តាមជំនឿរបស់ពលរដ្ឋខ្មែរមួយចំនួនពិធិលើករាសីមិនមែនជាពិធីសាមញ្ញពេកនោះទេ គឺត្រូវការនិមន្តព្រះសង្ឃនិងអាចារ្យមករៀបពិធី ប៉ុន្តែតាមអត្ថបទមួយដែលចែករំលែកដោយ សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត នៅលើបណ្តាញសង្គមរបស់ព្រះអង្គ វិធីគឺងាយបំផុត ។
សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ដែលជាព្រះចៅអធិការវត្តឧណ្ណាលោម បន្តពីសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស និងជាសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជផងដែរនោះ បានមានថេរដីកាតាមការចែករំលែកអត្ថបទមួយ ដែលចុះផ្សាយកន្លងមកថា វិធីសាស្ត្រគឺងាយបំផុត ។
សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត បានបញ្ចប់ការសិក្សាបណ្ឌិត ទស្សនវិជ្ជាពុទ្ធសាសនា នៅសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក បានមានថេរដីកា ប្រាប់អំពីវិធីសាស្ដ្រជួយឱ្យរាសីឡើងខ្ពស់ថា “បើចង់បានរាសីឡើងខ្ពស់ ព្រឹកឡើង កូនៗគប្បីគោរពប្រតិបត្តិ ចំពោះមាតាបិតា ព្រោះព្រះពុទ្ធចាត់ទុកជាមង្គល។
ព្រះអង្គក៏បានមានថេរដីកាបន្តថា ការសង្គ្រោះកូនប្រពន្ធ ដោយប្ដីមានក្ដីស្រឡាញ់ស្មោះតែចំពោះកូន និងប្រពន្ធ គឺគ្រួសារនោះនឹងមានសុភមង្គល ហើយរាសីនឹងឡើងខ្ពស់ ហើយ ។
សម្តេចបានមានថេរដីកាបន្តថា ព្រះត្រៃបិដកកត់ត្រាពីមង្គល៣៨ប្រការដែលនាំឱ្យមនុស្សមានសុភមង្គលនិងមានសិរីសួស្តីនិងមានរាសីខ្ពស់។
ដែលមង្គលទាំងនោះរួមមានតាំងពី កិរិយាមិនសេពគប់នូវបុគ្គលពាល, កិរិយាសេពគប់នូវបុគ្គលជាបណ្ឌិត, កិរិយាបូជាដល់បុគ្គលដែលគួរបូជា,កិរិយារស់នៅក្នុងប្រទេសដ៏សមគួរ, កិរិយាតម្កល់ខ្លួនទុកដោយប្រពៃ, វិន័យដែលបុគ្គលបានសិក្សាហើយដោយប្រពៃ, វាចាដែលបុគ្គលពោលដោយប្រពៃ, កិរិយាបម្រើឬទំនុកបម្រុងបិតា, កិរិយាសង្គ្រោះបុត្រនិងភរិយា, ការងារទាំងឡាយដែលមិនច្របូកច្របល់, កិរិយាបរិច្ចាគទាន, កិរិយាប្រព្រឹត្តធម៌ដ៏ប្រសើរជាដើម ។
ចែករំលែកព័តមាននេះ