រាជធានីភ្នំពេញ ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវតទល់ជាមួយនឹងម្ចាស់ផ្ទះស្រីលង្កា នៅល្ងាចនេះហើយ ដែលប្រព្រឹត្តវេលាម៉ោង ០៥:១៥នាទីល្ងាច នៅឯកីឡដ្ឋាន Racecourse International ស្ថិតនៅក្នុងទីក្រុងកូឡុំបូ សម្រាប់ការប្រកួតជុំទី២ វគ្គជម្រុះជើងទី១ (Play-Off) នៃពានរង្វាន់ AFC Asian Cup Saudi Arabia ឆ្នាំ ២០២៧។
លោក Félix Dalmás គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញចំណាប់ក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតនៅល្ងាចនេះ យ៉ាងដូច្នេះថា «សូមអរគុណស្រីលង្កា ដែលបានទទួលយើងបានយ៉ាងល្អ យើងរីករាយដែលមកទីនេះ»។ នេះបើតាមការបង្ហោះនៅលើផេកហ្វេសប៊ុកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ។
គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ បានបន្តទៀតថា «សម្រាប់ការប្រកួតក្រុមជម្រើសជាតិកម្ពុជា ជាមួយនឹងក្រុមជម្រើសជាតិស្រីលង្កា យើងកំពុងតែប្រកួតជាមួយនឹងក្រុមស្រីលង្កាថ្មី និងខុសប្លែកដែលកីឡាករភាគច្រើនគឺមកពីអឺរ៉ុប (កោះហៅកីឡាករមកពីតំបន់អឺរ៉ុប) ដូច្នេះយើងមិនអាចប្រៀបធៀបក្រុមស្រីលង្កានេះ ជាមួយក្រុមស្រីលង្កាពីមុនដែលយើងធ្លាប់ប្រកួតពីមុននោះទេ។
ទាំងនោះហើយជាមូលហេតុដែលយើងត្រូវការការគាំទ្រពីអ្នកគាំទ្រទាំងអស់គ្នា សម្រាប់ការប្រកួតបន្ទាប់នេះ!!! អ្នកជាកីឡាករទី១២!!!»។
ប្រវត្តិជួបគ្នា៣លើករវាងប្រទេសទាំងពីរ កម្ពុជាធ្លាប់យកឈ្នះស្រីលង្កា ដោយលទ្ធផល ៦-១ នៅក្នុងការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល នៃពានរង្វាន់ Merdeka Tournament ឆ្នាំ ១៩៧២ នៅប្រទេសម៉ាឡេស៊ី។ នៅឆ្នាំ ២០០១ កម្ពុជាចាញ់ស្រីលង្កា ដោយលទ្ធផល ១-០ ស្រីលង្កា នៅក្នុងការប្រកួតមិត្តភាពអន្តជាតិ។ ហើយការជួបគ្នាចុងក្រោយបង្អស់ កាលពីឆ្នាំ ២០១៦ កម្ពុជាបានយកឈ្នះស្រីលង្កា ដោយលទ្ធផល ៤-០ ដែលជាការប្រកួតមិត្តភាពអន្តជាតិ។
ដោយឡែក ការប្រកួតជើងទី២ នឹងត្រូវធ្វើឡើងនាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៧:០០នាទីយប់ នៅឯវិមានពហុកីឡដ្ឋានជាតិអូឡាំពិក (ស្តាតអូឡាំពិក) រាជធានីភ្នំពេញ ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងទៅវគ្គជម្រុះជុំទី៣។
ការប្រកួតវគ្គជម្រុះ (Play-Off) ដែលធ្វើឡើង២ជើង សរុបមាន៦ក្រុម ដោយនៅក្នុងនោះ កម្ពុជាត្រូវប៉ះស្រីលង្កា ទីម័រខាងកើតត្រូវប៉ះម៉ុងហ្គោលី និងព្រុយណេត្រូវប៉ះម៉ាកាវ ដោយលេងថ្ងៃដំណាលគ្នា ដើម្បីរក៣ក្រុមឈ្នះឡើងបន្តទៅការប្រកួតជុំទី៣ ដែលជាការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល៕ (រូបភាព ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និង Football Sri Lanka)
ចែករំលែកព័តមាននេះ