ខេត្តបន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង៣និង៤០នាទីល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ មានពលរដ្ឋម្នាក់រងរបួសធ្ងន់បន្ទាប់ពីជាន់មីនបណ្តាលឲ្យផ្ទុះដាច់ជើងម្ខាងនៅចំណុចតំបន់មិនច្បាស់លាស់(តំបន់ហាមឃាត់ព្រៃមានមីន)ជាប់ព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិសាស្ត្រ ភូមិទំនប់ដាច់ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
នគរបាលស្រុកអូរជ្រៅបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យឹមសុភាពភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យ មុខរបរកម្មករ ។
នគរបាលបានបញ្ជាក់ថា មុនជនរងគ្រោះបានចូលទៅកាប់ឈើក្នុង(តំបន់ហាមឃាត់ព្រៃមានមីន)ជាប់ព្រំដែនកម្ពុជា-ថៃ បានដើរជាន់មីនបណ្តាលឲ្យផ្ទុះរងរបួសធ្ងន់ដាច់ជើងខាងស្តាំ ។ ភ្លាមៗនោះមានកម្លាំងនគរបាលការពារព្រំដែនគោកនិងកម្លាំងយោធានៅក្បែរនោះ បានជួយនាំគ្នាចូលទៅយកជនរងគ្រោះចេញពីតំបន់គ្រោះថ្នាក់ដឹកតាមរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកស្រុកអូរជៅ ដើម្បីទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត នៅស្រុកមង្គលបូរីភ្លាមៗផងដែរ ។
ក្នុងករណីនេះដែរ លោកវរសេនីយ៍ទោ អ៊ឹម សុភារៈ អធិការនគរបាលស្រុកអូរជ្រៅ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតាមព្រំដែន សូមកុំឲ្យដើរចូលក្នុងព្រៃទៅរកកាប់ឈើឬក៏រកអនុផលព្រៃឈើដែលជាតំបន់ហាមឃាត់សង្ស័យមានមីនឬ កន្លែងមានដាក់ស្លាកសញ្ញាមីននាំឲ្យមានគ្រោះថ្នាក់៕
ចែករំលែកព័តមាននេះ