ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រ្តីអ្នកសុំទានពរកូនស្រីដឹកដៃកូនប្រុសដើរឆ្លងផ្លូវ ត្រូវឡានបុ.កស្លា.ប់ទាំង៣នាក់ម្ដាយនិងកូន

10 ម៉ោង មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ពិតជាគួរឲ្យសង្វេគខ្លាំងណាស់ ខណៈមានស្រ្តីអ្នកសុំទានម្នាក់បានពកូនស្រី និងដឹកដៃកូនប្រុសដើរឆ្លងផ្លូវ ចេញពីកន្លែងស្នាក់នៅ ដើម្បីដើរសុំទានទាំងមេឃពុំទាន់ភ្លឺច្បាស់ផង ។ លុះពេលឆ្លងដល់កណ្ដាលទ្រូងផ្លូវ បានឈប់និងឈររង់ចាំឲ្យរថយន្តកុងតឺន័រ១គ្រឿងទៅផុតសិន…

​រាជធានីភ្នំពេញ ៖ ពិតជាគួរឲ្យសង្វេគខ្លាំងណាស់ ខណៈមានស្រ្តីអ្នកសុំទានម្នាក់បានពកូនស្រី និងដឹកដៃកូនប្រុសដើរឆ្លងផ្លូវ ចេញពីកន្លែងស្នាក់នៅ ដើម្បីដើរសុំទានទាំងមេឃពុំទាន់ភ្លឺច្បាស់ផង ។ លុះពេលឆ្លងដល់កណ្ដាលទ្រូងផ្លូវ បានឈប់និងឈររង់ចាំឲ្យរថយន្តកុងតឺន័រ១គ្រឿងទៅផុតសិន ស្រាប់តែមានរថយន្តធុនតូចមិនស្គាល់ម៉ាក១គ្រឿង បើកបរក្នុងល្បឿនលឿនទៅដល់ បុកពេញទំហឹង បណ្ដាលឲ្យប៉ើងខ្ទាតជាច្រើនម៉ែត្រ ស្លាប់យ៉ាងរន្ធត់ភ្លាមៗទាំង៣នាក់ម្ដាយនិងកូន រដូករណែលពេញផ្លូវ បន្ទាប់មករថយន្តនោះបានបើករត់គេចទៅបាត់ដោយសុវត្ថិភាព ។

យោងតាមម៉ោងនៅក្នុងកាមេរ៉ាសុវត្ថិភាពបង្ហាញថាឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរនេះបានកើតឡើង កាលពីវេលាម៉ោង៥និង៥នាទីព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ត្រង់ចំណុចជិតវត្តកំបូល ស្ថិតនៅក្នុងភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលខណៈនោះមេឃនៅពុំទាន់ភ្លឺច្បាស់នៅឡើយទេ ។

ជនរងគ្រោះទាំង៣នាក់នោះស្រ្តីជាម្ដាយឈ្មោះមាជ មុំ អាយុ៤២ឆ្នាំ មុខរបរសុំទាន មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ រីឯកូនប្រុសឈ្មោះទូច សំណាង អាយុ៦ឆ្នាំ និងកូនស្រីទូច វិច្ឆិកា អាយុ៤ឆ្នាំ ។

បើតាមបុរសម្នាក់ឈ្មោះលែស ទូច អាយុ៣៦ឆ្នាំ ​ជា​អ្នក​សុំទាន បាននិយាយថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតទាំង៣នាក់នោះគឺជាប្រពន្ធនិងកូនរបស់គាត់ ហើយនៅមុនពេលមានគ្រោះថ្នាក់កើតឡើងនេះ គ្រួសាររបស់គាត់ស្នាក់នៅក្នុងវត្តមួយ នៅឯស្រុកស្រែអំបិល ខេត្តកោះកុង ។ បន្ទាប់មកបានចាកចេញពីទីនោះ ហើយមកសុំព្រះសង្ឃនៅវត្តកំបូល ក្នុង​ខណ្ឌកំបូលនេះស្នាក់នៅដើម្បីដើរសុំទាន ទើបតែបានរយៈពេល២ថ្ងៃប៉ុណ្ណោះ ។

បុរសដែលត្រូវ​ជាប្ដីនិងឪពុក​របស់ជនរងគ្រោះទាំង៣នាក់​បានរៀបរាប់ប្រាប់ឲ្យដឹងបន្តទៀតថា នៅមុនពេលកើតហេតុ ប្រពន្ធបាននាំកូនទាំង២នាក់ចាកចេញពីកន្លែងស្នាក់នៅក្នុងវត្តមុនគាត់ ដោយនាងបានពរ​កូនស្រីនិងដឹកដៃកូនប្រុសដើរឆ្លងផ្លូវជាតិលេខ៤ ដើម្បីចេញសុំទានគេ ចំណែកគាត់មិនបានចេញទៅជាមួយឡើយ ។ ពេលនោះគាត់ពុំបានដឹងថា ប្រពន្ធនិងកូនជួបគ្រោះអកុសលរហូតដល់ស្លាប់បែបនេះទេ ក្រោយមកទើបគាត់ទទួលដំណឹងថា មានរថយន្តបុកមនុស្សស្លាប់៣នាក់ ហើយគាត់ក៏ប្រញាប់ទៅមើលឃើញអ្នកស្លាប់នោះគឺជាប្រពន្ធកូនរបស់គាត់ទៅវិញ ។

យោងតាមរូបភាពកាមេរ៉ាសុវត្ថិភាពឃើញថា នៅមុនពេលកើតហេតុ ស្រ្តីរងគ្រោះ​រូបនោះបានពរ​កូនស្រីអាយុ៤ឆ្នាំ និងដឹកដៃកូនប្រុសអាយុ៦ឆ្នាំដើរឆ្លងផ្លូវ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ។ លុះពេលទៅដល់កណ្ដាលផ្លូវ ស្រាប់តែមានរថយន្តធុនតូច១គ្រឿងដែលមើលមិនច្បាស់នោះឡើយ ដោយពុំដឹងថាជារថយន្តម៉ាកអ្វីនោះទេ បានបើកបរធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនទៅដល់បុកពេញទំហឹង បណ្ដាលឲ្យខ្ទាតប៉ើងជាច្រើនម៉ែត្រ ស្លាប់ទាំង៣នាក់ម្ដាយនិងកូនរដូរណែលពេញផ្លូវតែម្ដង បន្ទាប់មករថយន្តបង្កខាងលើបានបើករត់គេចទៅបាត់ដោយសុវត្ថិភាពតែម្ដង ។

នគរបាលបានប្រាប់ឲ្យដឹងថា ក្រោយពីដឹងថាប្រពន្ធកូនស្លាប់ បុរសជាប្ដីរូបនោះក៏បានដើរទៅបើកមើលសពប្រពន្ធនិងកូនដែលរុំដោយក្រណាត់កៅស៊ូ និងគ្របក្រណាត់ស ហើយគាត់បានយំសោកបោកខ្លួនននៀលដី ព្រោះតែការរន្ធត់ក្នុងចិត្តដែលត្រូវបាត់បង់ប្រពន្ធនិងកូនៗជាទីស្រលាញ់របស់ខ្លួនត្រឹមតែមួយប៉ព្រិចភ្នែកបែបនេះ ។ ចំណែកនគរបាលប៉ុស្តិ៍កំបូល និងនគរបាលខណ្ឌកំបូល បានចុះទៅកាន់ទីនោះធ្វើការស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាពដែលបំពាក់នៅតាមផ្ទះប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ ដើម្បីតាមរករថយន្តបង្កចាត់ការតាមច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ