រាជធានីភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា មានជំនឿជឿជាក់យ៉ាងមុតមាំថា តាមរយៈពិព័រណ៍ពាណិជ្ជកម្ម «សួស្ដីឥណ្ឌូណេស៊ី» នឹងជួយពង្រឹងបន្ថែមនូវ ទំហំពាណិជ្ជកម្ម ក៏ដូចជាផ្លាស់ប្ដូរគ្នារវាងវប្បធម៌ កម្ពុជា-ឥណ្ឌូណេស៊ី ទាំងទំនៀមទម្លាប់ វប្បធម៌ ចំណេះដឹង ការអប់រំ ជាដើម។ ហើយនឹងជួយជំរុញឲ្យប្រជាជនកម្ពុជា និងប្រជាជនឥណ្ឌូណេស៊ី កាន់តែមានទំនាក់ទំនងរឹងមាំ និងជិតស្និទ្ធទៀតផង។
ថ្លែងប្រាប់អ្នកសារព័ត៌មាន តាមរយៈសន្និសីទសារព័ត៌មានមួយ ដែលបានធ្វើឡើង នារសៀលថ្ងៃទី៣០ ខែសីហា, លោក Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា បានលើកឡើងថា នៅក្នុងឆ្នាំ២០២៤នេះ គឺជាគម្រប់ខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាង កម្ពុជា-ឥណ្ឌូណេស៊ី ដូច្នេះដើម្បីជំរុញទំនាក់ទំនងនេះឲ្យកាន់តែរឹងមាំ និងជិតស្និទ្ធនោះ ស្ថានទូតឥណ្ឌូណេស៊ី នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មដ៏ធំមួយ ដែលមានឈ្មោះថា «សួស្ដីឥណ្ឌូណេស៊ី» ។
លោក Santo Darmosumarto បានថ្លែងថា កន្លងមក ស្ថានទូតឥណ្ឌូណេស៊ី បានរៀបចំការតាំងពិព័រណ៍ចំនួន១៤លើករួចមកហើយ ប៉ុន្តែឆ្នាំ២០២៤នេះ ជាលើកទី១ ដែលមានការតាំងពិព័រណ៍ពាណិជ្ជកម្មទ្រង់ទ្រាយធំ មានស្តង់ជាង១០០ និងកើនឡើងលើស៤០ស្តង់ បើធៀបនឹងឆ្នាំមុន ។
ជាមួយគ្នានេះ លោក Santo បានញ្ជាក់ថា បើគិតមកទល់ពេលនេះ មានក្រុមហ៊ុនចំនួន១៧៥ហើយ ដែលបានចុះឈ្មោះចូលរួម ប៉ុន្ដែយ៉ាងណាមិញស្ថានទូតឥណ្ឌូណេស៊ី នឹងសម្រេចយកចំនួន ១១៥ក្រុមហ៊ុនប៉ុណ្ណោះ ។
បើតាមឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ទំហំពាណិជ្ជកម្មកម្ពុជា-ឥណ្ឌូណេស៊ី មានចំនួន ១,១ពាន់លានដុល្លារអាម៉េរិក ក្នុងនោះគិតត្រឹមខែមិថុនាឆ្នាំ២០២៤នេះ គឺបានកើនឡើងដល់ប្រមាណ ៥៥០លានដុល្លារអាម៉េរិក ។
លោកបានបញ្ចាក់ថា ស្ថានទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា បានប្រកាសរៀបពិព័រណ៍ពាណិជ្ជកម្ម «សួស្ដីឥណ្ឌូណេស៊ី» ដែលជាព្រឹត្តិការណ៍ដ៏ធំមួយ នៅថ្ងៃទី១៣-១៤ ខែកញ្ញាខាងមុខនេះ នៅក្នុងមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ហើយនឹងមានការបង្ហាញអំពីសកម្មភាព វប្បធម៌ សិល្បៈ ម្ហូបអាហារ និងជាការបើកឱកាសសម្រាប់វិនិយោគិនឥណ្ឌូណេស៊ី មកជួបពិភាក្សាជាមួយភាគីកម្ពុជា ៕
ចែករំលែកព័តមាននេះ