ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីអំពើ​ឆបោក​ដ៏​ធំ​​មួយនៅ​ថៃ ​តើ​​កំពូល​តារា​ថៃ​ល្បី​ៗ​ទាំងនេះ​​មានជាប់​ពាក់ព័ន្ធអ្វីខ្លះ​?

13 ម៉ោង មុន

ក្វា​ង​ណៃ ​​៖ រឿង​កំពុង​ល្បីដែល​ប្រជាជន​ថៃ​កំពុង​តាមដាន ពាក់ព័ន្ធ​ទៅ​នឹង​ក្រុមហ៊ុន​ដ៏​ល្បី​លំដាប់​ប្រទេស និង​តារា​ជួរ​មុខជា​ច្រើន​រូបលបាន​រង​ការ​ចោទប្រកាន់​ថា រកស៊ី​បោកប្រាស់​ប្រជាជន​ ។ ​​​កាលពី​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២៤…

ក្វា​ង​ណៃ ​​៖ រឿង​កំពុង​ល្បីដែល​ប្រជាជន​ថៃ​កំពុង​តាមដាន ពាក់ព័ន្ធ​ទៅ​នឹង​ក្រុមហ៊ុន​ដ៏​ល្បី​លំដាប់​ប្រទេស និង​តារា​ជួរ​មុខជា​ច្រើន​រូបលបាន​រង​ការ​ចោទប្រកាន់​ថា រកស៊ី​បោកប្រាស់​ប្រជាជន​ ។

​​​កាលពី​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២៤ ក្រុម​ប៉ូ​លិសនៃ​នាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់​ថៃ បាន​ចូល​ទៅ​ឆែកឆេរ​ទីស្នាក់ការ​កណ្តាល​របស់​ក្រុមហ៊ុន The Icon Group​ ក្នុង​ទីក្រុង​បាងកក ដើម្បី​ស្វែងរក​ភស្តុ​តាង​បន្ថែម ក្រោយ​ពី​ក្រុម​ជន​រង​គ្រោះ​ជិត​២០០​នាក់ បាន​​ដាក់​ពាក្យបណ្តឹង​ទាមទារ​រក​យុត្តិធម៌ ដោយ​អះអាង​ថា ពួក​គេ​បាន​ធ្លាក់​ចូល​ក្នុង​គម្រោង​វិនិយោគ ផុ​ន​ហ្ស៊ី ស្គី​ម (Ponzi cheme) របស់​ក្រុម​ហ៊ុន​ផ្គត់ផ្គង់​ផលិតផល​ថែរក្សា​សម្រស់ និង​អាហារ​បំប៉ន​ឈានមុខ​គេ​ប្រចាំ​ប្រទេស​ថៃ​មួយ​នេះ​។

អ្នកនាំពាក្យ​រង​ប៉ូ​លី​ស លោក Uthaen Nuipin បាន​និយាយ​ថា ប៉ូ​លិសត្រូវ​ការ​ពេល៤៨​ម៉ោង មុន​ពេល​ពួក​គេ​អាច​ចេញ​ដីកាចាប់ខ្លួន​ប្រឆាំង​នឹង​មេ​ធំ​របស់ The Icon Group ពី​បទ​ក្លែងបន្លំ និង​ការ​លាង​លុយ​ ។ អ្នកនាំពាក្យ​រង​បាន​បន្ថែម​នៅ​រសៀល​ថ្ងៃ​សុក្រ​ថា មាន​ជន​រង​គ្រោះ​សរុប ១៦១​នាក់​ ហើយ​បាន​ដាក់​ពាក្យបណ្តឹង ដោយ​ទាមទារ​ការ​ខូចខាត​សរុប​ចំនួន​៦២​លាន​បាត​ ។

គួរ​កត់​សម្គាល់ថា មុន​ពេល​ផ្ទុះ​រឿងអាស្រូវ​ឆបោក​ជា​ប្រព័ន្ធ​នៃ​គម្រោង​ពីរ៉ាមីត ក្រុមហ៊ុន iCon Group ទោះ​តែ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ក្នុង​ចំណោម​អ្នកវិភាគ​សេដ្ឋកិច្ច និង​វិស័យ​ជំនួញ​ក្នុង​ប្រទេស ដោយ​ក្រុមហ៊ុន​មួយ​នេះ ​អាច​រក​ចំណូល​បាន​ជាង​៥​ពាន់​លាន​បាត​នៅ​ឆ្នាំ​២០២៤ ខណៈ​ដែល​វា​ទើបតែ​បង្កើត​ឡើង​កាលពី​៥​ឆ្នាំ​មុន​ក៏​ដោយ​។ ប្រាក់​ចំណូល​ដ៏​ក្រាស់ក្រែល​នេះ បាន​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​មានការ​ងឿងឆ្ងល់​?

យ៉ាងណា​ក៏ដោយ ​ក្រោយ​ពី​រឿងរ៉ាវ​រីក​រាលដាល​កាន់​ត​តែ​ធំ ក្រុម​តារា​ប្រុស​ស្រី​ល្បី​ៗ​ជួរ​មុខ​ចំនួន​៥ ដែល​ត្រូវ​បាន​គេ​ជឿ​ថា មាន​ជាប់​ពាក់ព័ន្ធ​យ៉ាង​ស្អិតរ​មួ​ត​ជាមួយ​មេ​ធំ​របស់​ក្រុមហ៊ុន​ខាងលើ បាន​ចេញ​មុខ​បកស្រាយ​ជា​បន្តបន្ទាប់​ដោយ​បដិសេធ​ថា ពួក​គេ​ពុំ​បានដឹង​ពី​គម្រោង​បោក​បញ្ឆោត​ប្រជាជន​នោះ​ទេ ព្រោះ​ពួក​គេ​គ្រាន់តែ​ជា​អ្នក​ផ្សព្វផ្សាយ​ផលិតផល និង​ធ្វើ​ទីផ្សារ​ឱ្យ​ក្រុមហ៊ុន​មួយ​នេះ​តែ​ប៉ុណ្ណោះ មិន​មិនមែន​ជា​ម្ចាស់​ហ៊ុន​នោះ​ឡើយ​ ។

នៅ​ថ្ងៃ​ទី​១១ តុលា​ នេះ​ដែរ ក្រុមហ៊ុន The Icon Group បាន​ចេញ​លិខិតបញ្ជាក់​ថា តារា​ល្បី​ទាំង​៤​រូប ដែល​រួម​មាន ពិធីករ Kant តារា​សម្តែង​ជើង​ចាស់ Yuranunt ហៅ​P.Sam លោក​Boy Pakorn និង​កញ្ញា Min Pechaya មិនមែន​ជា​ម្ចាស់​ហ៊ុន​របស់​ក្រុមហ៊ុន​ទេ គឺ​គ្រាន់តែ​ជា​ជំនួយការ​អ្នក​ទីផ្សារ និង​អ្នក​ធ្វើ​បទ​បង្ហាញ​ប៉ុណ្ណោះ​ ។

1-Min Pechaya ចេញ​មុខ​មក​ធ្វើ​ស​ន្និ​សីទ​​កាសែត​ក្រោយ​គេ កញ្ញា Min បាន​សម្រក់​ទឹកភ្នែក​សំពះសុំទោស​ប្រជាជន​ថៃ និង​ជន​រង​គ្រោះ​ដោយ​ប្រកាស​ថា ខ្លួន​នឹង​បញ្ចប់​កិច្ចសន្យា និង​លាឈប់​ពី Presenter និង​PR របស់ The iCon Group​ចាប់ពី​ថ្ងៃនេះ​តទៅ​។ Min បកស្រាយ​ថា បញ្ហា​ដែល​កើតឡើង គឺ​គាត់​ក៏​ទើបតែ​ដឹង​ដូច​គ្នា ហើយ​ចាត់​ទុក​ថា នេះ​ជា​ការ​ភ្លាត់ស្នៀត​របស់​ខ្លួន​ដ៏​គួរ​អោយ​សោកស្តាយ​ដោយ​បញ្ជាក់​ថា ខ្លួន​ប្រឡូក​ក្នុង​វិ​ថី​សិល្បៈ២០ឆ្នាំ ខ្លួន​ផ្ទាល់​ក៏​មិន​ទទួល​ការងារ​ណា​ដែល​ក្ដៅក្រហាយបណ្ដាល​ឲ​ប្រជាជន​មាន​បញ្ហា​ទេ ព្រោះ​គាត់​នៅ​មាន​ផ្លូវ​រើសដោយ​សារ​​គ្រួសារ​គាត់​ក៏​ជា​អ្នក​ធុរៈកិច្ច​រាប់​លាន​ដូច​គ្នា ​។  នេះ​បើ​យោង​តាម​ខ្លឹមសារ​ដែល​យើង​ដកស្រង់​ពី​ការ​បកប្រែ​របស់​ផេ​ក Thailand star -Cambodia Fanclub ។

2-Boy Pakorn ដោយឡែក​ តារា​ប្រុស Boy Pakorn វិញ ផេ​ក Thailand star – Cambodia Fanclub បាន​បញ្ជាក់​ថា Boy Parkon បាន​សូម​ខ្លួន​ចូល​ទៅ​បកស្រាយ​លើ​កម្មវិធី​ដ៏​ល្បី​របស់​បុ​ស្តិ៍​លេខ​៣ថៃ ដោយ​អះអាង​ថា ខ្លួន​មាន​អារម្មណ៍​ខ្លួន​គាត់​ល្ងង់​ដែល​ជឿ ហើយ​វា​ក៏​ជា​កំហុស​របស់​គាត់​ទាំងស្រុង​។ ដើម​ឡើយ​ ខ្លួន​ស្គាល់​ក្រុមហ៊ុន The iCon Group នេះ​តាម​រយៈ Boss Paul ​។ ក្នុង​ឆ្នាំ២០២០ Boss Paul បាន​ទាក់ទង​ឱ្យ Boy ធ្វើ​ជា Presenter ប្រ​ម៉ូត​ផលិតផល​ប្រូតេអ៊ីន​មួយ ពួក​គេ​សម្រេច​ចុះ​កិច្ចសន្យា​ព្រមព្រៀង​គ្នា​រយៈពេល​មួយ​ឆ្នាំ​។ បន្ទាប់​មក​ដល់​ឆ្នាំ ២០២១ កុងត្រា​អស់​សព​ល​ភាព Boy ក៏​មិន​បាន​បន្ត​កុងត្រា​និង​ធ្វើការ​ក្នុង​ក្រុមហ៊ុន​នេះ​ទៀត​ដែរ​។

លុះដល់​ឆ្នាំ២០២២ ខាង​ក្រុមហ៊ុន​ក៏​ទាក់ទង Boy ឲ​ធ្វើ​ជា Presenter ប្រ​ម៉ូត​ផលិតផល​ម្ដងទៀត ហើយ​កុងត្រា​ក៏​ចេះ​តែ​បន្ត​ជា​រឿយ​ៗ​រាល់​ឆ្នាំ​រហូត​មក​ដល់​ឆ្នាំ​២០២៤​នេះ​។ ក្នុង​កិច្ចសន្យា​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា គាត់​គ្រាន់តែ​ជា Presenter ដើម្បី​ប្រ​ម៉ូត​ផលិតផល​របស់​ក្រុមហ៊ុន​នេះ​ពិតមែន ចំពោះ​បញ្ហា​ឬ​រឿង​ខាងក្នុង​ក្រុមហ៊ុន​នេះ​គាត់​អត់​បានដឹង​ទេ ហើយ​បើ​ប៉ូ​លី​ស​ចង់​មើល គាត់​ព្រម​សហការ ព្រោះ​គាត់​មាន​ឯកសារ​បញ្ជាក់​និង​រូបថត វិ​ឌី​អូ​ គ្រប់​សកម្មភាព​ទាំងអស់​ដែល​បញ្ជាក់​ថា​ គាត់​គ្រាន់តែ​ជា Presenter​។ Boy គាត់​បាន​លើក​ឡើង​ថា គាត់​ជឿជាក់​ក្រុមហ៊ុន​នេះ​ដោយសារ Clip អូស​ទាញ ពេល​គេ​បង្រៀន​ឲ​ប្រជាជន​ចេះ​រកស៊ី និង​ណែនាំ​ឲ​ប្រជាជន​ចេះ​រកស៊ី​តាម​អន​ឡាញ​…​។​ប៉ុន្តែ​មិន​នឹក​ស្មានថា រឿង​ទៅ​ជា​បែប​នេះ​សោះ ។

3-Kan kantathavorn ជាមួយ​គ្នា តារា​សម្ដែង និង​ជា​ពិធីការ​ល្បីឈ្មោះ លោក កាន ក​ន្ថា​ថា​វន បាន​ប្រកាស​បញ្ចប់​តួនាទី​ជា​ពិធីករ​គ្រប់​កម្មវិធី​ក្នុង​ទូរទស្សន៍ WorkPoint រហូត​ដល់​គ្រប់យ៉ាង​ត្រូវ​បាន​លាតត្រដាង​និង​ដោះស្រាយ​ចប់​១០០%​ ។ កាលពី​ថ្ងៃ​ទី​១០ តុលា លោក កាន បាន​បញ្ជាក់​ថា ដោយសារ​ព័ត៌មាន​ដែល​បច្ចុប្បន្ន​ជា​បញ្ហា​សង្គម ដែល​ពាក់ព័ន្ធ​នឹង​ខ្លួន​លោក​ផ្ទាល់ មិន​នៅ​ព្រងើយកន្តើយ​ឡើយ ដើម្បី​បង្ហាញ​ពី​ភាព​ស្មោះត្រង់ និង​ទំនួល​ខុស​ត្រូវ​ចំពោះ​ខ្លួន និង​សង្គម រួម​ទាំង​ភ្នាក់ងារ​របស់​លោក និង​អ្នកធ្វើការ​ជាមួយ​លោក ​។ អាស្រ័យ​ហេតុនេះ ខ្ញុំ​សូម​បញ្ចប់​តួនាទី​ជា​ពិធីករ​ក្នុង​គ្រប់​កម្មវិធី​ទាំងអស់ រហូត​ទាល់តែ​មានការ​បំភ្លឺ និង​ច្បាស់លាស់ ហើយ​ខ្ញុំ​ត្រៀម​ផ្តល់​ព័ត៌មាន​ដល់​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ភាព​ត្រឹមត្រូវ​នៃ​ដំណើរការ​យុត្តិធម៌​។

4-P.Sam ឬ Yuranunt Phomma ងាក​ទៅ​តារា​សម្តែង​ជើង​ចាស់​ដ៏​ល្បី​មួយ​រូប P.Sam ដែល​មានឈ្មោះ​ពេញ​ថា Yuranunt Phommanutree បាន​បង្ហើប​ថា លោក​បាន​ស្គាល់ Boss Paul ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​អាយ​ខន​គ្រុប តាម​រយៈ​វគ្គ​សិក្សា​ដែល​នាំ​ឱ្យ​មានការ​អញ្ជើញ​ឱ្យធ្វើ​ជំនួញ​ជាមួយ​គ្នា​ ។ ខ្ញុំ​ខ្លួនឯង​មើលឃើញ​ថា អាជីវកម្ម​នេះ​ជា​អាជីវកម្ម​ថ្មី​និង​គួរ​ឱ្យ​ចាប់អារម្មណ៍​។ មុខ​តំណែង​ដែល​ខ្ញុំ​ទទួល​បាន​គឺ​នាយក​ផ្នែក​អភិវឌ្ឍន៍ និង​ស្រាវជ្រាវ​។ កាតព្វកិច្ច​របស់ខ្ញុំ​គឺ​បង្ហាញ​ផលិតផល​ផ្សេង​ៗ និង​បង្រៀន​ពី​របៀប​ប្រើប្រាស់​ផលិតផល​ដល់​អ្នក​វិនិយោគ ប៉ុន្តែ​ខ្ញុំ​មិន​មាន​សិទ្ធិ​ធ្វើការ​សម្រេចចិត្ត​ទេ ឬ​ជា​អ្នកដឹកនាំ​ក្នុង​ក្រុមហ៊ុន​ទេ​។  P.Sam បន្ត​ថា ខ្ញុំ​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់អនុបណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​ប្រឆាំង​ភាព​ចាស់ និង​បង្កើត​ឡើង​វិញ ហើយ​ធ្លាប់​បើក​គ្លីនិក​កែ​សម្ផស្ស​ពី​មុន​មក ដូច្នេះ​ខ្ញុំ​មានចំណេះ​ដឹង​ខ្លះ​ៗ​ក្នុង​វិស័យ​នេះ​។

ខ្ញុំ​បញ្ជាក់​ថា ខ្ញុំ​មិន​ដែល​ណែនាំ​អ្នក​ដែល​មក​សិក្សា​ឱ្យ​សម្រេចចិត្ត​វិនិយោគ​លើ​មុខ​ជំនួញ​នោះ​ទេ ព្រោះ​វា​អាស្រ័យ​លើ​ការ​សម្រេចចិត្ត​របស់​បុគ្គល​ម្នាក់​ៗ​។ ប៉ុន្តែ​ខ្ញុំ​បញ្ជាក់​ដោយ​ផ្ទាល់​ថា រាល់​ផលិតផល​ដែល​ដាក់​លក់​សុទ្ធតែ​មាន​ស្តង់ដារ និង​បញ្ជាក់​ដោយ​រដ្ឋបាល​ចំណីអាហារ និង​ឱសថ (FDA) ព្រោះ​មុន​នឹង​ទទួលយក​ការងារ​នីមួយ​ៗ ខ្ញុំ​ផ្ទាល់​ត្រូវ​សិក្សា​ថា​តើ​ផលិតផល​នីមួយ​ៗ​មានគុណ​ភាព ឬ​អាច​ទុកចិត្ត​បាន​ឬ​អត់​។ ដំបូង​ឡើយ ខ្ញុំ​បាន​ពិនិត្យ​មើល​ប្រតិបត្តិការ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ហើយ​មិនឃើញ​មាន​សកម្មភាព​ខុសច្បាប់​ទេ​។

យោង​តាម​ការ​អះអាង​របស់​ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា ពួក​គេ​បាន​ចាញ់បោក​ទៅ​នឹង​ការ​បណ្តាក់ទុន​ជាមួយ​ក្រុមហ៊ុន ដោយ​រំពឹង​ថា​គេ​ទទួល​បាន​កំរៃ​មក​វិញ​ជា​ប្រចាំ ប៉ុន្តែ​ដោយហេតុ​ថា​ផលិតផល​គ្មាន​គុណភាព លក់​មិន​ចេញ ត្រូវ​បូត​ផេ​ក​ផ្សព្វផ្សាយ​ក៏​អស់​លុយ​ថែម អតិថិជន​មិន​ត្រឡប់​មក​ទិញ​វិញ ផលិតផល​ត្រូវ​យក​មក​ប្រើ​ខ្លួនឯង រឺ​លក់​ក្នុង​តំលៃ​ថោក​ដើម្បី​ទទួល​បាន​កំរៃ​មក​វិញ​ខ្លះ​ៗ ចំនែក​ផលិតផល​ដែល​ទុក​យូរ​លក់​មិន​ចេញ​ក៏​ផុតកំណត់​អាយុ​ប្រើ​ទៀត​ផង ទើប​ពួក​គាត់​សុំ​អង្វរ​អោយ​ក្រុមហ៊ុន​ជួយ តែ​ក្រុមហ៊ុន​ក៏​មិន​អើពើ​នោះ​ឡើយ យ៉ាង​ណា ​ពេល​នេះ Boss Paul មេ​ធំ​របស់ The Icon Group បាន​ប្រកាស​ថា ក្រុមហ៊ុន​របស់​គាត់​មិន​មានការ​ឆបោក​ទំនុកចិត្ត​នោះ​ឡើយ គាត់​នឹង​ពិសោធន៍​ការ​ពិត​ក្នុង​ពេល​ឆាប់​ៗ​នេះ តែ​គាត់​សុំ​ពេល​ប្រមូល​ភស្តុ​តាំង​សិន​។

នៅ​ពេល​នេះ យើង​ត្រូវ​រង​ចាំ​មើល​ទាំងអស់​គ្នា និង​ទុក​ពេល​អោយ​ប៉ូ​លី​ស​ធ្វើការ យ៉ាងណា​ក៏​ដោយ ក្រុមហ៊ុន ICON GROUP នេះ ក៏​មាន​សាខា​នៅ​ប្រទេស​កម្ពុជា​យើង​ដែរ​! ដូចនេះ សូមអ្នក​ពាក់ព័ន្ធ​មេត្តា​ប្រុង​ប្រយ័ត្ន​ ។ ​

កែសម្រួលដោយ