ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចលនា​ប្រឆាំង​នឹង​កីឡាករ​ចូលសញ្ជាតិ កំពុង​ផ្ទុះ​កក្រើក​ពិភព​បាល់ទាត់​ឥណ្ឌូ​ណេ​ស៊ី

12 ម៉ោង មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ចលនា​ថ្មី​មួយ​ប្រឆាំង​នឹង​កីឡាករ​កូនកាត់ និង​ចូលសញ្ជាតិ​របស់​ក្រុម​ជម្រើស​ជាតិ​​បាន​ធ្វើ​ឱ្យ​កក្រើក​ពិភព​បាល់ទាត់ នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​។ ដោយ​ចលនា​ថ្មី​នេះ​បាន​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅ​គគុក​បំផុត បន្ទាប់​ពី​បដា​តវ៉ា​មួយ​ចំនួន​ត្រូវ​បាន​ដាក់​បង្ហាញ​លើ​ស្ពាន​អាកាស​ថ្មើរជើង​ក្នុង​រដ្ឋធានី​ហ្សា​កា​តា កាលពី​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២៤​។…

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ចលនា​ថ្មី​មួយ​ប្រឆាំង​នឹង​កីឡាករ​កូនកាត់ និង​ចូលសញ្ជាតិ​របស់​ក្រុម​ជម្រើស​ជាតិ​​បាន​ធ្វើ​ឱ្យ​កក្រើក​ពិភព​បាល់ទាត់ នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​។ ដោយ​ចលនា​ថ្មី​នេះ​បាន​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅ​គគុក​បំផុត បន្ទាប់​ពី​បដា​តវ៉ា​មួយ​ចំនួន​ត្រូវ​បាន​ដាក់​បង្ហាញ​លើ​ស្ពាន​អាកាស​ថ្មើរជើង​ក្នុង​រដ្ឋធានី​ហ្សា​កា​តា កាលពី​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២៤​។

បដា​អស់ទាំង​នោះ​បាន​សរសេរ​ថា «​កីឡាករ​ចូលសញ្ជាតិ​មិនមែន​ជា​ជនជាតិ​ដើម​ឡើយ​។ យើង​គឺជា​អ្នក​ដែល​បាន​កើត​នៅ​ទី​នេះ រួម​ជាមួយ​សមាគម​បាល់ទាត់​នៃ​ឈ្មោះ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី (PSSI)» ។

បដា​ទាំងនេះ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ឆាប់រហ័ស​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម X និង Instagram ផង​ដែរ​។ ប៉ុន្តែ​បើ​ទោះជា​ការ​ប្រឆាំង​ទៅ​នឹង​កីឡាករ​ចូលសញ្ជាតិ​បាន​កើត​មាន​មួយ​រយៈ​យ៉ាងណា​ក៏​ដោយ ក៏​សកម្មភាព​នេះ​បាន​ទទួល​ភាព​ទាក់ទាញ ខណៈ​ដែល​ចំនួន​កីឡាករ​កូនកាត់ និង​ចូលសញ្ជាតិ​ជា​ច្រើន​នៅ​ក្នុង​ក្រុម​ជម្រើសជាតិ នៅ​តែ​បន្ត​កើនឡើង​។

ជាក់ស្តែង អំឡុង​ពេល​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​របស់​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA កាលពី​ខែកញ្ញា​កន្លង​ទៅ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​បាន​កោះហៅ​កីឡាករ​កូនកាត់ និង​ចូលសញ្ជាតិ​ចំនួន​១១​នាក់​។ ក្រោម​ការ​ដឹកនាំ​របស់​លោក Shin Tae-yong គ្រូបង្វឹក​កូរ៉េ​ខាងត្បូង ក្រុម​ជម្រើសជាតិ​ឥណ្ឌូ​ណេ​ស៊ី ទទួល​បាន​លទ្ធផល​ស្មើ​ជាមួយ​អា​រ៉ា​ប៊ី​សា​អូឌីត ១-១ និង​អូស្ត្រាលី ០-០ ក្នុង​ពូ​ល C ការ​ប្រកួត​ជម្រុះ​ជុំ​ទី​៣ ពានរង្វាន់ World Cup ឆ្នាំ ២០២៦ ប្រចាំ​ទ្វីបអាស៊ី​។ ការ​រត់​ដ៏​ខ្លាំង​របស់​ឥណ្ឌូ​ណេ​ស៊ី​បាន​បន្ត​ពេញ​មួយ​ឆ្នាំ ២០២៤ បន្ទាប់​ពី​ការ​បង្ហាញ​ទម្រង់​លេង​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​ក្នុង Asian Cup និង U23 Asian Cup​។

គិត​ត្រឹម​ខែតុលា​នេះ ចំនួន​កីឡាករ​កូនកាត់ និង​ចូលសញ្ជាតិ​ក្នុង​ក្រុម​ជម្រើសជាតិ​ឥណ្ឌូ​ណេ​ស៊ី​បាន​កើន​ដល់​១៣​នាក់ ដោយ​រួម​មាន​កីឡាករ​មក​ពី​លី​គ​កំពូល​ហូ​ឡង់ កីឡាករ Mees Hilgers របស់​ក្រុម Twente និង​កីឡាករ Eliano Reijnders របស់​ក្រុម PEC Zwolle ។

ចលនា​ប្រឆាំង​នេះ​មិន​ត្រឹមតែ​ផុសផុល​តាម​រយៈ​ការ​លើក​បដា និង​នៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ទទួល​បានការ​គាំទ្រ​ពី​សំណាក់​ឥស្សរជន​មាន​ឥទ្ធិពល រួម​ទាំង​សមាជិក​សភា​តំណាង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ផង​ដែរ​។ តួយ៉ាង លោក Hifni Hasan សមាជិក​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​ឥណ្ឌូ​ណេ​ស៊ី ធ្លាប់​បាន​និយាយ​ជាមួយ​លោកគ្រូ​បង្វឹក Shin Tae-yong ដោយ​ផ្ទាល់​ផង​ដែរ​។ លោក Hasan បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ដូច្នេះ​ថា «​ខ្ញុំ​បាន​ព្យាយាម​ប្រាប់​គាត់​កុំឱ្យ​នាំ​យក​កីឡាករ​កូនកាត់ និង​ចូលសញ្ជាតិ​ច្រើន​ពេក​ចូល​ក្នុង​បាល់ទាត់​ឥណ្ឌូ​ណេ​ស៊ី​។

ទោះ​យ៉ាងណា​ក៏​ដោយ លោក Shin Tae-yong បានការ​ពារ​ការ​សម្រេចចិត្ត​នេះ​ថា វា​ជា​រឿង​មិន​អាច​ប្រកែក​បាន​ដែល​វត្តមាន​របស់​ពួក​គេ​បាន​លើកកម្ពស់​ដល់​ក្រុម​ជម្រើសជាតិ​ឥណ្ឌូ​ណេ​ស៊ី​។ ហើយ​លោក​សង្ឃឹមថា អ្នក​រិះគន់​នឹង​ទទួលយក​ទស្សនៈ​បើកចំហ​បន្ថែម​ទៀត ដោយ​ទទួលស្គាល់​តម្លៃ​ដែល​កីឡាករ​ទាំងនេះ​ផ្តល់​ជូន​ក្រុម​ជម្រើសជាតិ ជាង​ការ​មើលឃើញ​ពួក​គេ​ជា​ឧបសគ្គ​ក្នុង​ការ​អភិវឌ្ឍន៍​ទេព​កោសល្យ​ពី​កំណើត​។

ពាក់ព័ន្ធ​រឿង​នេះ សមាគម​បាល់ទាត់​ឥណ្ឌូ​ណេ​ស៊ី​បាន​លើក​ឡើង​ថា ខណៈ​ពេល​ដែល​ការ​ចូលសញ្ជាតិ គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​រយៈពេល​វែង ដោយ​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការ​បណ្តុះបណ្តាល​យុវជន ការ​អភិវឌ្ឍន៍​គ្រូបង្វឹក និង​ការ​ពង្រឹង​លី​គ​ក្នុងស្រុក ដែល​ជា​មូលដ្ឋាន​គ្រឹះ សម្រាប់​ការ​រីក​ចម្រើន​នៃ​កីឡាបាល់ទាត់​ឥណ្ឌូ​ណេ​ស៊ី​។

លោកគ្រូ​បង្វឹក Shin Tae-yong បាន​កោះហៅ​កីឡាករ​២៧​នាក់ ដើម្បី​ត្រៀម​សម្រាប់​ការ​ប្រកួត​ក្រៅ​ដី​នា​ពេល​ខាង​មុខ​ជាមួយនឹង​បា​រ៉ែ​ន នៅ​ថ្ងៃ​ទី​១០ ខែតុលា មុន​បន្ត​ប៉ះ​ចិន នៅ​ថ្ងៃ​ទី​១៥ ខែតុលា ដែល​ជា​ផ្នែក​នៃ​ការ​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​៣ ពានរង្វាន់ World Cup ឆ្នាំ ២០២៦ ប្រចាំ​ទ្វីបអាស៊ី​។ បច្ចុប្បន្ន ឥណ្ឌូ​ណេ​ស៊ី ឈរ​នៅ​លេខ ៤ ក្នុង​ពូ​ល C ដោយ​មាន ២​ពិន្ទុ ខណៈ​ដែល​ជប៉ុន​ឈរ​កំពូល​តារាង​មាន​៦​ពិន្ទុ អា​រ៉ា​ប៊ី​សា​អូឌីត​ឈរ​លេខ​២ មាន​៤​ពិន្ទុ បា​រ៉ែ​ន​ឈរ​លេខ​៣ មាន​៣​ពិន្ទុ អូស្ត្រាលី​នៅ​លេខ​៥ មាន​១​ពិន្ទុ និង​ចិន​នៅ​បាត​តារាង​គ្មាន​ពិន្ទុ​រាប់​៕ (​ប្រភព ៖ VnExpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ