ទីក្រុងហាណូយ៖ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់, បាក់ដី និងដើមឈើសង្កត់លើនៅវៀតណាមកើនឡើងដល់១៥៥នាក់ហើយ។ នេះគិតតែចំនួនសាកសពដែលរកឃើញតែប៉ុណ្ណោះ ខណៈដែលមនុស្សរាប់សិបនាក់ទៀតនៅបាត់ខ្លួននៅឡើយដោយសារឥទ្ធិពលនៃខ្យល់ព្យុះយ៉ាជីដែលវាយប្រហារយ៉ាងពេញបន្ទុកកាលពីចុងសប្ដាហ៍កន្លងទៅនេះ។
រដ្ឋាភិបាលវៀតណាមប្រកាសថាដោយសារភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់។ ដូច្នេះធ្វើឱ្យមានហេតុការណ៍បាក់ដីកើតឡើងជាហូរហែនៅតាមភូមិតូចៗ។ ក្រៅពីនេះ ទឹកជំនន់បន្តកើតមានយ៉ាងល្ហល្ហាចនៅទីក្រុងហាណូយមិនទាន់ស្រកទៅវិញទេ។ គិតត្រឹមល្ងាចថ្ងៃពុធនេះ ភូមិដាច់ស្រយាលតូចមួយមានមនុស្សរស់នៅ១៥០នាក់កៀកនឹងព្រំដែនប្រទេសចិនកំពុងរងគ្រោះដោយសារការបាក់ដី។ ផ្ទះល្វែង១កន្លែងត្រូវដីគ្របសង្កត់ជិតឈឹង។ គ្មានសង្ឃឹមថាអ្នករស់នៅក្នុងនោះមានជីវិតរស់នៅទេ។
នៅម្ដុំៗនោះ ក្រុមអ្នកជួយសង្គ្រោះខិតខំជីកកកាយអាចម៍ដី និងរកឃើញសាកសពជនរងគ្រោះ២២នាក់។ ការបាក់ដីលើកនេះបានសម្លាប់មនុស្សដ៏ច្រើនមិនធ្លាប់មាន។ ខាងលើនេះជាពាក្យសម្ដីរបស់ស្ត្រីជនជាតិវៀតណាមឈ្មោះញូធីថាម (Nhu Thi Tam) ប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទ។ កំពុងនិយាយសុខៗ គាត់ឈប់និយាយ ហើយប្រញាប់ដឹកជញ្ជូនសាច់ញាតិរបស់ខ្លួន និងរបស់របរមានតម្លៃចាកចេញជាបន្ទាន់នៅពេលមានសញ្ញាថាហេតុការណ៍បាក់ដីនឹងកើតមានជាថ្មីម្ដងទៀត។
ក្រឡេកទៅមើលទិដ្ឋភាពនៅរដ្ឋធានីហាណូយ បេះដូងរបស់ប្រទេសវៀតណាមឯណោះវិញ អាជ្ញាធរកំពុងជាប់រវល់ខ្លាំងក្នុងការជួយសម្រួលចរាចរណ៍ និងបញ្ចៀសទិសដៅធ្វើដំណើររបស់ប្រជាជនក្រោយពេលបាក់ស្ពានជាច្រើនកន្លែង។ រហូតមកដល់ពេលនេះ រដ្ឋាភិបាលមិនទាន់បញ្ចេញរបាយការណ៍ថាខ្យល់ព្យុះនេះបានបង្កការខូចខាតកម្រិតណាទេ។ ប៉ុន្តែអ្នកវិភាគវាយតម្លៃថានេះជាគ្រោះធម្មជាតិដ៏មហន្តរាយបំផុតដែលប្រទេសវៀតណាមពុំដែលជួបប្រទះពីមុនមក។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិរបស់វៀតណាមអះអាងថាជនរងគ្រោះដែលស្លាប់ភាគច្រើនស្លាប់ដោយសារការបាក់ដី និងជំនន់ទឹកភ្លៀង។ ខេត្តឡាវកាយរងគ្រោះខ្លាំង និងមានអ្នកស្លាប់ច្រើនជាងគេ។ គ្រាន់តែនៅមួយខេត្តនេះគេរកឃើញសាកសពជនរងគ្រោះ៤៥នាក់។ ក្រៅពីនេះ មនុស្សជាច្រើននាក់ទៀតនៅបាត់ខ្លួន។ ទាហានវៀតណាមរាប់ពាន់នាក់បានចុះទៅខេត្តនោះ ហើយចាប់ផ្ដើមជម្លៀសមនុស្សជាបន្តបន្ទាប់។
អ្នកខ្លះកំពុងព្រួយបារម្ភថាគ្រោះទឹកជំនន់អាចនឹងកើតមានបន្ថែមទៀតព្រោះទំនប់ទឹកធំៗនៅតាមស្ថានីយវារីអគ្គិសនីរបស់វៀតណាមពេញប្រៀបដោយទឹក។ នៅពេលទ័លច្រកខ្លាំង វៀតណាមអាចនឹងបង្ហូរទឹកចេញពីទំនប់។ អ្នកខ្លះប្រាប់ថាទោះបីពួកគេចង់ទៅណាក៏ទៅមិនកើតដែរព្រោះគ្រប់ទីកន្លែងសុទ្ធតែល្ហល្ហេវដោយវាលទឹក។ ដូច្នេះពួកគេត្រូវតែបង្ខំចិត្តរស់នៅក្នុងទឹកតទៅទៀត៕
ចែករំលែកព័តមាននេះ