រាជនីភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីបំភ្លឺមួយពាក់ព័ន្ធនឹងការបិទការិយាល័យ ស្ថានទូតស៊ុយអែតនៅភ្នំពេញ ថា ទោះបីជាបិទ ក៏ស្ថានទូតស៊ុយអែត នៅទីក្រុងបាងកក នឹងបន្តតំណាងឱ្យស៊ុយអែត ធ្វើទំនាក់ទំនងជាមួយកម្ពុជា ហើយស្ថាន កុងស៊ុលរបស់ស៊ុយអែតនៅភ្នំពេញ នឹងនៅតែបើកទ្វារដើម្បីបន្ត ផ្តល់សេវាកុងស៊ុល ដល់ពលរដ្ឋស៊ុយអែត នៅកម្ពុជា ។
យោងតាមសេចក្តីបំភ្លឺរបស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានលើកឡើងថា ឆ្លើយតបនឹងការសាកសួរព័ត៌មានរបស់អ្នកយកព័ត៌មានពាក់ព័ន្ធនឹងការបិទការិយាល័យ ស្ថានទូតស៊ុយអែតនៅភ្នំពេញ អ្នកនាំពាក្យរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមជម្រាបជូនបន្ថែមលើសេចក្តីបំភ្លឺ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ថាតាមការបញ្ជាក់របស់ស្ថានទូតស៊ុយអែត នៅទីក្រុងបាងកក បន្ទាប់ពីការបិទការិយាល័យ ស្ថានទូតស៊ុយអែតនៅភ្នំពេញ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ស្ថានទូតស៊ុយអែតនៅ ទីក្រុងបាងកក នឹងបន្តតំណាងឱ្យស៊ុយអែត ក្នុងទំនាក់ទំនងជាមួយកម្ពុជា ហើយស្ថានកុងស៊ុលរបស់ស៊ុយអែតនៅភ្នំពេញ នឹងនៅតែបើកទ្វារ ដើម្បីបន្តផ្តល់សេវាកុងស៊ុល ដល់ពលរដ្ឋស៊ុយអែត នៅកម្ពុជា ។
ប្រភពបន្តថា ថ្វីត្បិតមានការបិទការិយាល័យស្ថានទូតស៊ុយអែតនៅភ្នំពេញ ក៏ប៉ុន្តែក្នុងរយៈកាលកន្លង មកនេះ ក៏មានការបើកបន្ថែមការិយាល័យនានារបស់ស្ថានទូតមួយចំនួន ជាអាទិ៍ការបើកការិយាល័យពាណិជ្ជកម្មរបស់ស្ថានទូតទួរគី ក្នុងខែមេសា ឆ្នាំ២០២៣ ការបើក ការិយាល័យពាណិជ្ជកម្ម និងវិនិយោគរបស់ស្ថានទូតអូស្ត្រាលី ក្នុងខែមករា ឆ្នាំ២០២៤ និងការបើកការិយាល័យកុងស៊ុលរបស់កាណាដា នៅខេត្តសៀមរាប ក្នុងខែកុម្ភៈ ឆ្នាំ ២០២៤ ៕
ចែករំលែកព័តមាននេះ