ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ សំណូមពរ​រដ្ឋាភិបាល​កូរ៉េ ផ្តល់​ឱកាស​ឲ្យ​កូនចៅ​ពលរដ្ឋ​ខ្មែរ​មានគ្រួសារ​ជា​ជនជាតិ​កូរ៉េ បាន​រៀន​ភាសា​ខ្មែរ និង​ភាសា​កូរ៉េ

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​កូរ៉េ ផ្តល់​ឱកាស​ឲ្យ​កូនចៅ​ពលរដ្ឋ​ខ្មែរ ដែល​មានគ្រួសារ​ជា​ជនជាតិ​កូរ៉េ​បាន​រៀន​ភាសា​ខ្មែរ និង​ភាសា​កូរ៉េ​…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​កូរ៉េ ផ្តល់​ឱកាស​ឲ្យ​កូនចៅ​ពលរដ្ឋ​ខ្មែរ ដែល​មានគ្រួសារ​ជា​ជនជាតិ​កូរ៉េ​បាន​រៀន​ភាសា​ខ្មែរ និង​ភាសា​កូរ៉េ​ ផង ។

ការ​សំណូមពរ​របស់​សម្តេច​តេ​ជោ បន្ទាប់​ពី​សម្តេច​បាន​ថ្លែងអំណរគុណ​ចំពោះ​សាធារណរដ្ឋ​កូរ៉េ​ផង​ដែរ ដែល​បាន​ផ្តល់​ភាព​អនុគ្រោះ និង​សម្រួល​ដល់​ពលករ​កម្ពុជា សម្រួល​លក្ខខណ្ឌ​ការងារ ដែល​ធ្វើ​ឲ្យ​គេ​ស្នាក់​នៅ​បំពេញការងារ ហើយ​ពេល​ត្រឡប់​ទៅ​កម្ពុជា​វិញ បាន​នាំ​យក​ទៅ​ជាមួយ ​នូវ​បច្ចេកទេស​ទំនើប​ទៅ​បង្កើត​ការងារ​នៅ​កម្ពុជា រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច នៅ​កម្ពុជា​ផង​ដែរ ។

ការ​សំណូមពរ ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​ពេល​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម អ៊ូ វ៉​ន់​ស៊ី​ក (Woo Won-Shik) ប្រធានរដ្ឋសភា​ នៃ​សាធារណរដ្ឋ​កូរ៉េ នៅ​វិមាន​រដ្ឋសភា​សាធារណរដ្ឋ​កូរ៉េ ។

នៅ​ក្នុង​ជំនួប សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​លើក​ឡើង​ដែរ​ថា ប្រទេស​ទាំង​ពីរ​សា​ធា​ណ​រដ្ឋ​កូរ៉េ និង​កម្ពុជា ជា​ប្រទេស​ដន្លង​នឹង​គ្នា ​ដោយ​ប្រជាជន​កម្ពុជា ជា​ពិសេស គឺ​ស្ត្រី​កម្ពុជា បាន​រៀប​ការ​ជាមួយ​ជនជាតិ​កូរ៉េ​ច្រើន​ ប្រមាណ​ជា​៨,០០០​នាក់ ជីវិត​កូនចៅ​រហូត​ដល់​ទៅ​ប្រមាណ​ជា​៧៥,០០០​នាក់ ។

សម្ដេច​បាន​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​កូរ៉េ ផ្តល់​ឱកាស​ឲ្យ​កូនចៅ​ពលរដ្ឋ​ទាំង​អស់នោះ បាន​រៀន​ភាសា​ខ្មែរ និង​ភាសា​កូរ៉េ​ ផង​ដែរ ដើម្បី​មាន​លទ្ធភាព​ក្នុង​ការ​ធ្វើ​ទំនាក់ទំនង​ទៅ​វិញ​ទៅ​មក ក៏​ដូច​ជា​រួមចំណែក​ក្នុង​ការ​ជួយ​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​កូរ៉េ​ ផង​ដែរ ។

ជាមួយ​គ្នា​នេះ សម្ដេច​តេ​ជោ ប្រធាន​ព្រឹទ្ធសភា បាន​ថ្លែងអំណរគុណ​ផង​ដែរ ​ចំពោះ​សាធារណរដ្ឋ​កូរ៉េ ដែល​បាន​ជួយ​បណ្តុះបណ្តាល​កីឡាករ​កម្ពុជា ក្នុង​ការ​ចូលរួម​ប្រកួត​ជាមួយ កីឡា​ស៊ី​ហ្គេ​ម នៅ​កម្ពុជា កាលពី​ឆ្នាំ​២០២២ កន្លង​មកនេះ ដែល​ក្នុង​នោះ​ក៏​មាន​វត្តមាន​របស់​កីឡាករ​ស្នុ​ក​ឃី ដ៏​ល្បី​របស់​កូរ៉េ​ ជា​ជនជាតិ​ខ្មែរ​ ផង​ដែរ ។

សម្ដេច ​ក៏​បាន​ថ្លែងអំណរគុណ​ផង​ដែរ និង​អបអរសាទរ​ចំពោះ​ការ​កើនឡើង​ក្នុង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការ​វិនិយោគ ដែល​ធ្វើ​ឲ្យ​ទំហំ​ពាណិជ្ជកម្ម​មានការ​កើនឡើង ហើយ​សូម​ថ្លែងអំណរគុណ និង​សូម​ឲ្យ​រដ្ឋាភិបាល​កូរ៉េ ជំរុញ​ឲ្យ​អ្នក​វិនិយោគទុន​ច្រើន​ថែម​ទៀត​ ទៅ​កម្ពុជា​។ បច្ចុប្បន្ន​នេះ កម្ពុជា​មិន​គ្រាន់តែ​ឈាន ដែល​ពី​មុន​ជា​អ្នក​នាំ​ចូល ឥឡូវនេះ​កម្ពុជា មាន​លទ្ធភាព​ក្នុង​ការ​ផលិត​ ដើម្បី​នាំ​ចេញ​ផង​ដែរ ។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​រំឭក​ថា សម្តេច និង​ឯកឧត្តម មូ​ន ជេ​អ៊ី​ន បាន​ពិភាក្សា​គ្នា និង​ជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ហើយ​ពេល​នេះ​រាជរដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា និង​រដ្ឋាភិបាល​កូរ៉េ បាន​ចុះ​កិច្ចព្រមព្រៀង​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​។ តាម​រយៈ​កិច្ចព្រមព្រៀង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស គឺ​អាច​នឹង​ចេញ​ជា​រូបរាង ដែល​បង្ក​លក្ខណៈ​ឲ្យ​អ្នក​វិនិយោគ​កូរ៉េ ទៅ​មក​វិនិយោគ​នៅ​កម្ពុជា មានការ​កើនឡើង​សម្រាប់​ធ្វើការ​កែ​ច្នៃ និង​នាំ​ចេញ​មក​កូរ៉េ​វិញ ។

សម្តេច​តេ​ជោ ប្រធាន​ព្រឹទ្ធសភា បាន​ជម្រាប​ផង​ដែរ​ថា រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​របស់​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នឹង​ខិតខំ​ការពារ​អ្នក​វិនិយោគទុន​កូរ៉េ និង​ខិតខំ​ប្រឹងប្រែង ដើម្បី​ការពារ​ធានា នូវ​សុខ​សន្តិភាព​ជា​រួម​សម្រាប់​អ្នក​វិនិយោគ​ពី​បរទេស​ទាំងអស់ ។

សម្ដេច​ក៏​បាន​ថ្លែង នូវ​ការ​អបអរសាទរ និង​ទន្ទឹងរង់ចាំ​ការ​ស្ថាបនា​ស្ពាន​មិត្តភាព​កម្ពុជា​កូរ៉េ ដែល​នឹង​ឆ្លង​ទន្លេសាប និង​ទន្លេមេគង្គ ដែល​អាច​ចេញ​ជា​រូបរាង​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​។ ទន្ទឹម​នេះ ក៏​សូម​ថ្លែងអំណរគុណ​សាធារណរដ្ឋ​កូរ៉េ ដែល​កំពុង​បន្ត​ជួយ​ផ្លូវជាតិ​លេខ​៤៨, លេខ​២ និង​លេខ​២១ ។

សម្ដេច​តេ​ជោ បាន​ថ្លែងអំណរគុណ​ផង​ដែរ ចំពោះ​ការ​យកចិត្តទុកដាក់​របស់​សាធារណរដ្ឋ​កូរ៉េ ក្នុង​ការ​លើកកម្ពស់​កម្រិត​កិច្ចប្រជុំ​មេគង្គ​ជប៉ុន​ពី​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស ទៅ​ជា​កិច្ចប្រជុំ​កំពូល​។ ប៉ុន្ដែ​សម្ដេច​បង្ហាញ​ការ​សោកស្ដាយ ដែល​កិច្ចប្រជុំ​នេះ មិន​អាច​ប្រព្រឹត្ត​ទៅ​បាន​ដោយសារ​បញ្ហា​មី​យ៉ា​ន់​ម៉ា ។

ទោះជា​យ៉ាងនេះ​ក៏​ដោយ គម្រោង​នានា ដែល​ពាក់ព័ន្ធ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​ជប៉ុន ត្រូវ​បន្ត​ជា​ធម្មតា​មិន​ត្រូវ​ឲ្យ​មាន​ស្ទះ​រាំង​ដោយសារ​វិបត្តិ​នៅ​មី​យ៉ា​ន់​ម៉ា​នោះ​ទេ​។ សម្ដេច​គូសបញ្ជាក់​ថា គម្រោង​មេគង្គ​ជប៉ុន​នានា បាន​ជួយ​ទាក់ទង​ទៅ​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​និរន្តរភាព​នៃ​ការ​ថែទាំ​ប្រទេស​នៅ​តាម​ដង​ទន្លេ ផ្នែក​អេកូឡូស៊ី​ផង​ដែរ​។ សម្ដេច​ក៏​បាន​ជម្រាប​ផង​ដែរ អំពី​ការ​លះបង់​អំណាច ហើយ​រៀបចំ​ឱ្យ​មានការ​ផ្លាស់​ប្តូរ មក​អ្នក​ជំនាន់​ក្រោយ ដើម្បី​រក្សាសុខ​សន្តិភាព ស្ថិរភាព​រយៈពេល​វែង ។

ជា​ចុង​ក្រោយ សម្ដេច​តេ​ជោ ប្រធាន​ព្រឹទ្ធសភា បាន​អញ្ជើញ​ឯកឧត្តម អ៊ូ វ៉​ន់​ស៊ី​ក ប្រធាន​សភា នៃ​សាធារណរដ្ឋ​កូរ៉េ បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា តាម​ពេលវេលា​សម​ស្រប​នៅ​ពេល​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ