ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ា​រ៉ា​ឡាំ​ពិ​ក ៖ បុរស​ខ្ពស់​បំផុត​ទី​២​លើពិភព​លោក បង្ខំចិត្ត​គេង​ផ្ទាល់​ឥដ្ឋ ព្រោះ​គ្មាន​គ្រែ​ល្មម​ខ្លួន

3 ខែ មុន

ប្រទេស​បារាំង ៖ កីឡាករ​បាល់ទះ​អង្គុយ​ជនជាតិ​អ៊ី​រ៉​ង់ Morteza Mehrzadselakjani ដែល​ជា​បុរស​ដែល​មានកំ​ពស់​ខ្ពស់​បំផុត​ទី​២​របស់​ពិភពលោក​នោះ នៅ​ទីបំផុត​ទទួល​បាន​គ្រែ​គេង​ធំ​ល្មម​សម្រាប់​គាត់​ហើយ បន្ទាប់​ពី​ត្រូវ​បាន​បង្ខំ​គេង​ផ្ទាល់​នឹង​ឥដ្ឋ​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ អំឡុង​ពេល​ការ​ប្រកួត​ព្រឹត្តិការណ៍​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​រដូវក្តៅ​ទី​ក្រុងប៉ារីស​ឆ្នាំ ២០២៤​។…

ប្រទេស​បារាំង ៖ កីឡាករ​បាល់ទះ​អង្គុយ​ជនជាតិ​អ៊ី​រ៉​ង់ Morteza Mehrzadselakjani ដែល​ជា​បុរស​ដែល​មានកំ​ពស់​ខ្ពស់​បំផុត​ទី​២​របស់​ពិភពលោក​នោះ នៅ​ទីបំផុត​ទទួល​បាន​គ្រែ​គេង​ធំ​ល្មម​សម្រាប់​គាត់​ហើយ បន្ទាប់​ពី​ត្រូវ​បាន​បង្ខំ​គេង​ផ្ទាល់​នឹង​ឥដ្ឋ​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ អំឡុង​ពេល​ការ​ប្រកួត​ព្រឹត្តិការណ៍​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​រដូវក្តៅ​ទី​ក្រុងប៉ារីស​ឆ្នាំ ២០២៤​។

កីឡាករ Mehrzadselakjani ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ថា Mehrzad បាន​ត្រៀម​ចិត្ត​រួច​ហើយ​ថា ខ្លួន​នឹង​គ្មាន​គ្រែ​គេង​ត្រឹមត្រូវ​ដូច​អត្ត​ព​លិ​ក​ផ្សេង​ទៀត នៅ​ពេល​ទៅ​ដល់ទី​ក្រុងប៉ារីស ប្រទេស​បារាំង ដោយសារ​តែ​កម្ពស់​ដ៏​ខ្ពស់ ២.៤៧​ម៉ែត្រ​របស់​ខ្លួន​។ បើ​តាម​លោក Hadi Rezaeigarkani គ្រូបង្វឹក​កីឡាករ Mehrzad បានឱ្យ​ដឹង​ថា អស់​រយៈពេល​២-៣​ថ្ងៃ​ដំបូង នៅ​ភូមិ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក កីឡាករ​វ័យ​៣៦​ឆ្នាំ​រូប​នេះ ត្រូវ​បង្ខំចិត្ត​គេង​ផ្ទាល់​នឹង​ឥដ្ឋ​។

គ្រូបង្វឹក​រូប​នេះ​បាន​បន្ត​ថា កាលពី​នៅ​ទី​ព្រឹត្តិការណ៍​ប៉ា​រ៉ា​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ អ្នក​រៀបចំ​បាន​ធ្វើ​គ្រែ​ពិសេស​មួយ​សម្រាប់ Mehrzad ប៉ុន្តែ​នៅ​ទី​នេះ​ពុំ​មាន​នោះ​ទេ​។ ដូច្នេះ Mehrzad ត្រូវ​គេង​ផ្ទាល់​នឹង​ឥដ្ឋ​។ ទោះ​យ៉ាងណា​ក៏​ដោយ ប្រភព​ពី​សារព័ត៌មាន BBC កាលពី​ថ្ងៃ​ទី​៣ កញ្ញា កន្លង​ទៅ បាន​រាយការណ៍​ថា នៅ​ទីបំផុត Mehrzad ទទួល​បាន​គ្រែ​ពិសេស​ធំ​ល្មម​សម្រាប់​គេង​ហើយ​។

កីឡាករ Mehrzad គឺជា​បុរស​ដែល​មាន​កម្ពស់​ខ្ពស់​បំផុត​ទី​២​នៅ​លើ​ពិភពលោក ដែល​ទាប​ជាង​លោក Sultan Kösen ជនជាតិ​តួ​ក​គី ដែល​មាន​កម្ពស់​ដល់ ២.៥១​ម៉ែត្រ​។ នៅ​ក្នុង​ឆ្នាំ ២០១៦ កីឡាករ Mehrzad បាន​ក្លាយជា​អត្ត​ព​លិ​ក​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក ក្នុង​ការ​ប្រកួត​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក ដោយ​ឈ្នះ​មេដាយមាស​កីឡាបាល់ទះ​អង្គុយ​។

កីឡាករ Mehrzad បាន​ឈ្នះ​មេដាយមាស​ពី​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក ២​សម័យកាល​រួច​មក​ហើយ កាលពី​ឆ្នាំ ២០១៦ និង ២០២០ ដ្បិត​ក្រុម​បាល់ទះ​អង្គុយ​ជម្រើសជាតិ​អ៊ី​រ៉​ង់​ឈ្នះ​មេដាយមាស ៧​សម័យកាល កាលពី​ឆ្នាំ ១៩៨៨, ១៩៩២, ១៩៩៦, ២០០០, ២០០៨, ២០១៦ និង ២០២០ ពោល​ច្រើន​ជាងគេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​។

សម្រាប់​ឆ្នាំ​នេះ Mehrzad ដាក់​គោលដៅ​ដណ្តើម​មេដាយមាស​ប៉ា​រ៉ា​ឡាំ​ពិ​ក​លើក​ទី​៣​សម្រាប់​អ៊ី​រ៉​ង់ ខណៈ​ដែល​អ៊ី​រ៉​ង់​បាន​ឈាន​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដោយ​ត្រូវ​តទល់​ជាមួយនឹង​អេ​ហ្ស៊ី​ប នៅ​នេះ​ផ្ទាល់​តែ​ម្តង​។

ត្រឡប់​ទៅ​ក្រោយ​បន្តិច នៅ​ពេល​ដែល Mehrzad មាន​អាយុ​១៣​ឆ្នាំ បាន​ជួប​គ្រោះថ្នាក់​នៅ​ពេល​ជិះ​កង់ ដែល​ធ្វើ​ឱ្យ​បាក់ឆ្អឹង​អាង​ត្រគាក​ធ្ងន់ធ្ងរ ហើយ​កម្រិត​លូតលាស់​នៃ​ជើង​ខាងស្តាំ​របស់​គាត់ ខ្លី​ជាង​ជើង​ខាងឆ្វេង ១៥​សង់ទីម៉ែត្រ​។ Mehrzad បាន​ប្រើ​ឈើច្រត់ និង​រទេះរុញ ដើម្បី​ជំនួយ​ដល់​ការ​ធ្វើ​ដំណើរ​។

គ្រោះថ្នាក់​ពី​កុមា​រា​ភាព មិន​ត្រឹមតែ​ខូចខាត​រាង​កាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ធ្វើ​ឱ្យ Mehrzad កើត​ជំងឺ​បាក់ទឹកចិត្ត​ផង​ដែរ ព្រោះ​គាត់​កម្រ​ចេញ​ទៅ​ក្រៅ​ផ្ទះ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ រហូត​ដល់​ជួប​ជាមួយ​លោក Rezaeigarani ដែល​គ្រូបង្វឹក​រូប​នេះ​ជឿ​ថា Mehrzad អាច​ជា​កីឡាករ​ប៉ា​រ៉ា​ឡាំ​ពិ​ក​ដ៏​អស្ចារ្យ​ជាមួយ​គុណសម្បត្តិ​កម្ពស់​ដ៏​ខ្ពស់​របស់​គាត់​៕ (​ប្រភព ៖ VnExpress និង Inside The Games)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ