ខេត្តកំពង់ចាម ៖ ផ្ទះ ផ្លូវ ច្រាំងទន្លេមួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ចាម បានទទួលរងផលប៉ះពាល់ ដោយសារជំនន់ទឹកទន្លេមេគង្គ ខេត្តកំពង់ចាមដែលបានបន្តហក់ឡើងជាបន្តបន្ទាប់ ជាក់ស្តែងស្ថិតនៅក្នុងភូមិជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ក៏មានករណីបាក់ស្រុតច្រាំងទន្លេប្រមាណជាង៦០ម៉ែត្រ ហើយត្រូវបានអាជ្ញាធរពាក់ព័ន្ធ ច្រកបាវខ្សាច់ទម្លាក់នៅកន្លែងទីតាំងបាក់ស្រុតនោះផងដែរ ។ នេះបើយោងតាមនាយកដ្ឋានព័ត៌មានបានបង្ហោះនាព្រឹកថ្ងៃទី២៥ ខែកញ្ញានេះ ។
ចំណែកស្ថិតនៅឃុំកោះសូទិន ក៏មានផ្ទះមួយចំនួនបានទទួលការជន់លិចដោយផ្ទះខ្លះត្រូវរំកិលទីតាំងទៅកន្លងថ្មី ចំណែកផ្លូវដី និងផ្លូវបេតុងរាប់ពាន់ម៉ែត្រ ស្ថិតនៅក្នុងភូមិសាស្ត្រ មួយចំនួនត្រូវបានជន់លិចដូចគ្នានេះបើយោងតាមការបញ្ជាក់ពីអាជ្ញាធរពាក់ព័ន្ធនៅក្នុងមូលដ្ឋានខាងលើ ។
ទន្ទឹមនេះដែរ ចំពោះស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាម បើយោងតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានបញ្ជាក់ថា ចំពោះស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះបានបន្តឡើងថែមទៀត ដល់កម្ពស់១៤.១០ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើង០,២០ម៉ែត្រ ។ ដោយឡែកកម្ពស់ទឹកនាពេលនេះ ធៀបទៅឆ្នាំ២០២៣ទឹកទន្លេមានកម្ពស់១២,៦៦ម៉ែត្រ ខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្ន មានកម្ពស់១៥,២០ម៉ែត្រ ។
ដោយឡែក ស្ថានភាពទឹកទន្លេមេគង្គឡើងដល់កម្ពស់ជាង១៤ម៉ែត្រនេះធ្វើឲ្យព្រែកចំនួន៣៦ក្នុង ចំណោម៤១ព្រែក ទទួលបាននូវរបបទឹកទន្លេមេគង្គក្នុងនោះរួមមាន ៖
១-ស្រុកស្ទឹងត្រង់:៥/៥ព្រែក
២-ស្រុកកំពង់សៀម៩/១១ព្រែក
៣-ស្រុកកងមាស:១០/១៣ព្រែក
៤-ស្រុកកោះសូទិន:៥/៥ព្រែក
៥-ស្រុកស្រីសន្ធរ:៧/៧ព្រែក
ជាមួយគ្នានេះដែរ លោក អ៊ុម វិបុល បានបញ្ជាក់ទៀតថា សម្រាប់ស្ថាន ភាពអាកាស ធាតុមានភ្លៀងផ្គររន្ទះកម្រិតតិចទៅបង្គួរក្នុងបរិមាណជាមធ្យមពី២០%ទៅ៣០% និងមានខ្យល់ខ្លាំងមកទិសទក្សិណល្បឿនពី ១ទៅ៤ម៉ែត្រក្នុង១វិនាទី ៕
ចែករំលែកព័តមាននេះ