ទីក្រុងហាណូយ៖ អ្នកទេសចរយ៉ាងតិច៤៨នាក់នៅរមណីយដ្ឋានមួយកន្លែងនៃទីក្រុងមួយនេ (Mũi Né) បានធ្លាក់ខ្លួនឈឺចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យពីបទសង្ស័យថាពួកគេពុលចំណីអហារ។ សាក្សីនិយាយថាពួកគេចូលញ៉ាំអាហារនៅក្នុងហាងនៅម្ដុំនោះ។ ជនរងគ្រោះទាំងនេះស្ថិតនៅក្នុងចំណោមភ្ញៀវទេសចរសរុប១៨២នាក់ដែលធ្វើដំណើរកម្សាន្តជាក្រុមនៅទីក្រុងមួយនេ នៃខេត្តប៊ីញធួន (Binh Thuan)។ នេះបើយោងតាមការបញ្ជាក់របស់មន្ទីរសុខាភិបាលខេត្ត។
ដំណើរកម្សាន្តនេះរៀបចំឡើងដោយក្រុមហ៊ុនទេសចរណ៍ហុនកាយ។ អ្នកទេសចរទាំងនោះស្នាក់នៅរមណីយដ្ឋានចាប់ពីថ្ងៃសុក្រដល់ថ្ងៃសៅរ៍។ កាលពីថ្ងៃសុក្រ ពួកគេបរិភោគអាហារជុំគ្នានៅហាងមួយកន្លែង។ លុះដល់ថ្ងៃសៅរ៍ ពួកគេញ៉ាំអាហារពេលព្រឹក និងពេលថ្ងៃត្រង់នៅភោជនីយដ្ឋានមួយទៀត។ ញ៉ាំបានត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ នៅពេលរសៀលបន្តិច ពួកគេចាប់ផ្ដើមមានអាការៈមិនស្រួលខ្លួនព្រោះជាតិពុលជ្រាបចូលក្នុងខ្លួន។ ពួកគេចាប់ផ្ដើមចុកពោះ រាករូស និងក្អួតចង្អោរ។
ដោយសារមើលឃើញស្ថានភាពមិនស្រួលបែបនេះ គេក៏ប្រញាប់បញ្ជូនអ្នកទាំងនេះទៅមន្ទីរពេទ្យ។ គិតត្រឹមម៉ោង៩:៣០ព្រឹកថ្ងៃអាទិត្យម្សិលមិញ មនុស្សចេះតែបញ្ជូនទៅមន្ទីរពេទ្យអានហ្វឿកជាបន្តបន្ទាប់រហូតដល់៤៨នាក់។ ប៉ុន្តែក្រោយមក ៤៣នាក់អាចចាកចេញពីមន្ទីរពេទ្យវិញ។ ចំណែក៥នាក់ទៀតបន្តព្យាបាលនៅមន្ទីរពេទ្យដដែល។ រហូតដល់យប់ថ្ងៃអាទិត្យទើបអាចជាសះស្បើយឡើងវិញ។
មន្ទីរសុខាភិបាលខេត្តប៊ីញធួនចាប់ផ្ដើមបើកការស៊ើបអង្កេតករណីនេះហើយ ហើយបានប្រមូលម្ហូបអាហារដែលលក់ដូរនៅក្នុងហាងដែលជនរងគ្រោះបានទៅបរិភោគ។ ប៉ុន្តែអាហារនៅហាងមួយទៀតនោះបានលក់អស់រលីង ហើយគ្មានបន្សល់ទុកសំណាកសូម្បីតែបន្តិច។ ពួកគេមានទម្លាប់បោះចោលចំណីអាហារទាំងអស់ក្រោយពេលដាក់លក់រយៈពេល២៤ម៉ោង។ គេគិតថាមិនយូរទេត្រឹមបីឬប្រាំថ្ងៃទៀតអាចនឹងដឹងលទ្ធផលជាមិនខាន៕
ចែករំលែកព័តមាននេះ