ទីក្រុងរ៉ង់ហ្គូន៖ ប្រមុខយោធាភូមា លោកមីនអុងឡាំង បានប្រកាសប្រាប់ទៅជនស៊ីវិលនៅតំបន់ដែលពួកឧទ្ទាមទើបតែវាយដណ្ដើមបានពីរបបសឹកកាលពីពេលថ្មីៗនេះថាពួកគេត្រូវតែត្រៀមខ្លួនទុកឱ្យហើយទៅ។ បន្តិចទៀត របបសឹកនឹងបញ្ជូនកងទ័ពទៅវាយយកតំបន់ទាំងនោះមកវិញ។ របបសឹកបានបាត់បង់តំបន់កាន់កាប់មួយចំនួននៅរដ្ឋសានដែលស្ថិតនៅជាប់នឹងព្រំដែនប្រទេសចិន។ ខាងលើនេះជាការផ្សាយរបស់ទូរទស្សន៍រដ្ឋ។
ពួកឧទ្ទាមវាយយកបានបញ្ជាការដ្ឋានភូមិភាគ និងកាន់កាប់ច្រកពាណិជ្ជកម្មឆ្លងព្រំដែនដែលមានមនុស្សធ្វើជំនួញយ៉ាងច្រើនកុះករ។ បរាជ័យលើកនេះធ្វើឱ្យក្រុមអ្នកគាំទ្ររបបសឹកបញ្ចេញមតិរិះគន់ជាចំហចំពោះភាពកម្សោយរបស់ថ្នាក់ដឹកនាំកំពូលៗ។ ហេតុនេះលោកមីនអុងឡាំងមិនអាចនៅស្ងៀមតទៅទៀតទេ។ លោកប្រកាសថាទាហានរបបសឹកនឹងបើកយុទ្ធនាការវាយបកទៅលើពួកឧទ្ទាម។
លោកមីនអុងឡាំងចោទប្រកាន់ថាក្រុមឧទ្ទាមប្រើប្រាស់អគាររបស់រដ្ឋ និងជនស៊ីវិលធ្វើជាខែលសម្រាប់ការពារពួកគេទល់នឹងការវាយប្រហាររបស់របបសឹក។ លោកហៅទង្វើនេះថាជាការយកមនុស្សមកធ្វើជាខែលការពារ។ លោកបានធ្វើដំណើរទៅរដ្ឋធានីនៃរដ្ឋសានដើម្បីពិនិត្យមើលសភាពការណ៍នៅទីនោះដោយផ្ទាល់។ នេះបើយោងតាមការផ្សាយរបស់កាសែតក្លូបល ញូឡាយ អូហ្វមីយ៉ាន់ម៉ា (Global New Light of Myanmar)។
លោកមីនអុងឡាំងអំពាវនាវឱ្យជនស៊ីវិលនៅតាមតំបន់ដែលក្រុមឧទ្ទាមកំពុងចូលអុកឡុកឱ្យបានជ្រាបថាពួកគេ (ជនស៊ីវិល) គួរស្វែងយល់សភាពការណ៍សន្តិសុខនៅទីនោះ ហើយគួរកុំបណ្ដោយខ្លួនឱ្យក្រុមឧទ្ទាមកេងចំណេញទៅលើពួកគេ។
របបសឹកសព្វថ្ងៃនេះកំពុងតែប្រយុទ្ធប្រឆាំងនឹងការវាយលុករបស់ក្រុមប្រឆាំង។ មានការចោទប្រកាន់ថាកងទ័ពរបបសឹកបើកការវាយប្រហារដ៏បង្ហូរឈាម និងវាយប្រហារដោយប្រើយន្តហោះ និងកាំភ្លើងធំជាលក្ខណៈដាក់ទណ្ឌកម្មទៅលើជនស៊ីវិល។ នៅសប្ដាហ៍នេះ របបសឹកចាត់ទុកថាពួកចលនាប្រដាប់អាវុធជនជាតិភាគតិចបីក្រុមដែលវាយប្រហារនៅរដ្ឋសាននោះជាក្រុមភេរវកម្ម។
គម្រោងវាយប្រហារទៅលើក្រុមបះបោរនៅរដ្ឋសាននោះជាករណីដាច់ដោយឡែកពីយុទ្ធនាការវាយប្រហាររបស់របបសឹកទៅលើកងទ័ពអារ៉ាខាន់ (Arakan), ក្រុមគាំទ្រលោកស្រីសូជី និងកងទ័ពរំដោះជាតិតាអាង (Ta’ang)។ ប៉ុន្តែបើរបបសឹករកឃើញថាជនស៊ីវិលរូបណាគាំទ្រ ឬមានទំនាក់ទំនងជាមួយចលនាទាំងនេះ ពួកគេត្រូវទទួលខុសត្រូវនៅចំពោះមុខច្បាប់។
ឥឡូវនេះ ក្រុមប្រឆាំងកំពុងវាយប្រហារកាន់តែកៀកទីក្រុងម៉ាន់ដាឡេ (Mandalay) ដែលមានប្រជាជនរស់នៅ១,៥លាននាក់ និងជាទីបញ្ជាការកងទ័ពដ៏ធំមួយ។ កាលពីថ្ងៃអង្គារ ក្រុមប្រ ឆាំងផ្លោងរ៉ុកកែតចូលទីក្រុងម៉ាន់ដាឡេ បណ្ដាលឱ្យខូចខាតអគារជាច្រើនខ្នង និងរបួសមនុស្សម្នាក់។ នេះបើយោងតាមការផ្សាយរបស់កាសែតក្នុងស្រុក។ នេះជាករណីដ៏កម្រដែលពួកឧទ្ទាមផ្លោងគ្រាប់កាំភ្លើងចូលតំបន់ទីប្រជុំជន៕
ចែករំលែកព័តមាននេះ