រាជធានីភ្នំពេញ ៖ រថយន្តម៉ាក TOYOTA ALPHARD ១គ្រឿង ត្រូវបានជនមិនស្គាល់មុខ បើកយកទៅប្លុងចោលនៅតាមផ្លូវលំ ក្បែររបងវត្តមួយកន្លែង ហើយមុនដំបូង អ្នកភូមិស្មានថា ជារថយន្តឈ្មួញជិះទៅរកទិញដី ឬមើលម៉ុងខ្មោច នៅតំបន់នោះ ប៉ុន្តែក្រោយពីបានសង្កេតឃើញឈប់ចតយូរពេក តាំងពីព្រឹករហូតដល់វេលារសៀល រយៈពេល៧ម៉ោងទៅហើយ នៅតែមិនឃើញបើកយកចេញទៅណាទៀតនោះ ម្យ៉ាងទៀតដោយខ្លាចមានបទល្មើសអ្វីមួយនៅក្នុងរថយន្តនោះផង ទើបអ្នកភូមិរាយការណ៍ទៅកាន់នគរបាល ឲ្យចុះទៅពិនិត្យមើល និងយកទៅរក្សាទុកតែម្ដង ។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង២រសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវលំ ក្បែររបងវត្តចំបក់មាស ក្នុងភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
រថយន្តខាងលើម៉ាកTOYOTA ALPHARD ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BT-6008 ហើយពុំដឹងថា ម្ចាស់រថយន្តនេះ គឺជានរណា ជាជនជាតិខ្មែរ ឬក៏បរទេស ហើយមានរឿងអ្វីនោះទេ ទើបយករថយន្តទៅប្លុងចោលបែបនេះ ។
អ្នកភូមិខាងលើ បាននិយាយថា នៅវេលាម៉ោង៨ព្រឹក ថ្ងៃដដែល ពួកគាត់បានឃើញរថយន្តខាងលើ បើកបរទៅឈប់ចតនៅត្រង់ចំណុចកើតហេតុ ហើយក្រោយមក ពួកគាត់មិនបានចាប់អារម្មណ៍តាមមើលនោះទេ។ ព្រោះស្មានថា ជារថយន្ត ដែលក្រុមឈ្មួញជិះទៅរកទិញដី ឬមើលម៉ុងខ្មោច នៅតំបន់នោះ ហើយក៏មិនបានមើលឃើញថា នៅក្នុងរថយន្តនោះមានមនុស្សប៉ុន្មាននាក់ និងចុះចេញពីរថយន្តខាងលើ រួចគេចខ្លួនបាត់ដោយវិធីណាទេ ។
អ្នកភូមិបានប្រាប់ឲ្យដឹងបន្តទៀតថា រហូតដល់ម៉ោង២រសៀលថ្ងៃដដែល រយៈពេល៧ម៉ោងទៅហើយ នៅតែមិនឃើញមានអ្នកទៅបើកយករថយន្តនេះចេញទៀត ទើបពួកគាត់ដើរទៅមើលហើយអត់ឃើញម្ចាស់នៅទីនោះឡើយ។ បន្ទាប់មក ក៏បានរាយការណ៍ជូននគរបាលឲ្យទៅពិនិត្យមើល និងយកទៅរក្សាទុក ព្រោះខ្លាចមានបទល្មើសអ្វីមួយនៅក្នុងរថយន្តនោះ ។
ក្រោយពីទទួលបានដំណឹងនោះហើយ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទៀន រួមជាមួយនគរបាលផ្នែកព្រហ្មទណ្ឌ និងនគរបាលផ្នែកចរាចរណ៍ខណ្ឌដង្កោ បានចុះទៅកាន់ទីនោះភ្លាមៗ ។ ពេលទៅដល់ ពុំឃើញមានស្លាកស្នាមបទល្មើសព្រហ្មទណ្ឌនោះទេ ប៉ុន្តែមានស្នាមប៉ះទង្គិចខ្លះៗ ដែលនគរបាលសន្និដ្ឋានថា អាចជាប់ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍។ បន្ទាប់មកនគរបាលបាននាំយករថយន្ត មករក្សាទុកនៅអធិការដ្ឋានគរបាលខណ្ឌដង្កោ ដើម្បីស្រាវជ្រាវរកម្ចាស់ ឲ្យទៅទទួលយកវិញ ៕
ចែករំលែកព័តមាននេះ