ទិដ្ឋភាពនយោបាយរបស់ប្រទេសកម្ពុជា បានឆ្លងកាត់ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ចាប់តាំងពីប្រទេសបានរៀបចំការបោះឆ្នោតជាតិលើកដំបូងក្នុងឆ្នាំ១៩៩៣ ដែលសម្របសម្រួលដោយអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិនៅកម្ពុជា (UNTAC) រហូតដល់ដំណើរការបោះឆ្នោតចុងក្រោយ កាលពីឆ្នាំ២០២៣កន្លងទៅ ។
ក្នុងរយ:ពេលជាង៣០ឆ្នាំ នៃដំណើរការនេះ គណបក្សប្រឆាំងបានកាន់តែរួមតូច ហើយជីពចរនយោបាយហាក់មានសភាពខ្សោយទៅៗ ។ ការរៀបចំការបោះឆ្នោតនៅពេលនោះជាការបញ្ចប់នៃជម្លោះស៊ីវិល ដែលអូសបន្លាយពេលវេលា និងការចាប់ផ្តើមដំណើររបស់កម្ពុជាឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ ហើយតួនាទី និងឥទ្ធិពលរបស់គណបក្សប្រឆាំងមានការវិវឌ្ឍគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលជាច្រើនទស្សវត្សរ៍ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរកាន់តែទូលំទូលាយនៅក្នុងសក្ដានុពលនយោបាយរបស់ប្រទេស ប៉ុន្តែជោគវាសនារបស់គណបក្សប្រឆាំង គឺសិ្ថតនៅក្នុងភាពមិនច្បាស់លាស់ ហើយកាន់តែចុះខ្សោយ ។
ការបោះឆ្នោតឆ្នាំ១៩៩៣ ៖ យុគសម័យមាសរបស់គណបក្សប្រឆាំង
ការបោះឆ្នោតឆ្នាំ១៩៩៣ ជាពេលវេលាដ៏មានអត្ថន័យសម្រាប់កម្ពុជា ។ គណបក្សប្រឆាំងដែលតំណាងដោយគណបក្សហ្វ៊ុនស៊ិនប៉ិច ដឹកនាំដោយសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ បានទទួលអាសនៈច្រើនជាងគេ នៅក្នុងរដ្ឋសភាតែថ្វីត្បិតតែគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានភាពជោគជ័យ ក្នុងការបោះឆ្នោតក៏ដោយក៏ការរៀបចំចែករំលែកអំណាចមួយត្រូវបានសម្របសម្រួលជាមួយគណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលបណ្តាលឱ្យមាននាយករដ្ឋមន្ត្រីពីរប្លែកពីគេ នៅលើពិភពលោក ។
ការសម្រុះសម្រួលនៃនយោបាយបែបនេះ គឺជាការកត់សម្គាល់នៃការចាប់ផ្តើមនូវទំនាក់ទំនងដ៏ស្មុគស្មាញរវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងនៅកម្ពុជា ។
ការកើនឡើង និងការដួលរលំនៃគណបក្សហ្វ៊ុនស៊ិនប៉ិច
ពេញមួយទសវត្សរ៍១៩៩០ និងដើមទសវត្សរ៍នៃឆ្នាំ ២០០០ ហ្វ៊ុនស៊ិនប៉ិចនៅតែជាកម្លាំងប្រឆាំងដ៏សំខាន់របស់ប្រទេស ប៉ុន្តែទោះជាយ៉ាងណា ការបែកបាក់ផ្ទៃក្នុង និងការចោទប្រកាន់ពីអំពើពុករលួយបក្សពួកនិយម បានធ្វើឲ្យគណបក្សចុះខ្សោយ ។ នៅពាក់កណ្តាលទស្សវត្សរ៍ឆ្នាំ ២000 ឥទ្ធិពលរបស់គណបក្សហ្វ៊ុនស៊ិនប៉ិចបានធ្លាក់ចុះ ហើយគណបក្សប្រជាជនក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានបង្រួបបង្រួមអំណាចសឹងតែពេញទំហឹងនៅពេលនោះ ។ ភាពទន់ខ្សោយរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច បានលើកឡើងពីបញ្ហាប្រឈមរបស់គណបក្សប្រឆាំងក្នុងការរក្សាភាពស្អិតរមួត និងភាពពាក់ព័ន្ធនៅក្នុងឆាកនយោបាយរបស់កម្ពុជា ។
នៅក្នុងដំណើរធ្លាក់ចុះរបស់គណបក្សហ្វ៊ុន ស៊ិនប៉ិច បានធ្វើអោយមានការកកើតគណបក្សប្រឆាំងផ្សេងទៀត គឺគណបក្សសម រង្ស៊ី ដឹកនាំដោយលោក សម រង្ស៊ី និង គណបក្ស សិទ្ធិមនុស្សដែលដឹកនាំដោយ លោក កឹម សុខា ។
ការកើតឡើងនៃគណបក្សសង្គ្រោះជាតិ (CNRP)
នៅឆ្នាំ២០១២ យុគសម័យថ្មីសម្រាប់គណបក្សប្រឆាំងបានចាប់ផ្តើមជាមួយនឹងការបង្កើតគណបក្សសង្គ្រោះជាតិ (CNRP) ដែលជាការរួមបញ្ចូលគ្នារវាងគណបក្ស សម រង្ស៊ី ដែលបែកចេញពីគណបក្សហ្វ៊ុនស៊ីនប៉ិច និងគណបក្សសិទ្ធិមនុស្សដែលដឹកនាំលោក កឹម សុខា ។ ក្រោមការដឹកនាំដោយឥស្សរៈជននយោបាយ សម រង្ស៊ី និងលោក កឹម សុខា ដែលសុទ្ធតែធ្លាប់រស់នៅក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជា ហើយប្រែប្រួលនិន្នការនយោបាយមកប្រឆាំង និងជាសកម្មជនសិទ្ធមនុស្សផងនោះ គណបក្សសង្គ្រោះជាតិ ទទួលបានភាពទាក់ទាញយ៉ាងឆាប់រហ័សក្នុងចំណោមអ្នកបោះឆ្នោតដែលខកចិត្តនឹងការបរាជ័យរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច ។
ការបោះឆ្នោតជាតិឆ្នាំ ២០១៣ ឃើញថា គណបក្សសង្គ្រោះជាតិ ទទួលបានផលច្រើន ដោយទទួលបាន ៥៥ អាសនៈ ក្នុងចំណោម១២៣អាសនៈក្នុងរដ្ឋសភា ។ ជោគជ័យនេះបានបង្ហាញពីសមត្ថភាពរបស់បក្សប្រឆាំងក្នុងការប្រមូលការគាំទ្រ និងប្រជែងឈានឆ្ពោះទៅរកមាគ៌ានៃអំណាច ។ គណបក្សប្រជាជនកម្ពុជា នៅពេលនោះ ក៏បានមើលឃើញពីភាពចុះខ្សោយរបស់ខ្លួនខ្លះ ហើយក៏បានសម្របសម្រួលនយោបាយ ច្រើន ជាមួយនឹងគណបក្សសង្គ្រោះជាតិ ។
ដំណាក់កាលនៃការតស៊ូនយោបាយ និងការរលំរលាយនៃគណបក្សប្រឆាំងពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧
ក្រោយការបោះឆ្នោតនាឆ្នាំ២០១៣ ភាពតានតឹងផ្នែកនយោបាយនៅកម្ពុជាកើនឡើងដោយបង្ហាញនូវជំហរដ៏រឹងមាំរបស់គណបក្សសង្គ្រោះជាតិ ។ ស្ថានភាពគណបក្សប្រឆាំងនៅពេលនោះ មានភាពក្លាហាន ឈានទៅដល់ការតវ៉ាទ្រង់ទ្រាយធំ និងការទាមទារឱ្យមានកំណែទម្រង់ការបោះឆ្នោតរហូតដល់គណបក្សប្រជាជនកម្ពុជាបានយល់ព្រមឆ្លើយតបដោយការរួមគ្នាជាសម្បទាន និងការអនុវត្តគោលនយោបាយក្តៅបំផុត ។ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានបង្ហាញជំហរធ្វើការរួមគ្នា ដើម្បីកំណែទម្រង់ជាតិ ប៉ុន្តែដំណាក់កាលល្អូកល្អើនខ្លី ហើយសង្គ្រាមវោហាស័ព្ទបានកើតឡើងជាថ្មីចុងក្រោយ លោក សម រង្ស៊ី ភៀសខ្លួនចេញក្រៅប្រទេសហើយនៅឆ្នាំ២០១៧ លោក កឹម សុខា ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទក្បត់ជាតិ ហើយក្រោយមកនៅឆ្នាំនោះ គណបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយអំណាចសាលក្រមតុលាការកំពូល ។ ចំណាត់ការនេះបានឈានទៅដល់ការរលំរលាយ គណបក្សប្រឆាំងធំមួយប្រកបដោយប្រសិទ្ធភាព ដោយអនុញ្ញាតឱ្យគណបក្សប្រជាជនគ្រប់គ្រងការបោះឆ្នោតជាតិឆ្នាំ ២០១៨ ដោយមិនមានការប្រកួតប្រជែងខ្លាំងដ៏សាកសមឡើយ ។
យុគសម័យមាសរបស់គណបក្សកាន់អំណាច
ចាប់តាំងពីការរំលាយគណបក្សសង្គ្រោះជាតិមកបរិយាកាសនយោបាយនៅក្នុងប្រទេសកម្ពុជាមិនស្ងប់ស្ងាត់ទេ ដោយក្រុមអ្នកនយោបាយនិរទេសខ្លួនបន្តប្រើប្រាស់បណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយ ដែលរស់ដោយមូលនិធិពីបច្ចឹមប្រទេស ក្រឡុកសភាពការណ៍ផ្ទៃក្នុង ហើយគណបក្សប្រឆាំងថ្មីមួយចំនួននៅតែបន្តចាប់កំណើត គ្រាន់តែពន្លកនៃគណបក្សប្រឆាំងទាំងនោះមិនអាចដុះលូតលាស់បានល្អឡើយ ។ អតីតសមាជិកបក្សប្រឆាំងជាច្រើននាក់បានភៀសខ្លួនចេញពីប្រទេស ឬប្រឈមនឹងការប្រឈមផ្លូវច្បាប់ ។
ទោះបីជាមានឧបសគ្គទាំងនេះក៏ដោយ ក៏ឥស្សរជន និងសកម្មជនគណបក្សប្រឆាំងបានបន្តជំរុញឱ្យមានកំណែទម្រង់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សពីបរទេស និងក្នុងប្រទេស ។ សហគមន៍អន្តរជាតិបានសម្តែងការព្រួយបារម្ភចំពោះការលុបបំបាត់លំហប្រជាធិបតេយ្យនៅកម្ពុជា ដោយមានការអំពាវនាវឲ្យមានការស្ដារប្រព័ន្ធពហុបក្សឡើងវិញ ។ ប៉ុន្តែ គណបក្សប្រជាជនកម្ពុជាយល់ថាអ្វីៗបង្កឡើងដោយមេដឹកនាំប្រឆាំង គឺជាទិដ្ឋភាពច្បាប់ហើយមិនមែនជាការជាន់ពន្លិចប្រជាធិបតេយ្យដូចដែលសហគមន៍អន្តរជាតិចោទប្រកាន់ឡើយ ។ មកដល់ពេលបច្ចុប្បន្ននេះ គណបក្សប្រជាជននៅតែបន្តដឹកនាំយ៉ាងរឹងមាំ ។
ស្ថានភាពរបស់គណបក្សប្រឆាំងនៅពេលបច្ចុប្បន្ន
នៅចំពោះមុខវិធានការតឹងរ៉ឹងរបស់គណបក្សកាន់អំណាចប្រឆាំងនឹងសកម្មភាពខុសច្បាប់របស់គណបក្សនិងអ្នកប្រឆាំងនានា ជីបចរនៃចលនាប្រឆាំងនៅកម្ពុជានៅតែបន្តមាននៅឡើយ ប៉ុន្តែមានសភាពខ្សោយទៅៗ ដែលពិបាកនឹងប្រឈម និងយកឈ្នះជាមួយគណបក្សប្រជាជនកម្ពុជាដែលកាន់តែពង្រឹងខ្លួនក្នុងគ្រប់របត់នយោបាយ ។
ជីបចរនៃចលនានយោបាយប្រឆាំងនៅសេសសល់ ហើយបានបន្តដំណើរដល់សព្វថ្ងៃ ។ ជីពចរនោះ គឺនៅសេសសល់ដោយក្រុមអ្នកនយោបាយនៅក្នុងគណបក្សភ្លើងទៀន ដែលជាគណបក្សធ្លាប់បង្កើតឡើងដោយលោក សម រង្ស៊ី ។ គណបក្សនេះ មានបញ្ហាពាក់ព័ន្ធនឹងច្បាប់មិនអាចចូលរួមការបោះឆ្នោតក៏ត្រូវសមាជិកនៅក្នុងគណបក្សបែកចេញជាគណបក្សជាច្រើន ប៉ុន្តែគណបក្សដែលលេចធ្លោរនោះ គឺគណបក្សឆន្ទះខ្មែរ ដែលអាចដណ្តើមបានអសនៈព្រឹទ្ធសភា២កៅអីផងដែរ ហើយ និងគណបក្សកម្លាំងជាតិ ។ ពន្លកនៃគណបក្សប្រឆាំងទាំងពីរនេះក៏នៅមិនអាចបង្រួមសំឡេងតែមួយបាននៅឡើយ ដោយគណបក្ស ឆន្ទះខ្មែរហាក់ មាននិន្នាការសម្របសម្រួលខ្លះ ដោយឡែកគណបក្សកម្លាំងជាតិ គឺហាក់មាននិន្នាការប្រឆាំងខ្លាំង ។
មាគ៌ាឆ្ពោះទៅអនាគត
អនាគតនៃនយោបាយបក្សប្រឆាំងនៅកម្ពុជានៅតែមិនប្រាកដប្រជា ក្រោមការក្តោបក្តាប់អំណាចយ៉ាងតឹងរឹងរបស់គណបក្សកាន់អំណាចដែលពោរពេញដោយអ្នកដែលមានបទពិសោធន៍ និងការអប់រំចម្រុះដែលអាចឲ្យគណបក្សនេះបន្តគូសវាស និងកំណត់នូវជោគវាសនាក៏ដូចជាខ្សែបន្ទាត់នយោបាយប្រកបដោយយុទ្ធសាស្ត្រដ៏ស៊ីជម្រៅចាក់ចំបញ្ហា ផ្ទៃក្នុង និងមូលដ្ឋាននៅក្នុងប្រទេស ព្រមទាំងមានភាពធនហើយប៉ិនប្រសព្វ ដើម្បីទប់ក៏ដូចជាសម្របសម្រួលនឹងសំពាធនយោបាយក្រៅប្រទេសយ៉ាងប៉ិនប្រសព្វ ។
គណបក្សប្រឆាំងប្រសិនបើចង់ឲ្យជីពចរនៃជីវិតនយោបាយរបស់ខ្លួនអាចបន្ត និងមានចលនាធំធាត់មានសុខភាពនយោបាយប្រសើរឡើងវិញនោះ ចាំបាច់ត្រូវតែមានឆន្ទះនៃការសម្របសម្រួល ហើយរករូបមន្តក៏ដ៏ជាយុទ្ធសាស្ត្រនយោបាយមួយកណ្តាលមួយ ជាមួយនឹងគណបក្សកាន់អំណាច ដើម្បីរក្សាជោគវាសនានៃលទ្ធិប្រជាធិបតេយ្យនៅតែទៅមុខ ហើយប្រទេសជាតិនៅតែបន្តអភិវឌ្ឈន៍ ៕
ចែករំលែកព័តមាននេះ