ទីក្រុងម៉ានីឡា៖ អតីតប្រធានាធិបតីហ្វ៊ីលីពីន លោកឌូតឺតេ បានចុះឈ្មោះនៅក្នុងបញ្ជីបេក្ខជនដែលចូលរួមប្រកួតប្រជែងយកតំណែងអភិបាលក្រុងដាវ៉ៅ (Davao) ដែលរៀបចំនៅឆ្នាំ២០២៥។ តាមពិត ដាវ៉ៅធ្លាប់ជាទីតាំងឈរជើងដ៏រឹងមាំរបស់លោកឌូតឺតេក្នុងនាមជាអតីតចៅហ្វាយក្រុងនេះ។ មានន័យថាលោកបានចាក់ឫសចាក់គល់នៅទីនោះជាយូរមកហើយ។
ការដែលលោកសម្រេចចិត្តឈរឈ្មោះលើកនេះក៏ដោយសារតែមានការកាច់កុងពាក្យសម្ដីគ្នាយ៉ាងល្វីងជូរចត់ជាចំហតែម្ដងជាមួយក្រុមគ្រួសាររបស់លោកម៉ាកូសដែលជាប្រធានាធិបតីហ្វ៊ីលីពីនបច្ចុប្បន្ននេះ។ ជម្លោះនេះកើតឡើងមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនាឆ្នាំ២០២៨។ លោកឌូតឺតេថ្លែងប្រាប់អ្នកសារព័ត៌មានថាលោកចង់បម្រើប្រជាជន។ លោកទើបតែយកសំណុំឯកសារទៅដាក់ជូនគណៈកម្មការរៀបចំការបោះឆ្នោតដើម្បីស្នើសុំចូលរួមប្រកួតប្រជែងតំណែងចៅហ្វាយក្រុង។
ដៃគូរបស់គាត់ដែលនឹងឈរឈ្មោះជាចៅហ្វាយក្រុងរងគឺលោកសេបាស់ស្ទាន ឌូតឺតេ (Sebastian Duterte)ជាកូនប្រុសបង្កើតរបស់គាត់ និងជាចៅហ្វាយក្រុងដាវ៉ៅនាពេលបច្ចុប្បន្ន។ គាត់ប្រាប់ថាគាត់ចង់ប្រែក្លាយទីក្រុងដាវ៉ៅឱ្យកាន់តែប្រសើរឡើង។ គេសម្លឹងឃើញថាការសម្រេចចិត្តឈរឈ្មោះជាបេក្ខជនចៅហ្វាយក្រុងដាវ៉ៅក៏ជាវិធានការជួយពង្រឹងការគាំទ្រចំពោះលោកស្រីសារ៉ា ឌូតឺតេ (Sarah Duterte) ដែលជាអនុប្រធានាធិបតីហ្វ៊ីលីពីនបច្ចុប្បន្ន និងជាកូនស្រីរបស់លោកឌូតឺតេ។
លោកស្រីសារ៉ាអាចនឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីនៅអាណត្តិថ្មី។ លោកម៉ាកូសមិនអាចឈរឈ្មោះនៅអាណត្តិថ្មីបានទេដោយយោងទៅតាមច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសហ្វ៊ីលីពីនដែលចែងថា «ប្រធានាធិបតិអាចកាន់អំណាចបានតែ១អាណត្តិគត់រយៈពេល៦ឆ្នាំ»។ ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនាឆ្នាំ២០២៥ជាព្រឹត្តិការណ៍សំខាន់ជាអាយុជីវិតសម្រាប់គ្រួសារលោកឌូតឺតេ និងគ្រួសារលោកម៉ាកូសព្រោះពួកគេចង់ប្រមូលផ្ដុំការគាំទ្ររៀងៗខ្លួនមុនការប្រកួតប្រជែងធំ។
យើងត្រូវតែចងចាំជានិច្ចថានៅក្នុងវិស័យនយោបាយ មនុស្សយើងនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីការពារខ្លួន។ ខាងលើនេះជាអ្វីដែលអតីតអ្នកនាំពាក្យលោកឌូតឺតេសរសេររៀបរាប់នៅលើបណ្ដាញសង្គម។ សព្វថ្ងៃនេះ លោកឌូតឺតេមិនទាន់រួចខ្លួននៅឡើយទេ។ តុលាការព្រហ្មទណ្ឌអន្តរជាតិអាយស៊ីស៊ី (ICC) នៅតែបន្តស៊ើបអង្កេតករណីចោទប្រកាន់ថាមានការរំលោភសិទ្ធិមនុស្សនៅអំឡុងពេលដែលលោកកាន់តំណែងជាប្រធានាធិបតីហ្វ៊ីលីពីន និងការធ្វើសង្គ្រាមប្រឆាំងគ្រឿងញៀន។
យុទ្ធនាការបង្ក្រាបគ្រឿងញៀននេះបណ្ដាលឱ្យមនុស្សជាង៦ពាន់នាក់ស្លាប់។ នេះបើយោងតាមរបាយការណ៍ជាផ្លូវការដែលចេញផ្សាយដោយអាជ្ញាធរហ្វ៊ីលីពីន។ ដោយឡែក អាយស៊ីស៊ីប៉ាន់ស្មានថាចំនួនអ្នកស្លាប់ចន្លោះពី១,២-៣ម៉ឺននាក់។ រដ្ឋសភាហ្វ៊ីលីពីនក៏កំពុងស៊ើបអង្កេតសំណុំរឿងសម្លាប់ជនសង្ស័យជួញដូរគ្រឿងញៀននោះផងដែរ។
លោកស្រីសារ៉ា ឌូតឺតេក៏មិនខុសពីឪពុករបស់លោកស្រីនោះទេ។ លោកស្រីកំពុងប្រឈមនឹងការបោះឆ្នោតដកតំណែងពីសំណាក់អ្នកតំណាងរាស្ត្រនៅក្នុងរដ្ឋសភា។ គេមិនត្រូវភ្លេចទេថាប្រធានសភាជាបងប្អូនជីដូនមួយរបស់លោកម៉ាកូស។ ទោះបីលោកម៉ាកូសមិនឈរឈ្មោះនៅអាណត្តិថ្មីក៏ដោយ ក៏ប៉ុន្តែបងប្អូនជីដូនមួយរបស់គាត់នឹងឈរឈ្មោះបន្តពីគាត់៕
ចែករំលែកព័តមាននេះ