ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​ស​ប្ដា​ហ៍​ខែកញ្ញា​នេះ​ នគរបាល​បង្ក្រាប​ជាង​២០​ករណី​និង​ឃាត់ខ្លួន​មនុស្ស​ជាង​៨០​ នាក់

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ក្នុង​រយៈពេល​២​ស​ប្ដា​ហ៍​ដើមខែ​កញ្ញា ឆ្នាំ​២០២៤​មកនេះ​ កម្លាំង​នគរបាល​ជាតិ ចាប់ពី​ថ្នាក់​អគ្គស្នងការដ្ឋាន រហូត​ដល់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ សង្កាត់ បាន​បង្ក្រាប​ករណី​ក្មេង​ទំនើង​សរុប​ជាង​២០​ករណី ឃាត់ខ្លួន​បាន​មនុស្ស​ជាង​៨០​នាក់​…

រាជធានី​ភ្នំពេញ​ ៖​ ក្នុង​រយៈពេល​២​ស​ប្ដា​ហ៍​ដើមខែ​កញ្ញា ឆ្នាំ​២០២៤​មកនេះ​ កម្លាំង​នគរបាល​ជាតិ ចាប់ពី​ថ្នាក់​អគ្គស្នងការដ្ឋាន រហូត​ដល់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ សង្កាត់ បាន​បង្ក្រាប​ករណី​ក្មេង​ទំនើង​សរុប​ជាង​២០​ករណី ឃាត់ខ្លួន​បាន​មនុស្ស​ជាង​៨០​នាក់​ ។​ នេះ​បើ​តាម​លោក​ទូច សុ​ឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ ។

ទោះបី​មានការ​ឃាត់ខ្លួន​ក្មេង​ទំនើង​ជា​បន្តបន្ទាប់​ក្តី​ តាម​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម ​នៅ​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២៤ ​អ្នកនាំពាក្យ​ដដែល​បាន​លើក​ឡើង​ថា ​ករណី​ក្មេង​ទំនើង​បាន​ថយ​ចុះ​គួរ​ឱ្យ​កត់សម្គាល់ បន្ទាប់​ពី​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​បង្កើន​ការ​យកចិត្តទុកដាក់​បង្ក្រាប និង​បំផុស​ចលនា​អប់រំ និង​ជា​ពិសេស គឺ​បន្ទាប់​ពី​មាន​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​បន្ថែម​ទៀត​ពី​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា​។

ផ្អែក​តាម​របាយការណ៍​ពី​សមត្ថកិច្ច លោក​ទូច សុ​ឃៈ បានឱ្យ​ដឹង​ថា ករណី​ក្មេង​ទំនើង​ដែល​បង្ក្រាប​បាន​នោះ កើត​មាននៅ​រាជធានី ខេត្ត​ចំនួន​១៧ រួម​ខេត្តកំពង់ចាម ពោធិ៍សាត់ កណ្តាល តាកែវ កំពង់ស្ពឺ កោះកុង ក្រចេះ ព្រះ​សីហ​នុ កំពត ត្បូងឃ្មុំ ព្រៃវែង បន្ទាយ​មាន​ជ័យ សៀមរាប បាត់ដំបង ស្វាយ​រៀង និង​រាជធានី​ភ្នំពេញ​។ ក្រុម​ក្មេង​ទំនើង​ដែល​នគរបាល​ចាប់ខ្លួន បាន​ទទួល​ការ​អនុវត្ត​វិធានការ​ចំនួន​២ គឺ ទី​១-​វិធានការ​ច្បាប់ និង​ទី​២-​វិធានការ​រដ្ឋបាល​។

អ្នកនាំពាក្យ​រូប​នេះ បាន​បន្ថែម​ថា វិធានការ​ច្បាប់​គឺ​មន្ត្រី​មាន​សមត្ថកិច្ច​បញ្ជូន​សំណុំរឿង​ទៅ​កាន់​តុលាការ រីឯ​វិធានការ​រដ្ឋបាល គឺ​ការ​អប់រំ​ណែនាំ​និង​ធ្វើ​កិច្ចសន្យា​ដោយ​ឱ្យ​ឪពុក​ម្ដា​យមក​ធានា​រួច​បញ្ជូន​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

សូម​រម្លឹក​ជូន​ថា កាលពី​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៤ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ដាក់​បញ្ជា​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចាត់វិធានការ​លុប​បំបាត់​ក្មេង​ទំនើង ដែល​តែងតែ​បង្ក​សកម្មភាព​អុកឡុក​រំខាន​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ​។

ក្នុង​នាម​ ជា​សេនាធិការ​ជូន​រាជរដ្ឋាភិបាល​លើ​ការងារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ ឯក ឧត្តម​ស សុខា ចាប់ពី​ដើម​នីតិកាល​ទី​៧ បាន​កំណត់​យក​ការ​ដោះស្រាយ​បញ្ហា​ក្មេង​ទំនើង ជា​កិច្ចការ​អាទិភាព​មួយ​ក្នុង​ចំណោម​៦​អាទិភាព ដើម្បី​ឱ្យ​អាជ្ញាធរ​និង​កម្លាំង​មាន​សមត្ថកិច្ច​បង្កើន​ការ​យកចិត្តទុកដាក់ ក្នុង​ន័យ​ដើម្បី​ផ្ដល់​ភាព​កក់ក្ដៅ​ជូន​ប្រជាជន និង​តម្រង់​ទិស​ឱ្យ​យុវជន​ទំនើង​កែប្រែ​ឥរិយាបថ​មក​ធ្វើ​ជា​ពលរដ្ឋ​ល្អ​ក្នុង​សង្គម​វិញ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ