រាជធានីភ្នំពេញ ៖ បុរសជាជនពិការ និងអនាថាម្នាក់ ស្នាក់អាស្រ័យនៅក្នុងវត្តតាំងក្រសាំងខាងជើង បានរអិលជើងដាច់ផ្ញារធ្លាក់ចូលស្រះទឹក លិចបាត់រកពុំទាន់ឃើញ ។
ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ០៥និង៥៥នាទីល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងវត្តតាំងក្រសាំងខាងជើង ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះ ដែលបានលង់ទឹករូបនោះ ឈ្មោះសុខ វណ្ណះ អាយុជាង៣០ឆ្នាំ ជាជនពិការស្វិតជើងខាងស្តាំ និងជាជនអនាថា ស្នាក់នៅសាលាបាលី ក្នុងវត្តកន្លែងកើតហេតុ និងមានស្រុកកំណើតនៅខេត្តកំពង់ចាម ។
តាមសាក្សី បានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញជនពិការរូបនោះ បានមកអង្គុយលេងទូរសព្ទលើខឿនមាត់ស្រះទឹក ក្បែរស្លាកឈ្មោះ ហើយក៍បានរអិលជើង ដាច់ផ្ញារទៅក្រោយ ធ្លាក់ទឹកលិចបាត់ខ្លួន ។
តាមព័ត៌មាន អោយដឹងទៀតថា មុនដំបូងមានមនុស្ស២នាក់ បានឃើញហើយពុំហ៊ានចុះជួយឡើយ ។ ក្រោយមក គេឃើញជនរងគ្រោះអណ្តែតទៅកណ្តាល ហែលទឹកខ្វៃ រួចក៍៏លិចបាត់ទៅវិញភ្លាមៗ បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយប្រជាពលរដ្ឋនាំគ្នា ជួយរាវរក តែពុំទាន់ឃើញឡើយ ។
តាមព័ត៌មានដឹងថា ជនរងគ្រោះជាជនអនាថា និងពិការ រូបនេះ ដើមឡើយគាត់បានមកស្នាក់អាស្រ័យ នៅក្នុងចេតីយ៍ ហើយ ត្រូវបានព្រះសង្ឃ ហៅអោយទៅស្នាក់នៅក្នុងសាលាបាលី រស់នៅដោយសារការអាណិតអាសូរពីពុទ្ធបរិស័ទ និងដើរសុំទាន តែអកុសល ក៍បានជួបគ្រោះថ្នាក់លង់ទឹកស្លា.ប់បែបនេះ ។
គួរបញ្ជាក់ថា ស្រះទឹកវត្តតាំងក្រសាំងខាងជើងនេះ មានជម្រៅ ប្រមាណ៥ម៉ែត្រ ។ កន្លងមក ធ្លាប់ព្រះសង្ឃមួយ១អង្គ ក៍បានលង់ទឹកលិចបាត់ រហូតដល់អណ្តែត ទើបបង្កអោយមានការភ្ញាក់ផ្អើល ហើយលើកនេះជនពិការម្នាក់ទៀត ក៍បានលង់ទឹកលិចបាត់ រកសពពុំទាន់ឃើញ នៅឡើយ ៕
ចែករំលែកព័តមាននេះ