ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​លក់​នំ​ព្រះ​ខែ​នៅ​ចិន​ធ្លាក់​ចុះ ដោយសារ​តែ​វិបត្តិ​សេដ្ឋកិច្ច និង​ការ​រឹត​បន្តឹង​ច្បាប់

3 អាទិត្យ មុន

ប្រទេស​ចិន ៖ ការ​លក់​នំ​ព្រះ​ខែ​នៅ​ក្នុង​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ នៅ​មុន​ថ្ងៃ​ឈប់​សម្រាក​នៃ​រដូវ​ស្លឹកឈើ​ជ្រុះ ហើយ​កត្តា​ចម្បង​បណ្តាល​មក​ពី​សេដ្ឋកិច្ច​ធ្លាក់​ចុះ ដែល​បង្ខំ​ប្រជាជន​ចិន​ជា​ច្រើន​កាត់​បន្ថយ​ការ​ចំណាយ​។ ហើយ​ក៏​ស្រប​ពេល​មានការ​បង្ក្រាប​ប្រឆាំង​អំពើ​ពុក​រលួយ​យ៉ាង​ខ្លាំងក្លា​ពី​រដ្ឋាភិបាល​ចិន ដែល​បាន​និង​កំពុង​រឹត​បន្តឹង​ច្បាប់ សម្រាប់​អំណោយ​តម្លៃ​ថ្លៃ​ៗ​ហួសហេតុ​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន…

ប្រទេស​ចិន ៖ ការ​លក់​នំ​ព្រះ​ខែ​នៅ​ក្នុង​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ នៅ​មុន​ថ្ងៃ​ឈប់​សម្រាក​នៃ​រដូវ​ស្លឹកឈើ​ជ្រុះ ហើយ​កត្តា​ចម្បង​បណ្តាល​មក​ពី​សេដ្ឋកិច្ច​ធ្លាក់​ចុះ ដែល​បង្ខំ​ប្រជាជន​ចិន​ជា​ច្រើន​កាត់​បន្ថយ​ការ​ចំណាយ​។ ហើយ​ក៏​ស្រប​ពេល​មានការ​បង្ក្រាប​ប្រឆាំង​អំពើ​ពុក​រលួយ​យ៉ាង​ខ្លាំងក្លា​ពី​រដ្ឋាភិបាល​ចិន ដែល​បាន​និង​កំពុង​រឹត​បន្តឹង​ច្បាប់ សម្រាប់​អំណោយ​តម្លៃ​ថ្លៃ​ៗ​ហួសហេតុ​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន The Japan News by The Yomiuri Shimbun និង Asia News Network ចេញផ្សាយ​កាលពី​ថ្មី​ៗ​នេះ​។

ការ​លក់​នំ​ព្រះ​ខែ​ដ៏​មានឱជារស​ឆ្ងាញ់​រាង​ដូច​ព្រះ​ច័ន្ទ ដែល​ជា​ប្រពៃណី​របស់​ប្រទេស​ចិន កំពុង​តស៊ូ​នឹង​ការ​ធ្លាក់​ចុះ មុន​ឈាន​ដល់​រយៈពេល​នៃ​ការ​លក់​មាន​កម្រិត​ខ្ពស់​បំផុត​។ នៅ​ក្នុង​ប្រទេស​ចិន គឺជា​ទម្លាប់​ក្នុង​ការ​ទទួលទាន​នំ​ផ្អែម​មួយ​ប្រភេទ​នេះ នៅ​ថ្ងៃ​ឈប់​សម្រាក​នៃ​ពិធីបុណ្យ​ពាក់កណ្តាល​រដូវ​ស្លឹកឈើ​ជ្រុះ ហើយ​នំ​ព្រះ​ខែ​ត្រូវ​បាន​លក់​សម្រាប់​ទាំង​ការ​ទិញ​ទៅ​ទទួលទាន និង​ជា​អំណោយ​ដ៏​មាន​តម្លៃ​ផង​ដែរ សម្រាប់​ថ្ងៃ​ឈប់​សម្រាក​ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១៧ ខែកញ្ញា​។

នៅ​ហាង​ទំនិញ​មួយ​ចំនួន​ក្នុង​ផ្សារ​ទំនើប​ក្នុង​ទីក្រុង​ប៉េ​កាំ​ង កាលពី​ថ្ងៃ​ទី​៨ ខែកញ្ញា នំ​ព្រះ​ខែ​រាប់​សិប​ប្រភេទ​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​ក្នុង​ប្រអប់​ពណ៌​ក្រហម និង​មាស ដែល​រៀបចំ​ជា​ពិសេស​សម្រាប់​អតិថិជន ប៉ុន្តែ​មាន​អតិថិជន​តិចតួច បើ​ទោះបីជា​ថ្ងៃ​ចុង​ស​ប្តា​ហ៍​យ៉ាងណា​ក៏​ដោយ​។ មនុស្ស​មួយ​ចំនួន​និយាយ​ថា ៩០% នៃ​តម្រូវការ​នំ​ព្រះ​ខែ​គឺ​សម្រាប់​ផ្តល់​ជា​អំណោយ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ផ្សេង​ទៀត​អះអាង​ថា ពួក​គេ​ទិញ​សម្រាប់​យក​ទៅ​ទទួលទាន​នៅផ្ទះ​តែ​ប៉ុណ្ណោះ​។

ស្ត្រី​ជា​ជំនួយការ​លក់​ក្នុង​ហាង​ម្នាក់​បាន​និយាយ​ថា «​ការ​លក់​នំ​ព្រះ​ខែ​ឆ្នាំ​នេះ គឺ​ប្រហែល​ពាក់កណ្តាល​កាលពី​ឆ្នាំ​មុន អាជីវកម្ម​ហាក់ដូចជា​ដំណើរការ​យឺត​បន្តិច​»​។ ខណៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន​ឡាញ​ចិន​មួយ​បាន​ហៅ​ពិធី​បុណ្យសំពះព្រះខែ​ពាក់កណ្តាល​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំ​នេះ​ថា «​ពិធីបុណ្យ​ត្រជាក់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​»​។

យោង​តាម​ការ​ប៉ាន់ស្មាន​ដោយ​សមាគម​ឧស្សាហកម្ម​នំ​ព្រះ​ខែ​ចិន​បង្ហាញ​ថា ប្រអប់​នំ​ព្រះ​ខែ​ភាគច្រើន​មាន​តម្លៃ​ពី ៧០-២២០​យ័ន ឬ​ស្មើនឹង ១០-៣១​ដុល្លារ​ក្នុង​មួយ​ប្រអប់​នៅ​ឆ្នាំ​នេះ ពោល​ធ្លាក់​ចុះ​ពី ៨០-២៨០​យ័ន ឬ​ស្មើនឹង ១១-៤០​ដុល្លារ កាលពី​ឆ្នាំ​មុន​។ ការ​លក់​នំ​ព្រះ​ខែ​ជា​រួម​ត្រូវ​បាន​រំពឹង​ថា​នឹង​ធ្លាក់​ចុះ​មក​ត្រឹមតែ ២០​ពាន់​លាន​យ័ន ឬ​ស្មើនឹង​ជាង ២.៨២​ពាន់​លាន​ដុល្លារ ពោល​ធ្លាក់​ចុះ​ជិត ១០% ធៀប​នឹង​ឆ្នាំ​មុន​។ ស្រប​ពេល​សង្វា​ក់​ផលិតកម្ម​ត្រូវ​បាន​រំពឹង​ថា​នឹង​ធ្លាក់​ចុះ​មក​ត្រឹម ៣០​ម៉ឺន​តោន ពោល​ធ្លាក់​ចុះ ២​ម៉ឺន​តោន​ធៀប​នឹង​ឆ្នាំ​មុន​។ ខណៈ​ចំណង់​ចំណូលចិត្ត​អ្នក​ទទួលទាន​បាន​ធ្លាក់​ចុះ​រួច​ទៅ​ហើយ ដោយសារ​តែ​វិបត្តិ​សេដ្ឋកិច្ច​។

ក្រុមហ៊ុន​ចិន​មួយ ដែល​មាន​សម្ព័ន្ធភាព​ជាមួយ​ប្រទេស​ជប៉ុន​នៅ​ទីក្រុង​សៀង​ហៃ ដែល​តែងតែ​ផ្តល់​អំណោយ​នំ​ព្រះ​ខែ​ដល់​បុគ្គលិក​របស់​ខ្លួន​ជា​រៀង​រាល់​ឆ្នាំ​នោះ​បាន​និយាយ​ថា នៅ​ឆ្នាំ​នេះ​ខ្លួន​ជ្រើសរើស​នំ​ព្រះ​ខែ​តម្លៃ ១០០​យន់ ដែល​មាន​តម្លៃ​ថោក​ជាង ៣០% នៃ​នំ​ដែល​បាន​ពួក​គេ​ផ្តល់​ជូន​បុគ្គល​កាលពី​ឆ្នាំ​មុន​។

ការ​បង្ក្រាប​ប្រឆាំង​អំពើ​ពុក​រលួយ​ដោយ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ចិន ស៊ី ជី​ន​ពីង (Xi Jinping) ក៏​កំពុង​រួមចំណែក​ធ្វើ​ឱ្យ​ការ​លក់​នំ​ព្រះ​ខែ​ធ្លាក់​ចុះ​ផង​ដែរ​។ ដ្បិត​អាជ្ញាធរ​ចិន​ដែល​បាន​សន្យា​លុប​បំបាត់​អំពើ​ពុក​រលួយ​បាន​ដាក់​គោលដៅ​លើ​អាហារ​ឆ្ងាញ់​ប្រណិត​ៗ​តម្លៃ​ថ្លៃ ដោយ​ភ្ជាប់​អាហារ​ទាំងនោះ​ជាមួយ​អំពើ​ពុក​រលួយ ព្រោះតែ​តម្លៃ​ថ្លៃ​ហួសហេតុ ដោយ​ក្នុង​នោះ​មាន​ទាំង​ព្រុយ​ត្រី​ឆ្លាម សំបុក​ត្រចៀកកាំ​ផង​ដែរ​។ មិនតែប៉ុណ្ណោះ អាជ្ញាធរ​ក៏​នឹង​ពិនិត្យ​លើ​ប្រភព​ចំណូល ពិសេស​ក្នុង​វិស័យ​អចលនទ្រព្យ​។

កាលពី​ខែមិថុនា ឆ្នាំ ២០២២ នាយកដ្ឋាន​ចំនួន ៤ នៃ​រដ្ឋាភិបាល​កណ្តាល​បាន​បង្កើត​ច្បាប់​ចំនួន ១២ សម្រាប់​នំ​ព្រះ​ខែ ដោយ​មានការ​រឹត​បន្តឹងបន្ថែម​ទៀត​។ នៅ​ក្រោម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ផ្សេង​ទៀត នំ​ព្រះ​ខែ​ដែល​មាន​តម្លៃ​ចាប់ពី​៥០០​យន់ ឬ​ច្រើន​ជាង​នេះ ត្រូវ​បាន​កំណត់​គោលដៅ​សម្រាប់​ការ​ត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​។

តម្លៃ​នៃ​ការ​វេច​ខ្ចប់​ក៏​មិន​គួរ​លើស​ពី ១៥% នៃ​តម្លៃ​ផលិតផល​ផង​ដែរ ហើយ​នំ​ព្រះ​ខែ​មិន​ត្រូវ​លក់​ក្នុង​កញ្ចប់​ជាមួយ​ផលិតផល​ផ្សេង​ទៀត​ឡើយ​។ នៅ​ឆ្នាំ ២០២២ រដ្ឋបាល​រដ្ឋ​សម្រាប់​បទ​ប្បញ្ញត្តិ​ទីផ្សារ ដែល​ជា​អាជ្ញាធរ​ប្រឆាំង​ការ​ផ្តាច់មុខ​របស់​ប្រទេស​ចិន​បាន​បញ្ជូន​បុគ្គលិក​ចំនួន ២០​ម៉ឺន​នាក់ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​នៅ​នឹង​កន្លែង​នៃ​ហាង​នំ​ព្រះ​ខែ​ជាង ៣​ម៉ឺន​ទីតាំង​ទូ​ទាំង​ប្រទេស​ចិន​។ ហើយ​ផលិតផល​ដែល​បាន​រក​ឃើញ​ថា​បំពាន​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ត្រូវ​បាន​បញ្ជា​ឱ្យ​ដកហូត​ចេញពី​ហាង​ទាំងអស់​។ ហើយ​នៅ​ឆ្នាំ​នេះ ហាក់បីដូចជា​វិធានការ​ស្រ​ដៀង​គ្នា​នេះ​កំពុង​ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​តំបន់​ផ្សេង​ៗ​។

រដ្ឋាភិបាល​ចិន​បាន​និង​កំពុង​ឧបត្ថម្ភ​ធន​លើ​ទំនិញ​ថ្លៃ​ៗ ដូច​ជា​រថយន្ត និង​ឧបករណ៍​ប្រើប្រាស់​ក្នុងផ្ទះ​ក្នុង​កិច្ច​ប្រឹងប្រែង​មួយ​ដើម្បី​ជំរុញ​ការ​ចំណាយ​របស់​អ្នក​ប្រើប្រាស់ ដែល​មាន​ចំនួន ៤០% នៃ​ផលិតផល​ក្នុងស្រុក​សរុប ឬ GDP របស់​ប្រទេស​ចិន​។ ការ​តស៊ូ​នឹង​ការ​ធ្លាក់​ចុះ​ការ​លក់​នំ​ព្រះ​ខែ អាច​នឹង​ត្រូវ​អូស​បន្លាយ​បន្ថែម​ទៀត បើ​អាជ្ញាធរ​ចិន​បន្ត​កណ្តាប់ដៃ​ដែក​របស់​ខ្លួន​៕ (​ប្រភព ៖ The Japan News by The Yomiuri Shimbun និង Asia News Network)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ