ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រីកម្ពុជា​ និងនូ​វ៉ែ​ល​សេ​ឡង់ បង្ហាញ​ពី​ឆន្ទៈ​ជំរុញ ​និង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ

1 ខែ មុន

រាជធានី​ភ្នំពេញ ​៖ នា​រសៀល​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិ​បតី​ត ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានី​ភ្នំពេញ ​៖ នា​រសៀល​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិ​បតី​ត ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ ឯកឧត្តម Christopher Luxon នាយក​រដ្ឋមន្ត្រី​នូ​វ៉ែ​ល​សេ​ឡង់ ក្នុង​ឱកាស ​នៃ​ការ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤៤ និង ៤៥ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី ១១ ខែតុលា ឆ្នាំ​២០២៤ នៅ​រដ្ឋធានី​វៀងចន្ទន៍ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។

ជា​កិច្ច​ចាប់ផ្ដើម សម្ដេច​បវរ​ធិ​បតី​បាន​សម្ដែង ​នូវ​ការ​ស្វាគមន៍ និង​ក្ដី​សោមនស្ស​រីករាយ​ដែល​បាន​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​ឯកឧត្តម Christopher Luxon ជា​ថ្មី​បន្ទាប់​ពី​ជំនួប​លើក​ដំបូង កាលពី​ខែមីនា ឆ្នាំ​២០២៤ នៅ​ទីក្រុង​មែ​ល​ប៉ន នៃ​ប្រទេស​អូស្ត្រាលី ។

សម្តេច​បវរ​ធិ​បតី​បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​រួមចំណែក​របស់​ប្រទេស​នូ​វ៉ែ​ល​សេ​ឡង់ ក្នុង​ដំណើ​រការ​ស្វែងរក​សុខ​សន្ដិភាព និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា តាម​រយៈ​ការ​បញ្ជូន​កងកម្លាំង​ថែរក្សា​សន្ដិភាព​កាលពីដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០ ការ​ចូលរួម​បោសសម្អាត​មីន​នៅ​កម្ពុជា និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​តាម​រយៈ​ការ​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត និង​មន្ត្រីរាជការ​កម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​នូ​វ៉ែ​ល​សេ​ឡង់​ជាដើម ​។

ថ្នាក់ដឹកនាំ​ទាំង​ពីរ ​បាន​បាន​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​សក្តានុពល​មួយ​ចំនួន រួម​មាន​ ៖ វិស័យ​អប់រំ កសិកម្ម ថាមពល ពាណិជ្ជកម្ម ការ​ផ្លាស់​ប្ដូរ​រវាង​ប្រជាជន និង​ប្រជាជន ។

ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ​បាន​បង្ហាញ​ពី​ឆន្ទៈ ក្នុង​ការ​ជំរុញ និង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត ជា​ពិសេស លើ​វិស័យ​កសិកម្ម​។ ចំពោះ​វិស័យ​ថាមពល ថ្នាក់ដឹកនាំ​ទាំង​ពីរ​បាន​គូសបញ្ជាក់​អំពី​ភាព​ប្រហាក់ប្រហែល​គ្នា និង​ឈានមុខ​គេ​លើ​ការ​ប្រើប្រាស់​ថាមពល​ស្អាត ដោយ​ប្រទេស​ទាំង​ពីរ​បាន​ប្ដេជ្ញា​បន្ត​បង្កើន​ការ​ប្រើប្រាស់​ថាមពល​ស្អាត​ឱ្យ​កាន់តែ​ច្រើន​ថែម​ទៀត​នា​ថ្ងៃ​អនាគត​។ ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ​បាន​បង្ហាញ​នូវ​ប្ដេជ្ញា​ចិត្ត​ដើម្បី​ជំរុញ និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​ការ​កសាង​ធនធានមនុស្ស តាម​រយៈ​ការ​បន្ត​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​នូ​វ៉ែ​ល​សេ​ឡង់​ ។

ថ្នាក់ដឹកនាំ​ទាំង​ពីរ​បាន​ឯកភាព​ប្រគល់​ការងារ​ឱ្យ​ក្រសួងការបរទេស​នៃ​ប្រទេស​ទាំង​ពីរ ពិនិត្យ​លទ្ធភាព​បង្កើត​ជា​ផ្លូវការ​នូវ​យន្តការ​ពិគ្រោះ​យោបល់ ដើម្បី​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សំខាន់​ៗ ។ ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ​ក៏​បាន​ផ្លាស់​ប្ដូរ​ទស្សនទាន​គ្នា​អំពី​កិច្ចការ​តំបន់ និង​អន្តរជាតិ ដោយ​ផ្ដោត​លើ​ការ​ថែរក្សា​សុខ​សន្ដិភាព និង​ស្ថេ​រ​ភាព ដែល​ជា​កត្តា​កំណត់​នៃ​ការ​អភិវឌ្ឍ និង​វិបុលភាព​ក្នុង​តំបន់ និង​ពិភពលោក ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ