ប្រទេសវៀតណាម ៖ ប្រទេសវៀតណាមកំពុងតែប្រុងជើងការទប់ទល់នឹងទីហ្វុងមួយផ្សេងទៀត ជាមួយការព្យាករណ៍ដែលថានឹងបោកបក់ឆ្ពោះទៅឆ្នេរសមុទ្រភាគកណ្តាលរបស់ខ្លួន ពោលប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីព្យុះទីហ្វុងយ៉ាកជី (Yagi) ដែលជាព្យុះទីហ្វុងទី១១ បង្កជាទឹកជំនន់ និងការបាក់ដីយ៉ាងធ្ងន់ធ្ងរ ដែលបានសម្លាប់មនុស្សជាង ២៩០នាក់ នៅភាគខាងជើងប្រទេស។ នេះបើតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters និងសារព័ត៌មានវៀតណាម VnExpress បានចេញផ្សាយ។
មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ធនធានជលសាស្ត្រ និងឧតុនិយមរបស់ប្រទេសវៀតណាម កាលពីថ្ងៃទី១៧ ខែកញ្ញា បានរាយការណ៍ឱ្យដឹងថា ឥទ្ធិពលពីប្រព័ន្ធវិសម្ពាធនៅសមុទ្រខាងកើត ដែលត្រូវបានស្គាល់ជាអន្តរជាតិថា សមុទ្រចិនខាងត្បូង កំពុងរំកិលទៅទិសខាងលិច ហើយត្រូវបានព្យាករណ៍ថានឹងប្រែជាព្យុះទីហ្វុងនៅថ្ងៃទី១៨ ខែកញ្ញា ខណៈអជ្ញាធរវៀតណាមបានបញ្ជូនការព្រមានទៅកាន់បណ្តាខេត្តជាប់មាត់សមុទ្ររួចរាល់ហើយ។ ព្យុះទីហ្វុងថ្មីនេះនឹងបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅភាគកណ្តាលប្រទេសវៀតណាម ដោយបន្ថែមថា ឥទ្ធិពលពីប្រព័ន្ធវិសម្ពាធកំពុងវិវឌ្ឍន៍ក្នុងលក្ខណៈស្មុគស្មាញ ជាមួយនឹងការផ្លាស់ប្តូរដែលអាចកើតចំពោះល្បឿន និងកម្លាំងខ្យល់។
ប្រទេសវៀតណាមទើបតែបានធូរស្រាលពីឥទ្ធិពលនៃព្យុះទីហ្វុងយ៉ាកជី ដែលបានវាយប្រហារខ្លាំងបំផុតនៅទ្វីបអាស៊ីក្នុងឆ្នាំនេះ ដោយបោកបក់នៅឆ្នេរភាគឦសាន កាលពី ១០ថ្ងៃមុន។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសវៀតណាម កាលពីថ្ងៃទី១៧ ខែកញ្ញា បានបញ្ជាក់ថា ព្យុះទីហ្វុងយ៉ាកជី បង្កទៅគ្រោះទឹកជំនន់ និងការបាក់ដីជាបន្តបន្ទាប់បានសម្លាប់មនុស្ស ២៩១នាក់ ៣៨នាក់ផ្សេងទៀតបាត់ខ្លួន និងជិត ២ពាន់នាក់បានរងរបួស។ ផលិតកម្មឧស្សាហកម្មក្នុងខេត្តភាគខាងជើងវៀតណាមមួយចំនួនត្រូវបានផ្អាក ផ្ទះសម្បែងប្រមាណ ២៣៥,០០០ខ្នងរងការខូចខាត។ ចំណែកស្រូវ និងដំណាំនៅលើផ្ទៃដីជាង ៣០ម៉ឺនហិកតាត្រូវបានជន់លិចទាំងស្រុង។
បើតាមទីភ្នាក់ងារអាកាសធាតុជាតិវៀតណាមបានឱ្យដឹងថា ព្យុះទីហ្វុងថ្មី ដែលអាចកើតមាននឹងខិតទៅជិតភាគកណ្តាលទីក្រុងដាណាង (Da Nang) ដែលជាទីក្រុងពហុវិស័យដ៏សំខាន់របស់ប្រទេសវៀតណាមនៅចុងថ្ងៃព្រហស្បតិ៍ ឬដើមថ្ងៃសុក្រសប្តាហ៍នេះ។ កម្លាំងខ្យល់ព្យុះនឹងកាន់តែខ្លាំងឡើងបន្ថែមទៀត ជាមួយនឹងល្បឿនខ្យល់រហូតដល់ ៨៩គីឡូម៉ែត្រក្នុងមួយម៉ោង។ ហើយការព្រមានអំពីហានិភ័យនៃគ្រោះមហន្តរាយនៅតែស្ថិតក្នុងកម្រិតទី៣។
បើយោងតាមនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយវៀតណាមបានឱ្យដឹងថា អាជ្ញាធរនៅទីក្រុងដាណាង និងខេត្តក្វាងណាម (Quang Nam) ដែលនៅជិតខាងគ្នា ដែលជាខេត្តនៃទីក្រុងទេសចរណ៍ហូយ អាន (Hoi An) បានព្រមានបណ្តាកប៉ាល់នៅលើសមុទ្រអំពីខ្យល់បោកបក់ ហើយបានរៀបចំផែនការសម្រាប់ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះរួចរាល់ផងដែរ៕ (ប្រភព ៖ Reuters, VnExpress និង Viet Nam News)
ចែករំលែកព័តមាននេះ