ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ជិត​ខាង​បា.ញ់គ្នា​ស្លា.ប់​២​នាក់​នៅ​ថៃ​ដោយ​សា​រ​ទំនាស់​ឆ្មា និង​សុនខ

2 ខែ មុន

ខេត្ត​​បឋម​ធានី៖ មាន​ហេតុ​ការណ៍​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ​កើត​ឡើង​នៅ​ប្រទេស​ថៃ​ដោយ​សារ​តែ​រឿង​ជម្លោះ​ពាក់​ព័ន្ធនឹង​សត្វ​ចិញ្ចឹម​របស់​ខ្លួន​ឈាន​ដល់​ការ​ផ្ដាច់​ជីវិត​អ្នក​ដទៃ​ និង​ខ្លួន​ឯង​យ៉ាង​អាណោច​អធ័ម​។ ថ្មី​ៗ​នេះ បុរស​ម្នាក់​ជា​យោធិន​ចូល​និវត្ត​បាន​ដាច់​ចិត្ត​លើក​កាំ​ភ្លើង​បាញ់​ប្រហារ​អ្នក​ជិត​ខាង​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​។ បន្ទាប់​មក​ គាត់​ទាញ​កាំ​ភ្លើង​បាញ់​សម្លាប់​ខ្លួន​ឯង​តាម​ក្រោយ​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ស្រុក​ក្លង​ហ្លួង​ (Khlong Luang)…

ខេត្ត​​បឋម​ធានី៖ មាន​ហេតុ​ការណ៍​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ​កើត​ឡើង​នៅ​ប្រទេស​ថៃ​ដោយ​សារ​តែ​រឿង​ជម្លោះ​ពាក់​ព័ន្ធនឹង​សត្វ​ចិញ្ចឹម​របស់​ខ្លួន​ឈាន​ដល់​ការ​ផ្ដាច់​ជីវិត​អ្នក​ដទៃ​ និង​ខ្លួន​ឯង​យ៉ាង​អាណោច​អធ័ម​។ ថ្មី​ៗ​នេះ បុរស​ម្នាក់​ជា​យោធិន​ចូល​និវត្ត​បាន​ដាច់​ចិត្ត​លើក​កាំ​ភ្លើង​បាញ់​ប្រហារ​អ្នក​ជិត​ខាង​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​។ បន្ទាប់​មក​ គាត់​ទាញ​កាំ​ភ្លើង​បាញ់​សម្លាប់​ខ្លួន​ឯង​តាម​ក្រោយ​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ស្រុក​ក្លង​ហ្លួង​ (Khlong Luang) ខេត្ត​បឋម​ធានី​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​។

សាក្សី​និយាយ​ថា​អ្នក​ជិត​ខាង​ទាំង​​២​នាក់​នេះ​មាន​ទំនាស់​គ្នា​ជា​ច្រើន​ខែ​មក​ហើយ​ពាក់​​ព័ន្ធ​នឹង​សត្វ​ចិញ្ចឹម​២​ក្បាល​។ ផ្ទះ​មួយ​មាន​សត្វ​សុនខ​ និង​ផ្ទះ​មួយ​ទៀត​មាន​សត្វ​ឆ្មា​។ នៅ​ម៉ោង​៧:៣០​ព្រឹក​ នគរ​បាល​​ទទួ​លការ​ហៅ​ទូរ​ស័ព្ទ​ដើម្បី​ធ្វើ​អន្តរា​គមន៍​បន្ទាន់​នៅ​ក្នុង​ផ្ទះ​ដីឡូតិ៍​មួយ​កន្លែង​នៃ​តំបន់​ក្លង​សាម (Khlong Sam)។ នៅ​ពេល​ទៅ​ដល់​​​ឃើញ​សាក​សព​មនុស្ស​២​នាក់​។ ម្នាក់​ជា​វរ​សេនីយ៍​យោធា​ចា​រូឆាត ចារូផាន អាយុ​៦៤​ឆ្នាំ (Jaruchart Jarupan) និង​ម្នាក់​ទៀត​ឈ្មោះ​សាវ​វ៉ាគុល សាសា​ដូ (Saowagul Sasadoh) អាយុ​៥៣​ឆ្នាំ​។

កូន​ប្រុស​​អាយុ​៣០​ឆ្នាំ​របស់​ស្ត្រី​ដែល​ត្រូវ​យោធិន​ចូល​និវត្ត​បាញ់​សម្លាប់​នោះ​ក៏​ត្រូវ​របួស​​នៅ​ត្រង់​ដៃ​ខាង​ឆ្វេងផង​ដែរ​​។ ​អ្នក​ជិត​ខាង​ទាំង​២​​មាន​ទំនាស់​នឹង​គ្នា​យូរ​​ហើយ​ ហើយ​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​​ ពួក​គាត់​ក៏​ទាស់​សម្ដី​គ្នា​ម្ដង​​ទៀត​។ លើក​នេះ​មិន​មែន​ទាស់​តែ​សម្ដី​ទេ​ ប៉ុន្តែ​​ឈាន​ដល់​ការ​បញ្ចប់​ជីវិត​ទាំង​សង​ខាង​តែ​ម្ដង​។ ​សាក្សី​ប្រាប់​ថា​មុន​ដំបូង​ យោធិន​ចូល​និវត្ត​​​ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ​ និង​ដើរ​ចេញ​មក​វិញ​ដោយ​កាន់​កាំ​ភ្លើង​ខ្លី​​​​៩​មិល្លីម៉ែត្រ​​។ គាត់​​ដើរចូល​ទៅ​ក្នុ​ងផ្ទះ​របស់​ស្ត្រី​នោះ និង​បាញ់​​ជា​​ច្រើន​គ្រាប់​។

ទិដ្ឋ​ភាព​នៅ​កន្លែង​កើត​ហេតុ

លទ្ធ​ផល​កោសល្យ​វិច័យ​បង្ហាញ​ថា​​​​ស្ត្រី​រូប​នោះ​រង​ការ​បាញ់​ប្រហារ​​​៥​គ្រាប់​ត្រូវ​ចំ​ថ្ពាល់​ខាង​ឆ្វេង,​ ពោះ​, កំភួន​ដៃ​​ខាង​ស្ដាំ​ និង​ដើម​ដៃ​ខាង​ស្ដាំ​។ យោធិន​ចូល​និវត្ត​រូប​នេះ​ត្រូ​វគេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្បែរ​មាត់​របង​ផ្ទះ​របស់​ស្ត្រី​រង​គ្រោះ​ដោយ​មាន​ស្នាម​បាញ់​ទម្លុះ​សៀត​ផ្កា​ខាង​ឆ្វេង​ ហើយធ្លាយ​គ្រាប់​កាំ​ភ្លើង​​មក​សៀត​ផ្កា​ខាង​ស្ដាំ​។ នេះ​បើ​យោង​តាម​ការ​ពិនិត្យ​របស់​សមត្ថ​កិច្ច​។

អ្នក​ស្រី​អនុថៃ ចា​រូផាន (Anothai Jarupan) វ័យ​៦៣​ឆ្នាំ​ ​ជា​ប្រពន្ធ​របស់​យោធិន​ចូល​និវត្ត​​​ប្រាប់​ថា​ស្វាមី​របស់​គាត់​ និង​អ្នក​ជិត​ខាង​ដែល​គាត់​បាន​បាញ់​សម្លាប់​នោះ​ធ្លាប់​មាន​ទំនាស់​ពាក្យ​សម្ដី​នឹង​គ្នា​​​កន្លះ​ឆ្នាំ​មក​ហើយ​។ នៅ​ថ្ងៃ​កើត​ហេតុ​នោះ គាត់​ឃើញ​ស្វាមី​ច្រក​គ្រាប់​​នៅ​ក្នុង​បង់​កាំ​ភ្លើង ហើយ​ដើរ​រ៉ុយ​ចេញ​ពី​ក្នុង​ផ្ទះ​។ មិន​យូរ​ប៉ុន្មាន គាត់​ក៏​ស្ដាប់​ឮ​សំឡេង​គ្រាប់​កាំ​ភ្លើង​បាញ់​ផូង​ៗ​ផ្ទួន​ៗ​គ្នា​ជា​ច្រើន​គ្រាប់​។​​ គាត់​ក៏​ប្រញាប់​ស្ទុះ​ចេញ​ពី​ក្នុ​ង​ផ្ទះ​ឃើញ​ស្វាមី​យក​កាំភ្លើង​ខ្លី​ភ្ជង់​សៀត​ផ្កា​ខ្លួន​ឯង​ដើម្បី​ធ្វើ​អត្ត​ឃាត​។​

លោក​ក្រៃ​ទីន ណាត់​ថាវីន (Kritin Natawin) ​ជាកូន​ប្រុស​របស់​ស្ត្រី​រង​គ្រោះ​ប្រាប់​ថា​គ្រាន់​តែ​ស្ដាប់​ឮ​សំឡេង​ផ្ទុះ​គ្រាប់​កាំ​ភ្លើង​ភ្លាម គាត់​ក៏​ស្ទុះ​វឹង​សំដៅ​​ទៅ​មាត់​ទ្វារ​។ ពេល​នោះ យោធិន​ចូល​និវត្ត​ក៏​ទាញ​​កាំ​ភ្លើង​បាញ់​សំដៅ​​ទៅ​រក​កូន​ប្រុស​ស្ត្រី​រង​គ្រោះ​។ ប៉ុន្តែ​សំណាង​ល្អ គាត់​មិន​ស្លាប់​ ត្រឹម​តែ​​​របួស​​ដៃ​ខាង​ឆ្វេង​។ កូន​ប្រុស​រូប​នេះ​ប្រាប់​ថា​មុន​ដំបូង​អត់​មាន​ទំនាស់​អី​នឹង​គ្នា​ទេ​។

ប៉ុន្តែ​នៅ​ពេល​យោធិន​ចូល​និវត្ត​យក​ឆ្មា​មួយ​ក្បាល​មក​ចិញ្ចឹម​ រឿង​ក៏​ចេះ​តែ​កើត​ឡើង​ជា​ហូរ​ហែ​។ សត្វ​ឆ្មា​របស់​​គាត់​ឧស្សាហ៍​ផ្លោះ​របង​ចូល​ទៅ​ក្នុង​បរិវេណ​ផ្ទះ​របស់​ស្ត្រី​​រង​គ្រោះ​។ នៅ​ពេល​ផ្លោះ​របង​បែប​នេះ​​ក៏​​វាក់​អើ​ជា​មួយ​​សត្វ​សុនខ​របស់​ស្ត្រី​រង​គ្រោះ​។ ជា​ធម្ម​តា​ សុនខ និង​ឆ្មា​មិន​សូវ​ត្រូវ​ធាតុ​គ្នា​​ទេ​។ កុំ​ថា​ឡើយ​ដល់​ទៅ​ឆ្មា និង​សុនខ​នៅ​ផ្ទះ​ផ្សេង​គ្នា​ សូម្បី​តែ​ម្ចាស់​តែ​មួយ​ក៏​​មិន​សូវ​ត្រូវ​គ្នា​ផង​។ ហេតុ​ដូច្នេះ​ហើយ​ក៏​បង្ក​ជា​បញ្ហា​រវាង​ម្ចាស់​របស់​សត្វ​ទាំង​២​ និង​ការ​បាញ់​ប្រហារ​ដូច​រៀប​រាប់​ខាង​លើ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ