រាជធានីភ្នំពេញ ៖ នៅក្នុងឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ត្រូវបានរំពឹងថា សម្រេចបានកំណើនជាង១០ពាន់លានដុល្លារអាមេរិក ។
ឯកឧត្តម NGUYEN HUY TANG ឯកអគ្គរដ្ឋទូតវិសាមញ្ញសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា បានលើកឡើងក្នុងពិធីអបអរសាទរខួប៧៩ឆ្នាំ នៃទិវាបុណ្យឯករាជជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ យ៉ាងដូច្នេះថា ៖ «ប្រការគួរឲ្យសប្បាយរីករាយនោះ គឺទំហំពាណិជ្ជកម្មទ្វេភាគី នៃប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) បន្តកើនឡើងជាវិជ្ជមាន ក្នុងនោះនៅក្នុងឆ្នាំ២០២៣ ទទួលបាន ៨,៦ពាន់លានដុល្លារអាមេរិក ហើយក្នុងរយៈពេល ៨ខែដំបូង នៃឆ្នាំ២០២៤នេះ ត្រូវបានប៉ាន់ប្រមាណជិត ៧ពាន់លានដុល្លារអាមេរិក ហើយរំពឹងថា នៅឆ្នាំ២០២៤ នឹងសម្រេចបានកំណើនជាង ១០ពាន់លានដុល្លារអាមេរិក ជាថ្មីម្តងទៀត កិច្ចសហប្រតិបត្តិការគ្នា លើវិស័យដទៃៗទៀត ក៏មានការវិវត្តរីកចម្រើនជាបន្តបន្ទាប់ផងដែរ» ។
ឯកឧត្តមទូត បានបន្តថា ៖ «យើងខ្ញុំជឿជាក់ថា ទំនាក់ទំនងរវាង វៀតណាម និងកម្ពុជា ជាតាមស្មារតីភាពជាប្រទេសជិតខាងដ៏ល្អ មិត្តភាពជាប្រពៃណី សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឋិតថេរជាយូរអង្វែង នឹងបោះជំហានឈានទៅមុខ ឲ្យកាន់តែរីកចម្រើន យ៉ាងខ្លាំងក្លា ដើម្បីផលប្រយោជន៍របស់ប្រជាជន នៃប្រទេសទាំងពីរ ដោយរួមចំណែកយ៉ាងសកម្ម ដើម្បីសហគមន៍អាស៊ាន ដើម្បីសន្តិភាព ស្ថេរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក» ។
ឯកឧត្តម បានលើកឡើងទៀតថា សាធារណរដ្ឋសង្គមនិយមវៀតណាម សូមចូលរួមអបអរសាទរចំពោះសមិទ្ធិផលដ៏ធំធេង ដែលព្រះរាជាណាចក្រកម្ពុជាសម្រេចបានលើគ្រប់វិស័យក្នុងរយៈពេល ៤៥ឆ្នាំកន្លងមកនេះ ចាប់តាំងពីកម្ពុជាបានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (៧ មករា ១៩៧៩) ដល់បច្ចុប្បន្ន។ ប្រទេសកម្ពុជា បានពុះពាររាល់ការលំបាកឧបសគ្គ និងកំពុងបោះជំហានឈានឡើងឥតឈប់ឈរ ហើយបានចូលជា សមាជិកពេញសិទ្ធិ នៃអង្គការអន្តរជាតិជាច្រើន និងចូលរួមយ៉ាង សកម្មទៅក្នុងបេសកកម្មរក្សាសន្តិភាព នៃអង្គការសហប្រជាជាតិ ដោយមានគំនិតផ្តួច ផ្តើមជាច្រើន ដែលបានរួមចំណែកយ៉ាងសកម្ម ដល់បញ្ហារួមនៅក្នុងតំបន់និងនៅ លើពិភពលោក ។
ឯកអគ្គរដ្ឋទូត បានបន្ថែមថា ៖ «យើងខ្ញុំក៏សូម ចូលរួមអបអរសាទរយ៉ាងក្លៀវក្លា ចំពោះលទ្ធផល ដែលប្រទេសកម្ពុជា សម្រេចបានក្នុងដំណើរការ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ចតុកោណ ឆ្លងកាត់៤ដំណាក់កាល និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់បច្ចុប្បន្ន ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានការអភិវឌ្ឍន៍ខ្លាំងខ្លា» ។
ឯកឧត្តម គូសបញ្ជាក់ថា ៖ យើងខ្ញុំជឿជាក់ថា ក្រោមព្រះរាជកិច្ចដឹកនាំប្រកបដោយសុភវិនិច្ឆយរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណចក្រកម្ពុជា ការដឹកនាំដ៏ឈ្លាសវៃរបស់ព្រឹទ្ធសភា រដ្ឋសភា ជាពិសេស ការសម្របសម្រួលប្រកបដោយមានប្រសិទ្ធភាព នៃរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីជាប្រមុខប្រទេសកម្ពុជា នឹងឈានចូលសម័យកាលរីកចម្រើនថ្មីមួយ ឆ្ពោះទៅសម្រេចដោយជោគជ័យ នូវគោលដៅ គឺធ្វើឱ្យកម្ពុជាក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ អត្តភាព និងកិត្យានុភាពរបស់ប្រទេសកម្ពុជា ត្រូវបានលើកកម្ពស់នៅក្នុងតំបន់ និងលើឆាកអន្តរជាតិ ដោយឥតឈប់ឈរ ។
ក្នុងឱកាសនោះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត បានអះអាងថា វៀតណាម និងកម្ពុជា គឺជាប្រទសភូមិផងរបងជាមួយគ្នា ដោយមានចំណងសាមគ្គីភាព ផ្សាភ្ជាប់គ្នា តាំងពីយូរយារមកហើយ បានកៀកស្នា ក្នុងការជំនះពុះពារលើរាល់ការលំបាករាប់មិនអស់ ដើម្បីដណ្តើមនូវឯករាជ្យជជាតិ កសាង ការពារ និងអភិវឌ្ឍប្រទេសជាតិ។ ទំនាក់ទំនងទាំងនេះ ត្រូវបានកសាងឡើង ដោយកម្លាំងបញ្ញា សាច់ស្រស់ឈាមស្រស់ របស់ថ្នាក់ដឹកនាំ វីរបុរស វីរនារី យុទ្ធជនពលី និងកុលបុត្រកុលធីតាដ៏ឆ្នើមជាច្រើនជំនាន់ នៃប្រជាជាតិទាំងពីរ ។
ឯកឧត្តមបន្ថែមទៀតថា សព្វថ្ងៃនេះ ទោះបីជាស្ថានភាពពិភពលោក និងតំបន់ មានការប្រែប្រួលយ៉ាងណាក៏ដោយ ប្រទេសទាំងពីរ នៅតែរក្សាបាន នូវកិច្ចសហប្រតិបត្តិការយ៉ាងខ្ជាប់ខ្ជួន ហើយសម្រេចបានសមិទ្ធិផលគួរឱ្យកត់សម្គាល់ក្នុងវិស័យផ្សេងៗ ជាមួយនឹងដំណើរទស្សនកិច្ចថ្នាក់ជាន់ខ្ពស់ ជាពិសេសដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធាន នៃរដ្ឋសភា និងសម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងខែធ្នូ ឆ្នាំ២០២៣ ដំណើរទស្សនកិច្ច ជាផ្លូវរដ្ឋ ទៅកាន់ព្រះរាជាណាចក្រកម្ពុជារបស់ប្រធានរដ្ឋវៀតណាម ឯកឧត្តម To Lam នៅខែកក្កដា ឆ្នាំ២០២៤ កន្លងមកនេះ ៕
ចែករំលែកព័តមាននេះ