ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិ.ង្សាដោយចេតនា មានស្ថានទម្ងន់ទោស ត្រូវបានកម្លាំងនគរបាលស្រុកភ្នំក្រវាញ ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ ។
នគរបាលស្រុកភ្នំក្រវាញ បានអោយដឹងថា កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចភូមិអូរព្រាល ឃុំសំរោង ស្រុកភ្នក្រវាញ ខេត្តពោធិ៍សាត់ មានករណីអំពើហិ.ង្សាដោយចេតនា មានស្ថានទម្ងន់ទោស (វាយនឹងដំបងឈើ) ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ មិន សាអ៊ីវ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិមល់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ កំពង់ចាម 1Q-7285 កាន់ដំបងឈើ ប្រវែង១ម៉ែត្រ ទៅវាយជនរងគ្រោះឈ្មោះ អេង សុខខុម ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ដែលកំពុងអង្គុយផឹកស្រាស នៅផ្ទះរបស់ឈ្មោះ ប៊ុន សុខ ភេទស្រី រស់នៅភូមិឃុំកើតហេតុខាងលើ ត្រូវចំនួន០២ដំបង ១ដំបង ត្រូវចំក្បាល និង១ដំបងទៀត ចំដៃខាងឆ្វេងបណ្ដាលអោយបាក់ដៃ ហើយក៏បានស្រែកជេរទៅលើជនរងគ្រោះទៀតថា អា..ម្រាយ! បើអ្ហែងខ្លាំង ទៅប្ដឹងទៅ រួចជនសង្ស័យ ក៏បានឡើងជិះម៉ូតូត្រឡប់ចេញទៅវិញបាត់ទៅ ។
នគរបាលស្រុកភ្នំក្រវាញ បានបន្តថា ករណីហិ.ង្សាខាងលើនេះ ដោយមូលហេតុ ជនសង្ស័យ បានខឹងនឹងជនរងគ្រោះ ជិះម៉ូតូរបស់ខ្លួន ដោយពុំបានប្រាប់ ហើយធ្វើអោយម៉ូតូដួលវៀចហ្វ្រាំង និងវៀចឈ្នាន់ ។
ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ សមត្ថកិច្ចបាននាំជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ និងបានរាយការណ៍ជូនលោក កូយ កាន់យ៉ា ព្រះរាជ្ញអាជ្ញាអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ លោកបានអោយសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ