ភាគី​រាជរដ្ឋាភិបាល ប្រមាណ​ជាង ៣០០​នាក់ ។

ថ្លែង​នៅ​ក្នុង​អង្គ​សិក្ខាសាលា ឯកឧត្តម ជួប ឋិត​ឋេ​រ​ឬ​ទ្ធិ អនុរដ្ឋលេខាធិការ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​គូសបញ្ជាក់​ថា សិក្ខាសាលា​នា​ពេល​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​គោលបំណង​ឱ្យ​មាន​កិច្ច​ពិភាក្សា​ស៊ីជម្រៅ ដើម្បី​ប្រមូល​ធាតុ​ចូល​ពី​សំណាក់​ភាគី​ពាក់ព័ន្ធ ដូច​ជា​តំណាង​ភាគី​និយោជិត តំណាង​ភាគី​និយោជក និង​ភាគី​រាជរដ្ឋាភិបាល ធ្វើ​យ៉ាងណា​ឱ្យ​មធ្យោបាយ​ធ្វើ​ដំណើរ​ប្រកបដោយ ​បទដ្ឋាន​បច្ចេកទេស សុវត្ថិភាព ផាសុកភាព ដល់​កម្មករនិយោជិត​នៅ​កម្ពុជា​ ។

ឯកឧត្តម​បាន​គូសបញ្ជាក់​បន្ថែម​ថា ក្នុង​នាម​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​ក្តី​សង្ឃឹម​យ៉ាង​មុតមាំ​ថា បណ្តា​ភាគី​ពាក់ព័ន្ធ​នឹង​មាន​កិច្ច​ពិភាក្សា​មួយ​ យ៉ាង​សុី​ជម្រៅ គ្រប់​ជ្រុងជ្រោយ ផ្អែក​លើ​តថភាព​ជាក់ស្តែង ដើម្បី​ជា​ធាតុ​ចូល​មួយ​យ៉ាង​សំខាន់ ​ក្នុង​ការ​កែប្រែ​មធ្យោបាយ​ធ្វើ​ដំណើរ​របស់​បងប្អូន​កម្មករនិយោជិតនៅ​កម្ពុជា ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​ជាង​មុន ដើម្បី​ជៀសវាង​ការ​បង្ក​គ្រោះថ្នាក់​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ធ្វើការ និង​ត្រលប់​មក​កន្លែង​ស្នាក់​នៅ​វិញ ​។

ឯកឧត្តម​បាន​សង្កត់ធ្ងន់​ថា និយោជក​ដែល​កំពុង​បើក​អាជីវកម្ម​នៅ​ប្រទេស​កម្ពុជា មាន​តួនាទី​យ៉ាង​សំខាន់ ​ក្នុង​ការ​ធានា​ឱ្យ​មានការ​គោរព​សិទ្ធិ​ ដល់​កម្មករនិយោជិត​ ដែល​មាន​ចែង​ក្នុង​ច្បាប់​ការងារ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រក្សា​ឱ្យ​បាន​នូវ​ទំនាក់ទំនង​វិជ្ជាជីវៈ​ល្អ សុវត្ថិភាព​ការងារ ធ្វើ​យ៉ាងណា​សំដៅ ​ឱ្យ​មាន​សុខដុម​នី​យ​កម្ម​នៅ​ក្នុង​រោងចក្រ សហគ្រាស ដែល​ជា​គោលនយោបាយ​ដ៏​សំខាន់​មួយ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី​៧ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​។

គិត​ត្រឹម​ឆ្នាំ ២០២៤​នេះ មាន​កម្មករនិយោជិត​ប្រមាណ​ជិត ២៣ មុឺ​ន​នាក់​ កំពុង​ធ្វើ​ដំណើរ​តាម​រថយន្ត​ សម្រាប់​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ទៅ​ធ្វើការ និង​ត្រលប់​មក​ពី​ធ្វើការ​វិញ ក្នុង​នោះ​មាន​រថយន្ត​មួយ​ចំនួន​មិន​ទាន់​មាន​កៅអី អង្គុយ​ត្រឹមត្រូវ​នោះ​ទេ ដែល​កត្តា​ទាំងនេះ​អាច​បង្ក​ហានិភ័យ​គ្រោះថ្នាក់ ​ដល់​កម្មករនិយោជិត​អំឡុង​ពេល​ធ្វើ​ដំណើរ​ ។ នេះ​ជា​ការ​បញ្ជាក់​របស់ ឯកឧត្តម ខឹ​ម បូ​រិ​ន ទីប្រឹក្សា​អម​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ។

ឯកឧត្តម ខឹ​ម បូ​រិ​ន បាន​គូសបញ្ជាក់​បន្ថែម​ថា ខេត្ត​ដែល​មាន​រថយន្ត​ដឹក​កម្មករនិយោជិត​ច្រើន​ជាងគេ​មាន​ដូច​ជា ខេត្តកំពង់ស្ពឺ​មាន​ជាង ៩០០​ គ្រឿង និង​ខេត្ត​បន្តបន្ទាប់​ទៀត​មាន​ដូច​ជា ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ជាដើម ​។ ក្នុង​ន័យ​នេះ រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​គោលដៅ​បំបាត់​ទាំងស្រុង​ នូវ​រថយន្ត​ដែល​គ្មាន​កៅអីអង្គុយ​ត្រឹមត្រូវ គ្មាន​បទដ្ឋាន​សុវត្ថិភាព និង​គ្មាន​ផាសុកភាព​នៅ​ពេល​ខាង​មុខ​ដ៏​ខ្លី ​៕ អត្ថបទសហការ