ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី ៖ រាជរដ្ឋាភិបាល មិន​ដែល​បាន​ផ្តល់​អាជ្ញា​បណ្ណ​ឱ្យ​រថយន្ត​តាក់ស៊ី​អគ្គិសនី ពី​វៀតណាម មក​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​ទេ

6 ខែ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចេញ​មក​បញ្ជាក់​ច្បាស់​ៗ​ថា រាជរដ្ឋាភិបាល មិន​ដែល​បាន​ផ្តល់​អាជ្ញា​បណ្ណ ឱ្យ​រថយន្ត​តាក់ស៊ី​អគ្គិសនី…

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចេញ​មក​បញ្ជាក់​ច្បាស់​ៗ​ថា រាជរដ្ឋាភិបាល មិន​ដែល​បាន​ផ្តល់​អាជ្ញា​បណ្ណ ឱ្យ​រថយន្ត​តាក់ស៊ី​អគ្គិសនី ពី​ប្រទេស​វៀតណាម ឬ​បរទេស មក​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​ទេ ខណៈ​សម្តេច​ឱ្យ​ក្រុម​មនុស្ស​មួយ​ចំនួន​តូច ដែល​កំពុង​បំភ្លៃ​ការ​ពិត ហើយ​មាន​ចេតនា យក​ព័ត៌មាន​មិន​ពិត​នេះ ដើម្បី​ប្រមូលផ្តុំ​មនុស្ស​ធ្វើ​បាតុកម្ម ប្រឆាំង​រដ្ឋាភិបាល សូម​ស្តាប់​ឱ្យ​បាន​ច្បាស់ “​កុំ​ចេះ ប៉ុន្តែ​ធ្វើ​ល្ងង់​” ។

ការ​ចេញ​មក​បញ្ជាក់​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ខាងលើ​នេះ ធ្វើ​ឡើង ដើម្បី​ឆ្លើយ​តប ទៅ​នឹង​ការ​ផ្សាយ​របស់ VOD Khmer ដែល​បាន​ផ្សាយ​ថា “​កម្ពុជា​សម្រេច​ឱ្យធ្វើ​អាជីវកម្ម​យានយន្ត​អគ្គិសនី ក្រោយ​វៀតណាម​ស្នើ​សុំ​” ។

តាម​អ្វី ដែល​សម្តេច​លើក​ឡើង​នេះ បន្ទាប់​ពី​មានការ​ផ្សាយ​របស់ VOD Khmer ហើយ​នោះ ស្រាប់តែ​មាន​ចលនា​ថ្មី​មួយ ពី​សំណាក់​ក្រុម​មនុស្ស ដែល​ចូល​ចិត្ត​កេង​ចំណេញ​នយោបាយ និង​មាន​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​មាន​បំណង​ប្រមូលផ្តុំ​មនុស្ស ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល ។

យោង​តាម​សារ​សំឡេង​ពិសេស របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នា​រសៀល​ថ្ងៃ​ទី​១៣ ខែ​ក​ក្ដ​ដា ឆ្នាំ​២០២៤ ពោល​ក្នុងអំឡុង​ពេល ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម កំពុង​ទស្សនកិច្ច​នៅ​កម្ពុជា​នេះ សម្តេច​ធិ​បតី បាន​មាន​ប្រសាសន៍​ថា “​ជូន​បងប្អូន​ជនរួមជាតិ​ទាំងអស់ ជា​ពិសេស​បងប្អូន​អ្នក​រត់​ម៉ូតូឌុប រ​ម៉ក​កង់​បី នៅ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឱ្យ​បាន​ជ្រាប ខ្ញុំ​ទើបតែ​ទទួល​បាន​ព័ត៌មាន ពី​ប្រភព​ច្បាស់ការ​មួយ​ថា មាន​មនុស្ស​មួយ​ក្រុម​តូច បាន​កំពុងធ្វើការ​គៀ​គរ បងប្អូន​អ្នក​រត់​ម៉ូតូឌុប រ​ម៉ក​កង់​បី ​ដើម្បី​ធ្វើ​បាតុកម្ម ប្រឆាំង​ជាមួយ​រដ្ឋាភិបាល ដែល​ចោទ​ថា រដ្ឋាភិបាល បាន​អនុញ្ញាតិ ឱ្យ​ក្រុមហ៊ុន​រថយន្ត រត់​តាក់ស៊ី​អគ្គិសនី​វៀតណាម ចិន មក​បើក​ធ្វើ​អាជីវកម្ម​តាក់ស៊ី នៅ​កម្ពុជា ខ្ញុំ​បាន​បញ្ជាក់​បញ្ហា​នេះ​ច្បាស់​រួច​ហើយ នៅ​ក្នុង​ពេល​កន្លង​ទៅ រួម​ទាំង​មាន​ស​ន្ទ​រក​ថា ​របស់ខ្ញុំ​ផ្សាយ​ផ្ទាល់ នៅ​ក្នុង​ពេល​ខ្ញុំ​ជួប​ប្រជាពលរដ្ឋ​ខ្មែរ នៅ​ប្រទេស​ជប៉ុន កាលពី​ថ្ងៃ​ទី​១៦ ខែធ្នូ ២០២៣​កន្លង​ទៅ​នេះ ដែល​ខ្ញុំ​បាន​បញ្ជាក់​ច្បាស់​ៗ​ថា រាជរដ្ឋាភិបាល មិន​ដែល​បាន​ផ្តល់​អាជ្ញា​បណ្ណ​ឱ្យរ​ថយ​ន​ម្ត​តាក់ស៊ី​អគ្គិសនី ពី​ប្រទេស​វៀតណាម ឬ​បរទេស មក​ធ្វើ​អាជីវកម្ម​មក​កម្ពុជា​ទេ ហើយ​កម្ពុជា មិន​ទាន់​មាន​តម្រូវការ ឱ្យ​ក្រុមហ៊ុន​បរទេស មក​ធ្វើការ​វិនិយោគ ដើម្បី​ធ្វើ​ក្រុមហ៊ុន​តាក់ស៊ី​អគ្គិសនី​នៅ​កម្ពុជា​ទេ​” ។

ក្នុង​សារ​សំឡេង​នេះ សម្តេច​ធិ​បតី បាន​បញ្ជាក់​ថា “​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ ពេល​នេះ ត្រូវ​តែ​យកចិត្តទុកដាក់ ក្នុង​ការ​ជួយ​ដល់​បងប្អូន​កំពុង​ប្រក​របរ​រត់​ម៉ូតូឌុប រត់រ​ម៉ក​កង់​បី នៅ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នេះ​ឱ្យ​បាន​ល្អ​ប្រសើរ​” ​។

ជាមួយ​គ្នា​នេះ សម្តេច​នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា “​ខ្ញុំ​សូម​ជូន​ព័ត៌មាន​នេះ ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​បាន​ជ្រាប ជា​ពិសេស​បងប្អូន ​ដែល​កំពុង​ប្រកប​របរ​រត់​ម៉ូតូឌុប រ​ម៉ក​កង់​បី​ឱ្យ​បាន​ជ្រាប និង​កុំ​ជឿ​តាម​ការ​ញុះញង់ របស់​ក្រុម​មនុស្ស​មួយ​ក្រុម​តូច ខ្ញុំ​សូម​បញ្ជូន​សារ​នេះ ទៅ​ក្រុម​មនុស្ស​មួយ​ចំនួន​តូច​នោះ ដែល​កំពុង​បំភ្លៃ​ការ​ពិត ហើយ​មាន​ចេតនា យក​ព័ត៌មាន​មិន​ពិត​នេះ ដើម្បី​ប្រមូលផ្តុំ​មនុស្ស​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល សូម​អស់លោក​ស្តាប់​ឱ្យ​បាន​ច្បាស់ កុំ​ចេះ ប៉ុន្តែ​ធ្វើ​ល្ងង់ ដើម្បី​កេង​ចំណេញ ផលប្រយោជន៍​នយោបាយ​របស់​អស់លោក ហើយ​បើ​អស់លោក​នៅ​តែ​បន្តសកម្មភាព យក​ព័ត៌មាន​ដែល​បំភ្លៃ​ការ​ពិត​នេះ ធ្វើ​ជា​កម្មវត្ថុ​សម្រាប់​ប្រើប្រាស់​ក្នុង​ចេតនា​អាក្រក់ តាម​រយៈ​ប្រមូលផ្តុំ​មនុស្ស​ធ្វើ​បាតុកម្ម អស់​លោ និង​ត្រូវ​ទទួលខុសត្រូវ ចំពោះ​មុខ​ច្បាប់ រាជរដ្ឋាភិបាល មិន​អាច​ឱ្យ​អស់លោក​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត ជា​ពិសេស​សកម្មភាព គ្មាន​សុច្ចរិត​ភាព ដែល​នាំ​ឱ្យ​បំផ្លាញ​សណ្តាប់ធ្នាប់​សង្គម ដើម្បី​កេង​ចំណេញ​ផលប្រយោជន៍​នយោបាយ​របស់​អស់លោក​នោះ​ទេ​” ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ