អាជ្ញាធរអគ្គិសនីកម្ពុជា អំពាវនាវដល់ពលអ្នកប្រើប្រាស់ឋាមពលអគ្គិសនីតាមរយៈបន្ទះសូឡាសុំច្បាប់អនុញ្ញាត ដើម្បីអោយមានភាពស្របច្បាប់ ដោយបញ្ជាក់ថា អ្នកមិនសុំច្បាប់អាចនឹងត្រូវបង់ថ្លៃពិន័យខ្ពស់ ។
នៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនចុះថ្ងៃទី៥ ខែសីហា អាជ្ញាធរអគ្គិសនីបានសរសេរថា អ្នកប្រើប្រាស់អគ្គិសនី ដែលបានដំឡើងសូឡាលើដំបូល ដើម្បីប្រើប្រាស់អគ្គិសនីថាមពលពន្លឺព្រះអាទិត្យ ហើយពុំទាន់បានសុំការអនុញ្ញាត ឬធ្វើស្វ័យប្រកាសពីការប្រើប្រាស់របស់ខ្លួន ត្រូវធ្វើស្វ័យប្រកាសបញ្ជាក់ពីការប្រើប្រាស់សូឡារបស់ខ្លួនត្រឹមថ្ងៃទី១៥ ខែសីហា ខាងមុខនេះ។
សេចក្តីជូនដំណឹងនោះ បាននិយាយបន្តទៀតថា សម្រាប់អ្នកអ្នកប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ដែលបានធ្វើស្វ័យប្រកាសតាមកាលបរិច្ឆេទកំណត់ខាងលើ ត្រូវបានចាត់ទុកថា ជាអ្នកប្រើប្រាស់មានការអនុញ្ញាត ។
ចំពោះអ្នកមិនបានធ្វើស្វ័យប្រកាសបញ្ជាក់ពីការប្រើប្រាស់សូឡារបស់ខ្លួន នឹងត្រូវចាត់ទុកថា ប្រើប្រាស់ដោយគ្មានអនុញ្ញាត ហើយត្រូវបង់ថ្លៃប៉ះប៉ូវខ្ពស់ជាងអ្នកប្រើប្រាស់មានការអនុញ្ញាត ឬប្រឈមនឹងការផ្អាកបណ្ដោះអាសន្ននូវការផ្គត់ផ្គង់អគ្គិសនីពីប្រភពបណ្ដាញជាតិ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជានៅថ្ងៃទី៥ ខែកក្កដា ដែលបន្ថែមថា ការធ្វើស្វ័យប្រកាសបញ្ជាក់ពីការប្រើប្រាស់សូឡា គឺនៅទីស្នាក់ការរបស់អាជ្ញាធរអគ្គិសនីកម្ពុជា និងនៅទីស្នាក់ការផ្គត់ផ្គង់អគ្គិសនីឯកជន ឬតាមរយៈ QR Code។
តាមការឆ្លើយតបក្នុងគណនីហ្វេសប៊ុកផ្លូវការ អាជ្ញាធរអគ្គិសនីកម្ពុជាបញ្ជាក់ថា ការធ្វើស្វ័យប្រកាសនេះ មានគោលបំណងឱ្យអ្នកប្រើប្រាស់ដោយខុសច្បាប់ បានចូលមកស្របច្បាប់វិញ្។ លើសពីនេះ ការដាក់ពាក្យស្វ័យប្រកាសមិនតម្រូវឱ្យមានឯកសារអ្វីនោះទេ ដោយគ្រាន់តែបំពេញពាក្យស្នើសុំធ្វើស្វ័យប្រកាសតែប៉ុណ្ណោះ។
ចែករំលែកព័តមាននេះ