ខេត្តកំពង់ស្ពឺ ៖ រថយន្តកែច្នៃមួយគ្រឿងដែលគេស្គាល់ច្បាស់ថា ជារបស់មេឈ្មួញល្បីមានឈ្មោះ
(ហ្វីលីប)ប្រចាំតំបន់ស្រុកភ្នំស្រួច និងស្រុកឱរ៉ាល់ ត្រូវបានកម្លាំងជំនាញរដ្ឋបាលព្រៃឈើសង្កាត់សំរោងទងធ្វើការបង្ក្រាបបាន ខណៈដែលមេឈ្មួញឈ្មោះហ្វីលីប បានឱ្យកូនចៅដឹកឈើអារជ្រុង(ឈើឃ្លុំ) ប្រមាណ៦ម៉ែត្រគូប រួមនឹងម៉ូតូមួយគ្រឿងនៅលើកំណាត់ផ្លូវជាតិលេខ៤៤ ស្ថិតក្នុងភូមិផ្គង់ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងក្រុមមន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់សំរោងទង បង្ក្រាបរថយន្តដឹកឈើបាននិយាយឲ្យដឹងថា រថយន្តមួយគ្រឿងដែលត្រូវបានមេព្រៃសង្កាត់រដ្ឋបាលព្រៃឈើសំរោងទងបង្ក្រាបនោះម៉ាកTOPIC ពណ៌ឈាមជ្រូក ពាក់ផ្លាកលេខភ្នំពេញ 2K. 0021 ជាប្រភេទរថយន្តកែច្នៃដឹកឈើដោយម្ចាស់ឈ្មោះហ្វីលីប ជាមេឈ្មួញល្បីឈ្មោះម្នាក់ប្រចាំតំបន់ស្រុកភ្នំស្រួច និងស្រុកឱរ៉ាល់ ។
ប្រភពព៌មានពីសមត្ថកិច្ចបានបង្ហើបឱ្យដឹងថា រថយន្តកែច្នៃរបស់មេឈ្មួញឈ្មោះ ហ្វីលីបនេះ ប្រមូលទិញឈើឃ្លុំជ្រុងៗ ដែលមានមុខកាត់៤០ទៅ៥០ដុំ ដែលក្រុមអ្នកកាប់ឈើចេញពីតំបន់ឆាយរាប ក្នុងខេត្តកោះកុងព្រំប្រទល់ជាមួយភូមិរមាំងសរ ឃុំតាសាល ស្រុកឱរ៉ាល់ ការប្រមូលទិញឈើរបស់ថៅកែ ឈ្មោះ ហ្វីលីបរូបនេះ ជាយូរឆ្នាំណាស់មកហើយ ស្ទើររលាយឈើនៅស្រុកឱរ៉ាល់ទៅហើយ ដោយប្រើគ្រប់រូបភាពក្នុងការដឹកជញ្ជូនបទល្មើសព្រៃឈើនេះ ។ មានទាំងគោយន្តកន្ត្រៃដឹកចេញពីក្នុងព្រៃ ហើយមកដល់ស្ទឹងធំ ទើបថៅកែហ្វីលីប ប្រើរថយន្តស្ទូចដាក់លើរថយន្តកែច្នៃមិនក្រោម០៤គ្រឿងនោះឡើយ។
ប្រភពព័ត៌មានបានបន្តថា ថៅកែឈ្មោះ ហ្វីលីប នេះ ពេលដែលធ្វើការដឹកជញ្ជូនបទល្មើសព្រៃឈើម្តងៗ តែងតែមានកូនចៅជិះរថយន្តខ្វាត់ខ្វែងដើម្បីមើលផ្លូវ ហើយចំពោះសមត្ថកិច្ចតាមដងផ្លូវវិញ គឺថៅកែហ្វីលីប បានសម្រួលធ្វើការដោះស្រាយរួចរាល់អស់ហើយ សមត្ថកិច្ចខ្លះគិតជើង សមត្ថកិច្ចខ្លះ គិតជាខែក៏មានដែរ ។ ទង្វើររបស់ថៅកែហ្វីលីប បំផ្លិចបំផ្លាញបែបនេះហើយ ទើបព្រៃឈើនៅក្នុងស្រុកឱរ៉ាល់ទាំងមូលរងនូវការវិនាសរហូតដល់សព្វថ្ងៃនេះ ជានយោបាយ «ឯងជួយអញ អញជួយឯង» ។
ថៅកែប្រព្រឹត្ត និងរកស៊ីបទល្មើសព្រៃឈើនៅក្នុងស្រុកឱរ៉ាល់នេះ មិនមែនមានតែឈ្មោះហ្វីលីបម្នាក់នេះទេ គឺមានឈ្មោះ ផល និងឈ្មោះ ដន ទាំងពីរនាក់នេះ ក៏ជាមេឈ្មួញល្បីឈ្មោះរកស៊ីដឹកឈើតាមរថយន្តធុនធំៗប្រភេទយីឌុប ឬហៅថារថយន្តវ៉េអង (V1)។ មួយវិញទៀត សមត្ថកិច្ចនៅតាមដងផ្លូវ ចាប់ពីតំបន់ភូមិរមាំងសរ ឃុំតាសាល ផ្សារជាំ រហូតដល់សង្កាត់រដ្ឋបាលព្រៃឈើសំរោងទងបង្ក្រាបនេះ មានសមត្ថកិច្ចតាមដងផ្លូវមិនក្រោម១០កន្លែងនោះទេ ។
មានស្នាក់ការរបស់មន្ត្រីបរិស្ថានខាងត្បូងជួរភ្នំក្រវ៉ាញ ស្នាក់ការនគរបាលសេដ្ឋកិច្ចខេត្ត ស្នាក់ការមន្ត្រីកងរាជអាវុធហត្ថ ស្នាក់ការមន្ត្រីយោធាភូមិភាគទី៣ និងស្នាក់ការសមត្ថកិច្ចជាច្រើនស្ថាប័ន និងច្រើនអង្គភាពទៀតផងរាប់មិនអស់ទេ ប្រៀបដូចកុងត្រូលជជុះ ។
ក្រោយការបង្ក្រាបរថយន្ត០១គ្រឿង កែច្នៃដឹកឈើមានចំនួន១០ដុំជំនាញរដ្ឋបាលព្រៃឈើសង្កាត់សំរោងទង ធ្វើការវាស់វែងស្មើនឹង៦,៧៣៧ម៉ែត្រគូប ឈើអារជ្រុង ប្រភេទលេខ១ និងលេខ២ និងប្រភេទក្រៅលំដាប់ថ្នាក់ ។ ជំនាញបានពិនិត្យជាក់ស្តែងឃើញថា ឈើនេះ បានដឹកចេញពីខេត្តផ្សេង(កោះកុង) ឆ្លងកាត់តាមភូមិសាស្ត្រខេត្តកំពង់ស្ពឺ ជាប្រភេទឈើស្ថិតក្រៅលំដាប់ថ្នាក់ ដូចចំនួនខាងលើ ជាអំពើល្មើសច្បាប់ស្តីពីព្រៃឈើ បន្ទាប់មកបាននាំយកមក រក្សាទុកជាបណ្តោះអាសន្ននៅស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីស្តីពីច្បាប់រដ្ឋបាលព្រៃឈើ ។
ព័ត៌មានបន្តនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ