ខេត្តស្វាយរៀង ៖ សមត្ថកិច្ច កំពុងល្បាតចល័តតាមគោលដៅ កាលពីវេលាម៉ោង ២០និង១៥នាទីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ ស្រាប់តែឃើញក្មេងទំនើងមួយក្រុម វាយគ្នាទៅវិញទៅមក តាមដងផ្លូវជាតិលេខ១ ស្ថិតនៅចំណុចខាងមុខច្រកចូលរោងចក្រតំបន់សេដ្ឋកិច្ចពិសេសហ្គីហ្គារីស៊ស៍ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ភ្លាមៗនោះ កម្លាំងសមត្ថកិច្ច បានអន្តរាគមន៍ និងឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ស.ប.រ រស់នៅភូមិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ហើយបក្ខពួកក្មេងទំនើងមួយក្រុមទៀត ក្រោយពីធ្វើសកម្មភាពរួច ក៏នាំគ្នាជិះម៉ូតូគេចខ្លួនបាត់ ។
រហូតមកដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១០និង៣០នាទី កម្លាំងជំនាញស្រុកស្វាយទាប សហការជាមួយកម្លាំងជំនាញស្រុកកំពង់រោទិ៍ បានបន្តស្រាវជ្រាវមុខសញ្ញាជនដៃដល់ បង្កហិ.ង្សាដោយចេតនាបានចំនួន ០២នាក់បន្ថែមទៀត រួមមាន ៖
១.ឈ្មោះ ស.ក.ដ ភេទប្រុស អាយុ ១៧ឆ្នាំ
និង២.ឈ្មោះ ស.ដ.វ (ជនដៃដល់) ភេទប្រុស អាយុ ២០ឆ្នាំ ។
ជនសង្ស័យទាំង០២នាក់មានទីលំនៅភូមិពោធិថ្មី ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍។ ហើយសមត្ថកិច្ច បានធ្វើតេស្តស្វែងរកសារធាតុញៀន លើជនសង្ស័យទាំង ០៣នាក់ខាងលើ ជាលទ្ធផលឃើញថា វិជ្ជមាន ។
បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ