ខេត្តព្រះវិហារ ៖ បុរស៦នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរបួសធ្ងន់ ខណៈពួកគេជិះគោយន្តទៅចាំស្រែចម្ងាយពីភូមិ៥គីឡូម៉ែត្រ បានជួបឧប្បត្តិហេតុជាន់មីនតោនដែលបន្សល់ទុកពីសម័យសង្គ្រាម បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៤ សីហា ២០១៣ ស្ថិតក្នុងភូមិជាំស្រែ ឃុំយាង ស្រុកជាំក្សាន្ត ។
គេនៅមិនទាន់ស្គាល់អត្តសញ្ញាណសពជនរងគ្រោះទាំង៦នាក់ និងអ្នករងរបួសនៅឡើយទេ ។ តាមការបញ្ជាក់ពីលោកសុខ ហៃ អភិបាលស្រុកជាំក្សាន្តបានឱ្យដឹងថា ឧប្បត្តិហេតុនេះកើតឡើងដោយចៃដន្យ ដោយសារនៅតំបន់នោះជាអតីតតំបន់សមរភូមិសង្គ្រាម។ លោកបានបន្តទៀតថា សពជនរងគ្រោះទាំង៦នាក់នោះត្រូវក្រុមគ្រួសារធ្វើពិធីបូជានៅកន្លែងកើតហេតុតែម្តង ដោយសារសពបែកជាបំណែករាយប៉ាយមើលស្ទើរលែងស្គាល់ ចំណែកអ្នករងរបួសធ្ងន់កំពុងដឹកតាមទូកមកកាន់មន្ទីរពេទ្យបង្អែកក្រុងព្រះវិហារ ។
លោកអភិបាលស្រុកជាំក្សាន្តបានបន្ថែមថា នៅថ្ងៃទី១៦ សីហា ២០១៣ស្អែកនេះ លោកអភិបាលខេត្តព្រះវិហារនឹងនាំយកអំណោយកាកបាទក្រហមកម្ពុជាទៅចែកជូនគ្រួសារជនរងគ្រោះទាំង៦នាក់ និងអ្នករងរបួសធ្ងន់ដល់លំនៅឋាន៕
ចែករំលែកព័តមាននេះ