បរទេស ៖ បញ្ជីឈ្មោះបេក្ខភាព៣០រូបចុងក្រោយ ប្រជែងពានរង្វាន់កីឡាករបាល់ទាត់ឆ្នើមបំផុតរបស់ពិភពលោកប្រចាំឆ្នាំ ២០២៤ ឬ Ballon d’Or 2024 ប្រកាសជាផ្លូវការ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤។ នៅឆ្នាំនេះ អ្វីដែលគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងបំផុតនោះ គឺជាលើកដំបូងចាប់តាំងពីឆ្នាំ ២០០៣ ដែលកំពូលកីឡាករបាល់ទាត់ទាំងពីររូប Lionel Messi និង Cristiano Ronaldo មិនជាប់ក្នុងបញ្ជីបេក្ខភាពប្រជែងពានរង្វាន់មួយនេះ។ ដូច្នេះគ្រប់គ្នាសួរថា តើ Ballon d’Or នៅឆ្នាំនេះ ទាក់ទាញខ្លាំងដូចឆ្នាំមុនៗដែរឬទេ?
កំពូលខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi បច្ចុប្បន្នកំពុងកាន់កំណត់ត្រាកីឡាករឈ្នះ Ballon d’Or ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ ពោល ៨សម័យកាល (២០០៩, ២០១០, ២០១១, ២០១២, ២០១៥, ២០១៩, ២០២១ និង ២០២៣) និងតាមពីក្រោយដោយកំពូលខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo ឈ្នះ ៥សម័យកាល (២០០៨, ២០១៣, ២០១៤, ២០១៦ និង ២០១៧) បែរជាមិនជាប់ឈ្មោះក្នុងបញ្ជីកីឡាករ ៣០នាក់ចុងក្រោយ ដើម្បីប្រជែងនៅឆ្នាំនេះ។
ក្រៅពីគ្មានវត្តមានកំពូលកីឡាករល្អបំផុតរបស់ពិភពលោកទាំង២រូបខាងលើហើយនោះ កីឡាករឆ្នើមៗជាច្រើននាក់ផ្សេងទៀតដូចជា កីឡាករ Rodrygo និង Jamal Musiala ជាដើម ក៏មិនស្ថិតក្នុងបញ្ជីសម្រាំង៣០នាក់ចុងក្រោយផងដែរ។ ខ្សែបម្រើប្រយុទ្ធស្លាបប្រេស៊ីល Rodrygo របស់ក្រុម Real Madrid ឡើងជើងខ្លាំងគួរឱ្យភ្ញាក់ផ្អើល ដោយស៊ុតបញ្ចូលទី ១៧គ្រាប់ និងបោះបាល់ឱ្យមិត្តរួមក្រុមសម្រេចគ្រាប់បញ្ចូលទី (Assist) ៩ដងពីការបង្ហាញខ្លួន ៥១ប្រកួត ដោយបានដើរតួយ៉ាងសំខាន់នៅក្នុងឈ្នះពានរង្វាន់ចំនួន ៣ របស់ Real Madrid កាលពីរដូវកាលមុន ដែលរួមមាន La Liga, Spanish Super Cup និង Champions League។
បន្ទាប់ពីឃើញបញ្ជីកីឡាករ៣០នាក់ចុងក្រោយនៅឆ្នាំនេះ កីឡាករវ័យ២៣ឆ្នាំរូបនេះ បានប្រតិកម្មឆ្លើយតបដោយបង្ហោះរូបថតខ្លួនកាន់ពានរង្វាន់ ៣ ជាមួយ Real Madrid កាលពីរដូវកាលមុននៅលើបណ្តាញសង្គម Instagram ជាមួយនឹងរូប Emoji សើចយ៉ាងខ្លាំង។ ស្របពេលខ្សែប្រយុទ្ធឆ្នើមប្រេស៊ីល Neymar ក៏ភ្ញាក់យ៉ាងខ្លាំងផងដែរ ដោយការបានលើបណ្តាញសង្គមថា «Rodrygo យ៉ាងហោចណាស់ក៏ជាកំពូលកីឡាករទាំង ៥ ក្នុងពិភពលោក»។
ដោយឡែក ខ្សែបម្រើស្លាបអាល្លឺម៉ង់ Jamal Musiala បើទោះបីជាស៊ុតបញ្ចូលទីបាន ១២គ្រាប់ និង Assist ៨ដងពីការប្រកួតបង្ហាញខ្លួន ៣៨ប្រកួតជាមួយនឹងក្រុម Bayern Munich កាលពីរដូវកាលមុនយ៉ាងណាក៏ដោយ ក៏ពុំគ្រប់គ្រាន់សម្រាប់ជាប់ក្នុងបញ្ជីនៅឆ្នាំនេះ។ មិនតែប៉ុណ្ណោះ កីឡាករវ័យ២១ឆ្នាំរូបនេះ ក៏លេចធ្លោខ្លាំងកាលពីការប្រកួតព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ ដោយស៊ុតបញ្ចូលទីបាន៣គ្រាប់ ដោយក្លាយជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេប្រចាំព្រឹត្តិការណ៍ឆ្នាំនេះ រួមជាមួយកីឡាករ៥នាក់ផ្សេងទៀត បើទោះបីជារូបគេមិនអាចជួយម្ចាស់ផ្ទះអាល្លឺម៉ង់ឈ្នះជើងឯកក្តី។
បើនិយាយពីស្ថិតិបុគ្គល កីឡាករដែលធ្វើបានល្អកាលពីរដូវកាលមុន និងមិនជាប់ឈ្មោះក្នុងបញ្ចីនៅឆ្នាំនេះ ដែលរួមមាន ៖ Kevin De Bruyne (៦ គ្រាប់ ១៨ Assists), Ilkay Gundogan (៥ គ្រាប់ និង ១៤ Assists), Bernardo Silva (១១ គ្រាប់ ១០ Assists), Bruno Fernandes (១៥គ្រាប់ ១៣ Assists), Antoine Griezmann (២៤ គ្រាប់ ៨ Assists) និង Artem Dovbyk (២៥គ្រាប់ ១០ Assists)។ កត្តានេះហើយ ទើបបានជាអ្នកស្នេហាវិស័យបាល់ទាត់ជុំវិញពិភពលោក ជាពិសេសអ្នកគាំទ្រកីឡាកររៀងៗខ្លួនស្រងាកចិត្តយ៉ាងខ្លាំង ហើយភាគច្រើនពួកគេបានលើកឡើងថា Ballon d’Or 2024 មិនទំនងដូច Ballon d’Or កាលពីឆ្នាំមុនៗឡើយ។
យ៉ាងណាមិញ កីឡាករប្រេស៊ីល Vinicius Junior កីឡាករអង់គ្លេស Jude Bellingham និងកីឡាករបារាំង Kylian Mbappe របស់ក្រុម Real Madrid និងកីឡាករន័រវែស Erling Haaland កីឡាករអេស្ប៉ាញ Rodri របស់ក្រុម Manchester City រួមទាំងកីឡាករអង់គ្លេស Harry Kane របស់ក្រុម Bayern Munich ដែលគ្រប់គ្នាគិតថាសក្តិសមឈ្នះ Ballon d’Or ក៏ជាប់ឈ្មោះក្នុងបញ្ជី៣០នាក់ចុងក្រោយផងដែរ។
គួរបញ្ជាក់ថា លក្ខណៈវិនិច្ឆ័យការបោះឆ្នោតពានរង្វាន់ Ballon d’Or នៅតែផ្អែកលើកត្តា ចំនួន ៣ គឺសមត្ថភាពកីឡាករលើទីលាន សមិទ្ធិផលរួមក្នុងមួយរដូវកាល និងកម្រិតលីគបាល់ទាត់។ បញ្ជី៣០នាក់ចុងក្រោយ នឹងត្រូវបន្តឆ្លងកាត់ការសម្រិតសម្រាំងរហូតសល់តែ៣នាក់ចុងក្រោយ ដើម្បីប្រជែងយកម្នាក់ជាម្ចាស់ពានរង្វាន់ Ballon d’Or ដែលត្រូវបានបង្កើតឡើងដោយទស្សនាវដ្តីបារាំង France Football ចាប់តាំងពី ១៩៥៦ សម្រាប់ឆ្នាំ ២០២៤ ដែលពិធីប្រគល់ពាននឹងត្រូវប្រព្រឹត្តទៅនាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ធ្វើឡើងនៅសាលមហោស្រប Theatre du Chatelet ស្ថិតនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង៕ (ប្រភព ៖ VnExpress)
ចែករំលែកព័តមាននេះ