ខេត្តកោះកុង ៖ នៅបាំងតែមួយខែទៀតប៉ុណ្ណោះ អាកាសយានដ្ឋានអន្ដរជាតិ «តារាសាគរ» ខេត្តកោះកុង ដែលធ្លាប់ត្រូវបានពន្យារពេលក្នុងការដាក់ឲ្យដំណើរការទទួលជើងហោះហើរ អស់រយៈ៣ឆ្នាំមកហើយ និងចំណាយពេលសាងសង់ជាង៨ឆ្នាំនោះ កំពុងត្រៀមខ្លួនទទួលជើងហោះហើរ ក្នុងស្រុកជាលើកដំបូងរបស់ខ្លួនដែលអនុវត្តឱ្យប្រជាពលរដ្ឋខ្មែរក៏ដូចភ្ញៀវទេសចរជាជម្រើសថ្មីតាមផ្លូវអាកាស ដើម្បីទៅកាន់ខេត្តកោះកុង ក្រៅពីធ្វើដំណើរតាមផ្លូវគោកដែលមានផ្លូវជាតិលេខ៧៨ និងផ្លូវជាតិលេខ១០ ដែលគ្រោងសាងសង់រួចរាល់នៅដើមឆ្នាំក្រោយ ។
តាមការអះអាងពីលោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរនឹងបើកដំណើរក្នុងកម្រិតបឋមសម្រាប់ប្រតិបត្តិការហោះហើរ ក្នុងស្រុកលក្ខណៈទ្រង់ទ្រាយតូច ហើយក្នុងករណីក្រុមហ៊ុនមានគោលបំណងចង់ប្រតិបត្តិការហោះហើរលក្ខណៈអន្តរជាតិត្រូវស្នើសុំវិញ្ញាបនបត្រពីអាកាសចរណ៍ស៊ីវិលជាចាំបាច់ ។
លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី អគ្គនាយកនៃអាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង បានបញ្ជាក់ថា កាលបរិច្ចេទដែលទទួលបានការឯកភាពពីសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី គឺថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ សម្រាប់ការហោះហើរជាលើកដំបូង ។
អគ្គនាយកនៃអាកាសយានដ្ឋានអន្តរជាតិតារាសាគរបានបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រុមការងារបច្ចេកទេសបានចុះទៅត្រួតពិនិត្យជាក់ស្តែងពីលទ្ធភាពក៏ដូចជា ហេដ្ឋារចនាសម្ព័ន្ធនានានៅអាកាសយានដ្ឋានតារាសាគរ សម្រាប់បម្រើការហោះហើរក្នុងស្រុកដែលការហោះហើរក្នុងស្រុកមិនតម្រូវការបច្ចេកទេសខ្ពស់ដូចការហោះហើរជាលក្ខណៈអន្តរជាតិឡើយ ខណៈនីតិវិធីផ្លូវច្បាប់អាកាសចរណ៍ស៊ីវិលអន្តរជាតិ ក្រុមហ៊ុនក៏កំពុងរៀបចំដែលនឹងរួចរាល់នាពេលឆាប់ៗខាងមុខ ។
គួរកត់សម្គាល់ថា គម្រោងដាក់ឲ្យហោះហើរជំហានដំបូងសម្រាប់អាកាសចរក្នុងស្រុកក្នុងកាលបរិច្ចេទ ០៨ សីហា ២០២៤ ក្រោយពីហេដ្ឋារចនាសម្ព័ន្ធនៅអាកាសយានដ្ឋានតារាសាគរ ដែលមាន៣ផ្នែកធំៗក្នុងនោះផ្លូវរត់ និងចំណតយន្តហោះបានបញ្ចប់សាងសង់ ១០០%, ប្រព័ន្ធនាំផ្លូវចុះចត និងវិទ្យុទាក់ទងជាមួយយន្តហោះក៏រួចរាល់១០០% ដែលមិនទាន់ហើយ គឺអគារទទួលអ្នកដំណើរ (Terminal) ទើបសម្រេចបានប្រហែល៩០ភាគរយ ដែលកំពុងឈានទៅបញ្ចប់ក្នុងពេលឆាប់ៗ ។
គួរកត់សម្គាល់ថា គម្រោងសាងសង់ «អាកាសយានដ្ឋានតារាសាគរ»ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង ជាការវិនិយោគដោយក្រុមហ៊ុនចិន Union Development Group ក្នុងទំហំទឹកប្រាក់ប្រមាណជាង២០០លានដុល្លារអាមេរិក (៣០០លានដុល្លារសម្រាប់ Phase 1 and Phase 2) លើផ្ទៃដី២១៨ ហិចតា និងមានដីបំរុងទុកជិត១.០០០ហិកតា ។ គម្រោងសាងសង់នេះបានចាប់ដំណើរការ កាលពីថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០១៦ ។ អាកាសយានដ្ឋាននៃខេត្តជាប់សមុទ្រភូមិភាគនិរតីថ្មីមួយនេះ មានផ្លូវយន្តហោះចុះប្រវែង៣២០០ម៉ែត្រ ទទឹង៦០ម៉ែត្រ ដែលអាកាសយានដ្ឋាននេះមានសមត្ថភាពទទួលការចុះចតប្រភេទយន្តហោះលំដាប់ 4E បានដូចជា យន្តហោះប្រភេទ Boeing-777 និង Airbus A-340/A-350ជាដើម ។
លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ធ្លាប់បានអះអាងពីគុណប្រយោជន៍ដ៏ធំធេងនៃព្រលានយន្តហោះអន្តរជាតិតារាសាគរថា ជាមោទនភាពរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តកោះកុង ព្រោះក្រោយពីបើកឱ្យដំណើរទទួលជើងហោះហើរ វានឹងផ្ដល់ផលប្រយោជន៍ជាច្រើន ដល់វិស័យទេសចរណ៍ វិស័យវិនិយោគ ការដឹកជញ្ជូនទូទៅ ជាពិសេសការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែមានភាពងាយស្រួល និងចំណេញពេលវេលា ៕ អត្ថបទ៖អោម ចែតច័ន្ទណារ៉ា
ចែករំលែកព័តមាននេះ