ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ហុងដា នឹង​បន្ត​ពង្រីក​ការ​វិនិយោគ​របស់​ខ្លួន នៅ​កម្ពុជា

19 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​នៃ​ជំនួប លោក Minoru Kato នាយក​ប្រតិបត្តិ និង​ជា​អនុប្រធាន​ទទួល​បន្ទុក​ផ្នែក​ម៉ូតូ នៃ​ក្រុមហ៊ុន HONDA…

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​នៃ​ជំនួប លោក Minoru Kato នាយក​ប្រតិបត្តិ និង​ជា​អនុប្រធាន​ទទួល​បន្ទុក​ផ្នែក​ម៉ូតូ នៃ​ក្រុមហ៊ុន HONDA MOTOR CO., LTD. បាន​គោរព​ជម្រាប​ជូន​សម្ដេច​ធិ​បតី ដោយ​សង្ខេប​អំពី​វឌ្ឍនភាព និង​សកម្មភាព​អាជីវកម្ម​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា តាម​រយៈ​ក្រុមហ៊ុន N.C.X. Co., LTD ក្នុង​រយៈពេល​២៥​ឆ្នាំ​មកនេះ ។ ទន្ទឹម​នឹង​នេះ​លោកនាយក​ប្រតិបត្តិ​បាន​សម្ដែង នូវ​ការ​កោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ផ្ដោត​ការ​យកចិត្តទុកដាក់​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម តាម​រយៈ​ការ​ដាក់​ចេញ នូវ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ ២០១៥-២០២៥ ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល ដែល​តែងតែ​ផ្ដល់​ការ​គាំទ្រ លើកទឹកចិត្ត និង​ជួយ​សម្របសម្រួល​ឱ្យ​ក្រុមហ៊ុន​ទទួល​បាន​ជោគជ័យ​ដូច​ពេល​បច្ចុប្បន្ន​នេះ ។

លោកនាយក​ប្រតិបត្តិ​បាន​ប្ដេជ្ញា​ចិត្ត​ក្នុង​អនុវត្ត​តាម​គោលនយោបាយ និង​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល និង​បន្ដ​កិច្ចសហការ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​បាន​គោរព​ជម្រាប​ជូន​អំពី​ផែនការ​ពង្រីក​ការ​វិនិយោគ និង​អាជីវកម្ម​បន្ថែម​ទៀត​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា ។

សម្ដេច​ធិ​បតី​បាន​អបអរសាទរ​ចំពោះ​វឌ្ឍនភាព និង​ជោគជ័យ​របស់​ក្រុមហ៊ុន​ទាំង​នៅ​កម្ពុជា និង​នៅ​តាម​បណ្ដា​ប្រទេស​លើ​ពិភពលោក ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​សម្រេចចិត្ត បណ្ដាក់ទុន​វិនិយោគ​របស់​ក្រុមហ៊ុន នៅ​កម្ពុជា​ក្នុង​រយៈពេល​២៥​ឆ្នាំ​មកនេះ ដែល​នេះ​ជា​ការ​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច នៅ​កម្ពុជា តាម​រយៈ​ការ​បង្កើន​សមត្ថភាព​ជំនាញ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា និង​ការ​បង្កើត​ការងារ ។

ជាមួយ​គ្នា​នេះ សម្ដេច​ធិ​បតី​ក៏​បាន​គូសបញ្ជាក់​ពី​ការ​ផ្ដោត​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ នូវ​ផែនទី​បង្ហាញផ្លូវ​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​យានយន្ត និង​អេ​ឡិច​ត្រូ​និក​កម្ពុជា និង​គោលនយោបាយ​អនុគ្រោះ និង​លើកទឹកចិត្ត​មួយ​ចំនួន​ចំពោះ​ការ​វិនិយោគ​លើ​ការ​បង្កើត​រោងចក្រ​ដំឡើង និង​ផលិត​យានយន្ត​នៅ​កម្ពុជា ។

សម្ដេច​ធិ​បតី ក៏​បាន​គូសបញ្ជាក់​ពី​ការ​បន្ត​គាំទ្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​ប្រតិបត្តិការ​អាជីវកម្ម​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា និង​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ពិនិត្យ​លទ្ធភាព​ផលិត​គ្រឿង​បង្គុំ ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​បាន​ច្រើន​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ