ខេត្តស្ទឹងត្រែង ៖ ឆ្នាំ២០២៤នេះ ដើម្បីបែកចាយទៅកសិករចិញ្ចឹមត្រីធ្វើការពង្រីកវារីវប្បកម្មលក្ខណៈគ្រួសារឈានទៅរួមគ្នាកាត់បន្ថយការធ្វើនេសាទត្រីធម្មជាតិ នៅតាមទន្លេមេគង្គឱ្យមកនៅកម្រិតទាប យើងនិងខិតខំភ្ញាស់កូនត្រីចំនួន៤ប្រភេទទៀត ។ នេះបើតាមការលើកឡើងរបស់មន្ត្រីបច្ចេកនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្គលើស្ទឹងត្រែង ។ មជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្គលើ មានទីតាំងស្ថិតនៅចំណុចអូរខ្លុង ភូមិសាមឃួយ ឃុំសាមឃួយ ស្រុកសេសាន ។
ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្គលើស្ទឹងត្រែង លោកប៊ុន រ៉ាស៊ី បញ្ជាក់ថា បច្ចុប្បន្ន មជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្កលើមានកូនត្រីសម្រាប់ចិញ្ចឹមចំនួន១១ប្រភេទដែលយើងភ្ញាស់បាន ក្នុងនោះ រួមមាន៖ ត្រីអណ្តែងអាព្រិច ត្រីខ្យា ត្រីទីឡាព្យា ត្រីអណ្តែងទន់ ត្រីប្រាត្រីពោ ត្រីកែ ត្រីព្រលូង ត្រីឆ្ពិន ត្រីក្រាញ់ និងត្រីក្រហែ ។
ក្រោយលទ្ធផលភ្ញាស់ និងចិញ្ចឹមបានជោគជ័យមជ្ឈមណ្ឌលបានលែងទៅក្នុងបឹងធម្មជាតិ៦ម៉ឺនក្បាល ក្នុងមួយឆ្នាំផងដែរ ។ លោកបន្តថា ក្នុងចំណោមត្រីជាង១០ប្រភេទនេះ មានត្រី៤ប្រភេទ កំពុងដំណើរការលក់កូនជូនកសិករចិញ្ចឹមបន្តនៅក្នុងខេត្ត និងនៅតាមបណ្តាខេត្តផ្សេងៗទៀត ទៅតាមតម្រូវការ ។
នាយខណ្ឌជលផលខេត្តលោក ស្រី សំវិចិត្រ បានបញ្ជាក់ថា ក្រុមបច្ចេកទេសខណ្ឌលជលផលក៏បានត្រៀមផ្តល់បច្ចេកទេសចិញ្ចឹមត្រី ទៅបងប្អូនផ្នែកវ៉ារីវប្បកម្មឱ្យបានច្រើនគ្រួសារ ដើម្បីយើងចូលរួមគ្នាអភិរក្សធនធានមច្ឆជាតិធម្មជាតិមេគង្គ ឱ្យវាកាន់តែសម្បូរបែបឡើង ព្រោះនៅប៉ែកខាងលើ ជាតំបន់សំបុកត្រីពងកូន។
លោកឱ ឌុំ ជាកសិករមួយរូបដែលបានចាប់យករបរចិញ្ជឹមត្រីនៅសង្កាត់ព្រះបាទបានចាត់ទុកថា៖ នេះជាយុទ្ធវិធីជំរុញដល់ផ្នែកវារីវប្បកម្ម កាន់តែមានកាលានុវត្តភាព ទទួលបានជោគជ័យ ព្រោះ យើងមានទីតាំងវារីវប្បកម្មទំនើបភ្ញាស់កូនត្រីប្រកបដោយស្តង់ដា ។
លោកបន្តថា នេះជាផ្តល់លទ្ធភាពរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបង្កើតឱ្យមានមជ្ឈមណ្ឌលស្រាវជ្រាវឡើងនៅខេត្តស្ទឹងត្រែង ដែលភ្ញាស់កូនពូជបានគ្រប់គ្រាន់ សម្រាប់ផ្តល់មកក្រុមវារីវប្បកម្មទិញយកទៅចិញ្ចឹមដោយមិនបាច់ចំណាយពេលវេលានិងថវិកាទៅទិញពីបណ្តាខេត្តផ្សេងៗ និងប្រទេសជិតខាងទៀតទេ ។
ចែករំលែកព័តមាននេះ