ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ​ចាប់ផ្តើម​រិះគន់​ទម្រង់​ថ្មី​របស់ UCL ខណៈ​ការ​ប្រកួត​ទើប​បញ្ចប់​ស​ប្តា​ហ៍​ទី​១

1 អាទិត្យ មុន

អន្តរជាតិ ៖ អ្នកគាំទ្រ​បាល់ទាត់​មួយ​ចំនួន​ធំ​នៅ​ជុំវិញ​ពិភពលោក បាន​រិះគន់​ទម្រង់​ប្រកួត​ថ្មី​របស់​ក្រប​ខណ្ឌ UEFA Champions League ដោយ​លើក​ហេតុផល​ថា បង្អាក់​ក្រុម​ទាំង​អស់ពី​លេង​ឱ្យ​អស់ពី​សមត្ថភាព និង​បាន​បំផ្លាញ​អារម្មណ៍​រំភើប​របស់​អ្នក​ទស្សនា​ពី​ការ​ប្រកួត​ក្នុង​វគ្គ​ចែក​ពូ​ល​។…

អន្តរជាតិ ៖ អ្នកគាំទ្រ​បាល់ទាត់​មួយ​ចំនួន​ធំ​នៅ​ជុំវិញ​ពិភពលោក បាន​រិះគន់​ទម្រង់​ប្រកួត​ថ្មី​របស់​ក្រប​ខណ្ឌ UEFA Champions League ដោយ​លើក​ហេតុផល​ថា បង្អាក់​ក្រុម​ទាំង​អស់ពី​លេង​ឱ្យ​អស់ពី​សមត្ថភាព និង​បាន​បំផ្លាញ​អារម្មណ៍​រំភើប​របស់​អ្នក​ទស្សនា​ពី​ការ​ប្រកួត​ក្នុង​វគ្គ​ចែក​ពូ​ល​។

អ្នកគាំទ្រ​ម្នាក់​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម X បន្ទាប់​ពី​ទស្សនាការ​ប្រកួត​បើក​ឆាក Champions League រដូវ​កាល​នេះ ក្រោម​ទម្រង់​ប្រកួត​ជាលី​គ​តែ​មួយ ដែល​ជំនួស​ឱ្យ​ការ​ប្រកួត​វគ្គ​ចែក​ពូ​ល កាលពី​ស​ប្តា​ហ៍​មុន​ថា «​មើល​ក្រុម​ខ្លាំង​បំផុត​ទាំង​២​នៅ​អង់គ្លេស​លេង​២​ថ្ងៃមុន ធ្វើ​ឱ្យ​ខ្ញុំ​ធុញទ្រាន់​រហូត​ដល់​ស្លាប់​។ នោះ​ហើយ​ជា Champions League ថ្មី​សម្រាប់​អ្នក​»​។

អ្នកគាំទ្រ​ម្នាក់​ទៀត​បាន​អះអាង​ថា ទម្រង់​ថ្មី​ពិតជា​បំផ្លាញ​ភាព​សប្បាយ​រីករាយ​របស់​ខ្លួន ដោយសារ​តែ​ក្រុម​ទាំងអស់​លេង​មិន​អស់ពី​សមត្ថភាព​ពួក​គេ ព្រោះ​ពួក​គេ​ដឹង​ថា​មានការ​ប្រកួត​ជា​ច្រើន​ទៀត​ដែល​ត្រូវ​លេង​បន្ត​។ អ្នកគាំទ្រ​ម្នាក់​ទៀត​បាន​លើក​ឡើង​បែប​ចំអក​ថា ទម្រង់​ថ្មី​របស់ UEFA នឹង​ធ្វើ​ឱ្យ​ការ​ប្រកួត Champions League កាន់តែ​ទាក់ទាញ​បំផុត​។ ស្រប​ពេល​ដែល​អ្នកគាំទ្រ​ម្នាក់​ផ្សេង​ទៀត បាន​សរសេរ​នៅ​លើ X ថា «​វា​ល្អ​ណាស់​ដែល​ឃើញ​ទម្រង់​លេង Champions League ថ្មី គឺ​អាក្រក់​ដូច​អ្វី​ដែល​យើង​បាន​រំពឹង​ទុក​»​។

ចាប់ពី​រដូវ​កាល ២០២៤-២០២៥ តទៅ ការ​ប្រកួត​ក្រប​ខណ្ឌ Champions League នឹង​ត្រូវ​លេង​ក្នុង​ទម្រង់​ថ្មី ហើយ​ជាមួយនឹង​ទម្រង់​ប្រកួត​ថ្មី ដែល​ត្រូវ​បាន​ប្រកាស​ដោយ UEFA កាលពី​ពេល​កន្លង​មក​។ ការ​ប្រកួត​បាន​បន្ថែមចំនួន​ក្រុម​ពី ៣២ ដល់ ៣៦​ក្រុម ហើយនឹង​លែង​មានការ​ប្រកួត​វគ្គ​ចែក​ពូ​លត​ទៅ​ទៀត​ហើយ​។ ដោយ​ក្រុម​ទាំង ៣៦ នឹង​ប្រកួតប្រជែង​តាម​ទម្រង់​ជាលី​គ​តែ​មួយ (League Phase) ដណ្តើម​ពិន្ទុ និង​ចំណាត់ថ្នាក់ ដើម្បី​ស្វែងរក​ក្រុម​បន្ត​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ និង​បន្ត​រហូត​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​តែ​ម្តង ហើយ​ចាប់ពី​វគ្គ​១៦​ក្រុម​ចុង​ក្រោយ នឹង​ធ្វើការ​ប្រកួត​ជា​ធម្មតា​។

សម្រាប់​ក្រុម​រក្សា​តំណែង​កំពូល​ពី​ចំណាត់ថ្នាក់​លេខ​១ ដល់​លេខ​៨ នឹង​ទទួល​បាន​កៅអី​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ដោយ​ស្វ័យប្រវត្តិ​។ ក្រុម​នៅ​ចំណាត់ថ្នាក់​លេខ​៩ ដល់ លេខ​២៤ នឹង​ត្រូវ​លេង Play-Off ដែល​មាន​ពីរ​ជើង ដើម្បី​ឡើង​ទៅ​បំពេញ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​។ ចំណែក​ក្រុម​នៅ​ចំណាត់ថ្នាក់​ពី​លេខ​២៥ ដល់​លេខ​៣៦ ធ្លាក់​ចេញពី​ការ​ប្រកួត និង​គ្មាន​ការ​ធ្លាក់​ទៅ​លេង​នៅ​ពានរង្វាន់ UEFA Europa League ដូច​មុន​ឡើយ​។ ជាមួយ​គ្នា​ផង​ដែរ ទម្រង់​ថ្មី​នេះ ក៏​ត្រូវ​ប្រើប្រាស់​សម្រាប់​ការ​ប្រកួត​ពានរង្វាន់ UEFA Europa League និង UEFA Conference League ផង​ដែរ ចាប់ពី​រដូវ​កាល​នេះ​តទៅ​។

ក្រៅពី​អ្នកគាំទ្រ បុគ្គល​ល្បី​ៗ​ក្នុង​វិស័យ​បាល់ទាត់ ដូច​ជា​លោក Carlo Ancelotti គ្រូបង្វឹក​ជនជាតិ​អ៊ី​តា​លី​ដឹកនាំ​ក្រុម Real Madrid និង​អ្នកចាំទី​ប្រេ​ស៊ី​ល Allison Becker របស់​ក្រុម Liverpool ធ្លាប់​បាន​លើក​ឡើង​ប្រឆាំង​នឹង​ទម្រង់​ថ្មី​នេះ​។ ស្រប​ពេល​ដែល​កីឡាករ​មួយ​ចំនួន​ផ្សេង​ទៀត ថែម​ទាំង​បាន​ណែនាំ​ថា​ពួក​គេ​អាច​នឹង​ធ្វើ​កូដកម្ម​ផង​ដែរ​។

ក្រោយ​បញ្ចប់​ការ​ប្រកួត​ស​ប្តា​ហ៍​ទី​១ កាលពី​ស​ប្តា​ហ៍​មុន ក្រុម​យក្ស​អា​ល្លឺ​ម៉​ង់ Bayern Munich កំពុង​កាន់កាប់​កំពូល​តារាង​បណ្តោះអាសន្ន ក្រោយ​បំបាក់​ក្រុម​ភ្ញៀវ Dinamo Zagreb មក​ពី​ក្រូ​អាត នៅ​ក្នុង​លទ្ធផល ៩-២ ដោយ​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​មិន​ធ្លាប់​មាន​ពី​មុន​នៅ​ក្រប​ខណ្ឌ UEFA Champions League ដោយ​ក្លាយជា​ក្រុម​ដំបូង​គេ​ស៊ុត​បញ្ចូល​ទី​បាន​រហូត​ដល់​៩​គ្រាប់​ក្នុង​មួយ​ប្រកួត​៕ ដកស្រង់ ៖ Daily Mail និង VnExpress

លទ្ធផលការប្រកួតសប្តាហ៍ទី១
តារាងពិន្ទុ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ