ខេត្តកោះកុង ៖ ក្នុងអំឡុងពេលមួយសប្តាហ៍ចុងក្រោយនេះ គេសង្កេតឃើញមានសកម្មភាពរំលោភយកដីឆ្នេសមុទ្រធ្វើជាកម្មសិទ្ឋិ របស់មន្ត្រីធំម្នាក់នៅរាជធានីភ្នំពេញ ដែលយើងសុំមិនបញ្ចេញឈ្មោះ លើទីតាំងដីមួយកន្លែងស្ថិតនៅភូមិជ្រោយស្វាយលិច ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ។
តាមប្រជាពលរដ្ឋរស់នៅជុំវិញទីតាំងនោះ បានរាយការណ៍ថា សកម្មភាពរំលោភយកដីឆ្នេរខាងលើនេះ ពិតជាបានប្រើបច្ចេកទេសគឹតទុកជាមុនយ៉ាងល្អិតល្អន់ខ្លាំងណាស់ ពីព្រោះអ្នករំលោភហ៊ានចំណាយលុយយ៉ាងសន្ឋឹកសន្ឋាប់ទៅលើសម្ភារៈ ឧបករណ៍ ដោយប្រើគ្រឿងចក្រ(ម៉ៃខូ) កាយរណ្តៅព័ទ្ឋជុំវិញ រួចយកស៊ីម៉ង់ត៍សុទ្ឋទាំងបាវៗរាប់តោន ទៅតម្រៀបត្រួតលើគ្នាតាមកំពស់ដែលគេចង់បានដើម្បីធ្វើជាគ្រឹះនិងជារបង ហើយនៅពេលដែលទឹកសមុទ្រឡើង(ជោ) ស៊ីម៉ង់ត៍ដែលគេបានតម្រាបត្រួតលើគ្នានោះ វាជ្រាបទឹកកករឹង ក្លាយជាថ្មរឹងមាំប្រៀបដូចមហាជញ្ជាំងផុសឡើងតែម្តង ។
ទោះជាយ៉ាងណា ព័ត៌មានបឋមនេះ ត្រូវបានលោក អន សុធារិទ្ឋិ អភិបាលរងខេត្តកោះកុង ទទួលបន្ទុករៀបរយសំណង់អនាធិបតេយ្យតាមបណ្តោយ ឆ្នេរសមុទ្រកោះកុង បានឆ្លើយតាមសារថា លោកអត់បានដឹងរឿងនេះទេ ចាំលោកចំណាត់ការអោយអាជ្ញាធរមូលដ្ឋានចុះស្រាវជ្រាវ និងរាយការណ៍ទៅលោកជំទាវអភិបាលខេត្ត។
ចំណែកលោកមេឃុំជ្រោយស្វាយ បានឆ្លើយបដិសេធតាមទូរស័ព្ទនៅរសៀលថ្ងៃទី១៣ខែកញ្ញា២០២៤ថា អត់មានសកម្មភាពទាំងនេះកើតឡើងទេ តែលោកថាគាត់ក៏មិនទាន់ទៅមើលដល់ទីតាំងកើតហេតុនោះដែរ ។
ព័ត៌មានលម្អិតនឹងផ្សាយជូនបន្តនៅពេលក្រោយទៀត ៕
ចែករំលែកព័តមាននេះ