ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ស្គាល់​! គ្រូបង្វឹក​បាល់ទាត់​មាន​បំផុត​ទាំង​៥​រូប​លើ​ពិភពលោក​ប្រចាំឆ្នាំ ២០២៤

3 ខែ មុន

បរទេស ៖ «​បាល់ទាត់​» គឺជា​កីឡា​ដែល​ពេញ​និយម​បំផុត​នៅ​លើ​ពិភពលោក ដូច្នេះ​មិនមែន​ជា​រឿង​ចម្លែក​នោះ​ទេ ដែល​កីឡាករ​បាល់ទាត់​កំពូល​ៗ​មួយ​ចំនួន​របស់​ពិភពលោក ទទួល​បាន​ថ្លៃ​ពលកម្ម​រាប់រយ​លាន​សម្រាប់​ការ​បង្ហាញ​ពី​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​ពួក​គេ នៅ​លើ​ទីលាន​ប្រកួត​។ តួយ៉ាង ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់…

បរទេស ៖ «​បាល់ទាត់​» គឺជា​កីឡា​ដែល​ពេញ​និយម​បំផុត​នៅ​លើ​ពិភពលោក ដូច្នេះ​មិនមែន​ជា​រឿង​ចម្លែក​នោះ​ទេ ដែល​កីឡាករ​បាល់ទាត់​កំពូល​ៗ​មួយ​ចំនួន​របស់​ពិភពលោក ទទួល​បាន​ថ្លៃ​ពលកម្ម​រាប់រយ​លាន​សម្រាប់​ការ​បង្ហាញ​ពី​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​ពួក​គេ នៅ​លើ​ទីលាន​ប្រកួត​។ តួយ៉ាង ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់ Cristiano Ronaldo បច្ចុប្បន្ន​គឺជា​កីឡាករ​បាល់ទាត់​មាន​ថ្លៃ​ពលកម្ម​ខ្ពស់​បំផុត​លើ​ពិភពលោក ដោយ​ទទួល​បាន ២០០​លាន​អឺ​រ៉ូ​ក្នុង​មួយ​ឆ្នាំ​ពី​ក្លិប Al Nassr នៅ​លី​គ​កំពូល​អា​រ៉ា​ប៊ី​សា​អូឌីត​។

ទោះជា​យ៉ាងណា​ក៏​ដោយ អ្នក​មិន​ចាំបាច់​រត់​នៅ​លើ​ទីលាន ដើម្បី​រក​ប្រាក់​ចំណូល​ដ៏​ច្រើន​សន្ធឹកសន្ធាប់​បែប​នេះ​ទេ​។ ជាក់ស្តែង នៅ​ក្នុង​នាម​ជា​គ្រូបង្វឹក​ដែល​ប្រើប្រាស់​ប្រាជ្ញា និង​យុទ្ធសាស្ត្រ ដើម្បី​ទទួលខុសត្រូវ​ផ្នែក​ដ៏​សំខាន់​របស់​ក្រុម​របស់​ខ្លួន​នោះ ក៏​កំពុង​តែ​ទទួល​បាន​ប្រាក់បៀវត្ស​ដ៏​ច្រើន​ផង​ដែរ​។ យោង​តាម​ប្រភព​ពី​គេហទំព័រ Celebrity Net Worth បាន​ចេញផ្សាយ​បញ្ជី​គ្រូបង្វឹក​បាល់ទាត់​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​ទាំង​៨​រូប នៅ​លើ​ពិភពលោក​ប្រចាំឆ្នាំ ២០២៤ ដែល​មាន​ដូច​ខាងក្រោម ៖

Sir Alex Ferguson ទ្រព្យសម្បត្តិ​សរុប ៧០​លាន​ដុល្លារ​អា​មេ​រិ​ក

អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​ជនជាតិ​ស្កុ​តឡែ​ន លោក Alex Ferguson គឺជា​គ្រូបង្វឹក​បាល់ទាត់​ដែល​ទទួល​បាន​ជោគជ័យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ចក្រភព​អង់គ្លេស ដោយ​បាន​ឈ្នះ​ជើងឯក​ពានរង្វាន់​លី​គ​កំពូល​អង់គ្លេស Premier League ១៣​សម័យកាល ជាមួយ​ក្រុម Manchester United ។ បន្ទាប់​ពី​ចូល​និវត្តន៍​កាលពី​ឆ្នាំ ២០១៣ លោក Ferguson បាន​ប្តូរ​ការ​យកចិត្តទុកដាក់​ខ្ពស់​ទៅ​លើ​បាល់ទាត់ ដោយ​លោក​បង្វែរ​ចំណាប់អារម្មណ៍​ទៅ​លើ​កីឡា​ប្រណាំងសេះ​។

លោក Zinedine Zidane ទ្រព្យសម្បត្តិ​សរុប ១២០​លាន​ដុល្លារ​អា​មេ​រិ​ក

វីរបុរស​បាល់ទាត់​បារាំង​ឈ្នះ​ពានរង្វាន់ World Cup ឆ្នាំ ១៩៩៨ វ័យ​៥២​ឆ្នាំ​រូប​នេះ ជាប់​ឈ្មោះ​ជា​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA ចំនួន​៣​ដង មុន​ព្យួរ​ស្បែកជើង​នៅ​ក្នុង​ឆ្នាំ ២០០៦​។ Zidane បាន​ចាប់ផ្តើម​អាជីព​ជា​គ្រូបង្វឹក​លើក​ដំបូង​នៅ​ក្នុង​ក្រុម​ឈុត B របស់​ក្លិប Real Madrid កាលពី​ឆ្នាំ ២០១៤ មុន​ពេល​ក្លាយជា​គ្រូបង្វឹក​ក្រុម​ឈុត​ធំ Real Madrid នៅ​២​ឆ្នាំ​ក្រោយ ហើយ​បាន​ដឹកនាំ​ក្រុម​រហស្សនាម​ស្តេច​ស​មួយ​ចំនួន​២​លើក អំឡុង​ឆ្នាំ ២០១៦ ដល់ ២០១៨ និង​លើក​ទី​២ អំឡុង​ឆ្នាំ ២០១៩ ដល់ ២០២១​។ Zidane ដែល​បច្ចុប្បន្ន​ទំនេរ​មិន​ទាន់​មាន​ក្រុម​ដឹកនាំ ត្រូវ​បាន​រាយការណ៍​ថា បង្កើន​ចំនួន​ទ្រព្យសម្បត្តិ​របស់​គាត់ តាម​រយៈ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ធំ​ៗ​ដូច​ជា Adidas, Lego, Audi, Volvic និង Christian Dior ។

លោក Jose Mourinho ទ្រព្យសម្បត្តិ​សរុប ១២០​លាន​ដុល្លារ​អា​មេ​រិ​ក

ទទួល​បានការ​តែងតាំង​ជា​គ្រូបង្វឹក​ជនជាតិ​ព័រ​ទុ​យ​ហ្គា​ល់​ល្អ​បំផុត​ប្រចាំ​សតវត្ស កាលពី​ឆ្នាំ ២០១៥ ដោយ​សហព័ន្ធ​បាល់ទាត់​ព័រ​ទុ​យ​ហ្គា​ល់ លោក Jose Mourinho មាន​ភាព​ល្បីល្បាញ​ដោយសារ​គាត់​ជា​គ្រូបង្វឹក​សង្គ្រាមចិត្តសាស្ត្រ​ទាំង​លើ​ទីលាន និង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​បង្កើត​រឿងរ៉ាវ​ដ៏​ចាប់អារម្មណ៍​ជា​ច្រើន និង​ទម្រង់​ដាក់​សម្ពាធ​ទៅ​លើ​គូប្រកួត​របស់​ខ្លួន​។

អតីត​ខ្សែបម្រើ​ជនជាតិ​ព័រ​ទុ​យ​ហ្គា​ល់ ដែល​ឈាន​ដល់​វ័យ​៦១​ឆ្នាំ​រូប​នេះ បច្ចុប្បន្ន​កំពុង​ដឹកនាំ​ក្រុម Fenerbahce នៅ​លី​គ​កំពូល​តួ​ក​គី គឺជា​គ្រ​បង្វឹក​ម្នាក់​ក្នុង​ចំណោម​គ្រូបង្វឹក​តែ​៦​នាក់​ប៉ុណ្ណោះ ដែល​បាន​ឈ្នះ​ពានរង្វាន់​អឺរ៉ុប​ជាមួយ​ក្លិប​ពីរ​ផ្សេង​គ្នា ហើយ​ក៏​ជា​គ្រូបង្វឹក​តែ​ម្នាក់​គត់ ដែល​បាន​ឈ្នះ​ពានរង្វាន់​កំពូល​ទាំង​៣​របស់ UEFA រួម​មាន Champions League, Europa League និង Conference League​។

លោក Diego Simeone ទ្រព្យសម្បត្តិ​សរុប ១៣០​លាន​ដុល្លារ​អា​មេ​រិ​ក

អតីត​ខ្សែបម្រើ​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​វ័យ​៥៤​ឆ្នាំ​រូប​នេះ បាន​ចាប់ផ្តើម​អាជីព​ជា​គ្រូបង្វឹក​នៅ​ឆ្នាំ ២០០៦​។ សព្វ​ថ្ងៃនេះ លោក​ជា​គ្រូបង្វឹក​ដែល​បម្រើ​ការ​បាន​យូរ​ជាងគេ​នៅ​លី​គ​កំពូល​អេ​ស្ប៉ា​ញ La Liga បន្ទាប់​ពី​ចាប់ផ្តើម​ដឹកនាំ Atletico Madrid ក្នុង​ឆ្នាំ ២០១១​។ កាលពី​ខែវិច្ឆិកា ឆ្នាំ​មុន លោក​បាន​សម្រេច​ចុះហត្ថលេខា​លើ​កិច្ចសន្យា​រយៈពេល​៣​ឆ្នាំ​បន្ថែម​ទៀត​ជាមួយ​ក្លិប​នេះ ដែល​ទទួល​បាន​ប្រាក់បៀវត្ស​ត្រូវ​នាម​ប៉ាន់​ស្មានថា ១៧.៦ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។ នេះ​បើ​តាម​របាយការណ៍​ពី​កាសែត New York Times​។

លោក Wayne Rooney ទ្រព្យសម្បត្តិ​សរុប ១៧០​លាន​ដុល្លារ​អា​មេ​រិ​ក

ឈរ​កំពូល​តារាង ហើយ​ជា​ពិសេស​វ័យក្មេង​ជាងគេ គឺជា​អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស និង​បច្ចុប្បន្ន​ជា​គ្រូបង្វឹក​អាជីព Wayne Rooney ដែល​ល្បីល្បាញ​ខ្លាំង​តាម​រយៈ​ការ​ឈ្នះ​ជើងឯក​លី​គ​កំពូល​អង់គ្លេស Premier League ៥​សម័យ​ជាមួយនឹង​ក្លិប Manchester United​។

Rooney បាន​ប្រកាស​ចូល​និវត្តន៍​ជា​ផ្លូវការ​ក្នុង​នាម​ជា​កីឡាករ​ក្នុង​ឆ្នាំ ២០២១ នៅ​ពេល​កំពុង​លេង​នៅ​ក្នុង​នាម​ជា​កីឡាករ​ផង និង​អ្នកគ្រូ​បង្វឹក​ផង​ជាមួយ​ក្រុម Derby County អំឡុង ២០២០ ដល់​ឆ្នាំ ២០២២​។ ក្រៅពី​ដឹកនាំ​ក្រុម Derby អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម Everton, Man United, D.C. United និង Derby County វ័យ​៣៨​ឆ្នាំ​រូប​នេះ បាន​បន្ត​ដឹកនាំ​ក្រុម D.C. United, Birmingham City និង​បច្ចុប្បន្ន​កំពុង​ដឹកនាំ​ក្រុម Plymouth Argyle ក្រោយ​ចូល​កាន់​តំណែង​កាលពី​ខែឧសភា​កន្លង​ទៅ ដោយ​បាន​ចុះ​កុងត្រា​រយៈពេល​៣​ឆ្នាំ​ផង​ដែរ​។

បើ​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន AP បានឱ្យ​ដឹង​ថា ប្រាក់​ចំណូល​ដ៏​សំខាន់​របស់ Rooney ទទួល​បាន​ពី​ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ដូច​ជា Nike, Ford, Nokia និង Coca Cola ដើម្បី​ប្រាក់​ចំណូល​ដែល​មាន​ស្រាប់​របស់​ខ្លួន​៕ (​ប្រភព ៖ South China Morning Post)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ