ទីក្រុងតៃប៉ិ៖ ថ្មីៗនេះ តៃវ៉ាន់ទើបតែចាប់ខ្លួនអតីតចៅហ្វាយក្រុងតៃប៉ិម្នាក់ដែលក្រោយមកក្លាយជាអ្នកដឹកនាំគណបក្សប្រឆាំង។ នេះជាផ្នែក១នៃយុទ្ធនាការបោសសម្អាតអំពើពុករលួយនៅក្នុងសំណុំរឿងអភិវឌ្ឍវិស័យអចលនទ្រព្យ (ទិញ-លក់ផ្ទះ និងដីឡូតិ៍) នៅរដ្ឋធានីរបស់កោះតៃវ៉ាន់។ លោកខវឹនចេ (Ko Wen-je) ធ្លាប់ជាចៅហ្វាយក្រុងតៃប៉ិពីឆ្នាំ២០១៤-២០២២។
កាលពីពេលបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ លោកទទួលបានសំឡេងគាំទ្រលំដាប់ទីបី។ ថ្ងៃនេះ លោកត្រូវសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីក្រុមអ្នកស៊ើបអង្កេតឆ្មក់ចូលផ្ទះរបស់គាត់ និងទីស្នាក់ការគណបក្សរបស់គាត់កាលពីថ្ងៃសុក្រ។ ក្រុមអ្នកស៊ើបអង្កេតបានសួរនាំគាត់ជាច្រើនម៉ោង។ នេះបើយោងតាមអ្វីដែលគណបក្សប្រជាជនតៃវ៉ាន់ប្រាប់អ្នកសារព័ត៌មាន។
ជាដំណាក់កាលដំបូង លោកខូវវឹនចេថ្លែងថាលោកមិនបានធ្វើខុសដូចការចោទប្រកាន់ទេ។ លោកជាប់សង្ស័យពីបទឃុបឃិតជាមួយឈ្មួញរកស៊ីខិលខូចដើម្បីទទួលបានសិទ្ធិអភិវឌ្ឍគម្រោងដីឡូតិ៍ និងផ្ទះល្វែង។ យោងតាមអ្វីដែលលោកថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រ, លោកដឹងច្បាស់ថាខ្លួនលោកគ្មានបញ្ហាអ្វីទេ។
គណបក្សប្រជាជនតៃវ៉ាន់នៅល្ងាចថ្ងៃសៅរ៍បានអំពាវនាវឱ្យតុលាការពិនិត្យមើលដោយហ្មត់ចត់ទៅលើនីត្យានុកូលភាពដើម្បីចង់ដឹងថាតើករណីដែលសមត្ថកិច្ចចាប់ខ្លួនលោកខូវឹនចេយកទៅឃុំឃាំងយ៉ាងដូច្នេះជាការត្រឹមត្រូវទៅតាមនីតិវិធីច្បាប់ដែរឬទេ។ គណបក្សក៏បានអំពាវនាវឱ្យតុលាការផ្ដល់យុត្តិធម៌ទៅតាមអ្វីដែលលោកស័ក្ដិសមនឹងទទួលបានផងដែរ។
លោកខូវឹនចេ និងគណបក្សប្រជាជនតៃវ៉ាន់ទទួលស្គាល់ថាយុទ្ធនាការរៃអង្គាសថវិកាដាក់ចូលទៅក្នុងមូលនិធិរបស់គណបក្សដើម្បីប្រើប្រាស់នៅក្នុងការឃោសនាបោះឆ្នោតនោះត្រូវគេរាយការណ៍ខុសពីការពិត។ លោកខូវឹនចេថ្លែងនៅសប្ដាហ៍នេះថាលោកនឹងលាលែងពីតំណែងប្រធានគណបក្សជាបណ្ដោះអាសន្ននៅពេលសំណុំរឿងនេះស្ថិតនៅក្នុងដំណាក់កាលស៊ើបអង្កេត។ លោកសូមអភ័យទោសចំពោះក្រុមអ្នកគាំទ្រគណបក្សចំពោះបញ្ហានេះ។
គេរំពឹងថាលោកខូវឹនចេនឹងចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅអាណត្តិថ្មីឆ្នាំ២០២៨។ ប៉ុន្តែមិនសង្ឃឹមថាឈ្នះឆ្នោតទេ។ លទ្ធផលស្ទង់មតិថ្មីៗនេះបង្ហាញថាក្រោយពេលផ្ទុះរឿងអាស្រូវបាត់បង់ថវិកាមូលនិធិបក្ស និងរឿងអាស្រូវពុករលួយដទៃទៀត កេរ្តិ៍ឈ្មោះរបស់លោកពិបាកស្ដារឡើងវិញ។ ក្រុមអ្នកគាំទ្រដកខ្លួនថយយ៉ាងសន្ធឹក។ សូម្បីតែគណបក្សប្រជាជនតៃវ៉ាន់ដែលលោកបង្កើតឡើងកាលពីឆ្នាំ២០១៩ក៏ពិបាកនឹងស្ដារប្រជាប្រិយភាពរបស់ខ្លួនផងដែរ។
សព្វថ្ងៃនេះនៅក្នុងចំណោមអ្នកតំណាងរាស្ត្រតៃវ៉ាន់សរុបចំនួន១១៣រូបនៅក្នុងរដ្ឋសភា គណបក្សប្រជាជនតៃវ៉ាន់មានអ្នកតំណាងរាស្ត្រត្រឹមតែ១៣រូបប៉ុណ្ណោះ។ ដូច្នេះគណបក្សនេះគ្មាតួនាទីសំខាន់នៅក្នុងស្ថាប័ននីតិបញ្ញត្តិនោះទេ។ បើប្រៀបធៀបជាមួយគណបក្សប្រជាធិបតេយ្យចម្រើន ធីភីភី (TPP) ដែលកំពុងកាន់អំណាចនៅតៃវ៉ាន់សព្វថ្ងៃ ឬបើប្រៀបធៀបជាមួយគណបក្សប្រឆាំងធំជាងគេរបស់តៃវ៉ាន់ គួកមីងតាំង ឃើញថាគណបក្សប្រជាជនតៃវ៉ាន់នៅមានកម្លាំងនយោបាយតូច៕
ចែករំលែកព័តមាននេះ