ទីក្រុងហាណូយ៖ វៀតណាមឆ្លើយតបទៅនឹងការបញ្ចេញរបាយការណ៍សិទ្ធិមនុស្សរបស់ប្រទេសអាមេរិកកាលពីពេលថ្មីៗនេះអំពីស្ថានភាពសិទ្ធិមនុស្សនៅវៀតណាម។ ជាពិសេស ការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។ លោកស្រីហ្វាមធូហាងជាអ្នកនាំពាក្យវៀតណាមថ្លែងថារដ្ឋាភិបាលរបស់លោកស្រីសូមវាយតម្លៃខ្ពស់ចំពោះប្រទេសអាមេរិកដែលវាយតម្លៃប្រកបដោយភាពសត្យានុម័តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការជួញដូរមនុស្ស។
លោកស្រីឆ្លើយតបទៅរបាយការណ៍ជួញដូរមនុស្សឆ្នាំ២០២៤ដែលចេញផ្សាយដោយក្រសួងការបរទេសអាមេរិកកាលពីថ្ងៃទី២៤ ខែមិថុនា។ ឆ្នាំ២០១១ វៀតណាមកែសម្រួលច្បាប់របស់ខ្លួនដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការជួញដូរមនុស្ស។ តាមរយៈនេះ វៀតណាមស៊ើបអង្កេតកាន់តែទូលំទូលាយទៅលើសំណុំរឿងជួញដូរមនុស្ស។ ចាប់តាំងពីពេលនោះមក វៀតណាមខិតខំពង្រឹងបេសកកម្មចាប់ពីឆ្នាំ២០២១-២០២៥ និងការលើកទិសដៅការងារសម្រាប់ឆ្នាំ២០៣០។ ខាងលើនេះជាការលើកឡើងរបស់លោកស្រីហ្វាមធូហាង។
លោកស្រីថ្លែងបន្តទៀតថាយើងបានប្ដេជ្ញាចិត្តនៅក្នុងរឿងនេះ និងបានផ្ដល់សេវាគាំទ្រចំពោះជនរងគ្រោះដោយសារការជួញដូរមនុស្ស។ វៀតណាម និងអាមេរិកនឹងបន្តសហការគ្នាជិតស្និទ្ធ និងរៀបចំការសន្ទនាគ្នា និងការពិភាក្សាគ្នាដើម្បីវាយតម្លៃសមិទ្ធផលដែលសម្រេចបានរបស់វៀតណាម។ ចំពោះករណីដែលអាមេរិកដាក់វៀតណាមនៅក្នុងបញ្ជីត្រូវពិនិត្យតាមដានពាក់ព័ន្ធនឹងសេរីភាពខាងជំនឿសាសនានោះ លោកស្រីហ្វាមធូហាងសោកស្ដាយមិនគួរអាមេរិកដាក់វៀតណាមនៅក្នុងបញ្ជីនោះទេ។
របាយការណ៍នោះទទួលស្គាល់ថាវៀតណាមមានដំណើរការជឿនលឿនទៅមុខក្នុងការការពារ និងលើកកម្ពស់សេរីភាពខាងជំនឿសាសនា។ ប៉ុន្តែវៀតណាមយល់ថារបាយការណ៍នោះរៀបចំឡើងដោយផ្អែកទៅលើព័ត៌មានដែលមិនសត្យានុម័ត និងគ្មានប្រភពច្បាស់លាស់។ ដូច្នេះ មិនអាចឆ្លុះបញ្ចាំងសភាពការណ៍ពិតនៅវៀតណាមបានឡើយ។ អ្នកនាំពាក្យវៀតណាមយល់ថាសិទ្ធិទាំងនេះបានដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់នានា។ មិនតែប៉ុណ្ណោះបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន។
វៀតណាមត្រៀមជជែកគ្នាជាមួយអាមេរិកពាក់ព័ន្ធនឹងការគោរពផលប្រយោជន៍គ្នាទៅវិញទៅមកប្រកបដោយការបើកចិត្តទូលាយ។ វៀតណាមសូមស្នើសុំឱ្យប្រទេសអាមេរិកធ្វើរបាយការណ៍ឥតលំអៀងដោយផ្អែកលើព័ត៌មានច្បាស់ការណ៍ និងស៊ីជម្រៅអំពីសភាពការណ៍ពិតនៅវៀតណាម។ ម៉្យាងទៀត វៀតណាមសង្ឃឹមថាអាមេរិកនឹងដកវៀតណាមចេញពីបញ្ជីដែលត្រូវសង្កេតតាមដានពាក់ព័ន្ធនឹងសេរីភាពខាងជំនឿសាសនា៕
ចែករំលែកព័តមាននេះ